មនុស្សម្នាក់ៗតែងតែទទួលរងឥទ្ធិពលពីមនុស្សជុំវិញខ្លួន និងមនុស្សដែលខ្លួនគោរពស្រលាញ់ ។ ជាក់ស្តែង សូម្បីតែមហាសេដ្ឋីក៏ដូចគ្នាដែរ ។ ប៉ុន្តែក្នុងករណីខ្លះ ឥទ្ធិពលមួយចំនួនអាចជំរុញទឹកចិត្តមនុស្សម្នាក់ឲ្យសម្រេចបានកិច្ចការធំៗក្នុងជីវិតដែរ ។
និយមន័យភាពជោគជ័យរបស់លោក រ៉ាហ្វវ៉លដូ អេមើសាន់ (Ralph Waldo Emerson) បានជះឥទ្ធិពលយ៉ាងខ្លាំងលើលោកមហាសេដ្ឋី ជេហ្វ បេសូស (Jeff Bezos) ដែលជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក ។ លោកថែមទាំងសរសេរវារួចបិទជាប់នឹងទូរទឹកកករបស់លោកថែមទៀត ។
ក្នុងនោះមាន សំណើច ការគោរព សេចក្តីស្រលាញ់ សម្រស់ សុខភាព សុភមង្គល និងសប្បុរសធម៌ ជាផ្នែកមួយនៃភាពជោគជ័យ ។ ចំណុចទាំងនេះអាចជាលទ្ធផលដែលបានមកពីជីវិតដ៏មានន័យព្រោះតែមនុស្សជ្រើសរើសធ្វើអ្វីដែលពួកគេស្រលាញ់ ។
លោក បេសូស ធ្លាប់បាននិយាយថា «អ្នកមិនជ្រើសរើសការងារដែលអ្នកស្រលាញ់ទេ តែការងារដែលអ្នកស្រលាញ់ជ្រើសអ្នក ។ មនុស្សគ្រប់ៗគ្នាតែងតែមានកិច្ចការដែលខ្លួនស្រលាញ់ ហើយមនុស្សដែលមានសំណាងខ្ពស់ជាមនុស្សដែលធ្វើការងារដែលពួកគេស្រលាញ់ដល់ទីបញ្ចប់» ។
ការធ្វើការដែលខ្លួនស្រលាញ់អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ជាពិសេសគឺវាធ្វើឲ្យមនុស្សមានចិត្តចង់ទៅធ្វើការជារៀងរាល់ថ្ងៃព្រោះវាជាការងារដែលអ្នកស្រលាញ់ ។ លោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) ធ្លាប់បាននិយាយថា «ក្នុងពិភពអាជីវកម្ម មនុស្សដែលជោគជ័យជាងគេគឺជាមនុស្សដែលធ្វើអ្វីដែលពួកគេស្រលាញ់» ។
មនុស្សជាច្រើនមិនមានឱកាសក្នុងការធ្វើការងារដែលពួកគែស្រលាញ់ទេព្រោះតែកត្តាប្រាក់ចំណូល សុខភាព និងសន្តិសុខការងារជាដើមទោះជាពួកគេមិនចូលចិត្តការងារដែលខ្លួនកំពុងតែធ្វើពិតមែនក្តី ។ ហើយមនុស្សជាច្រើនមានក្តីសុបិនធ្វើកិច្ចការដែលខ្លួនស្រលាញ់ជារៀងរាល់ថ្ងៃ ។
សម្រាប់សហគ្រិន និងអាជីវករ ការធ្វើការដែលខ្លួនស្រលាញ់ជាកត្តាសំខាន់មួយដែលនាំយកសុភមង្គលបាន ។ លើសពីនេះទៅទៀត ការដឹងច្បាស់ពីកិច្ចការដែលអ្នកស្រលាញ់គួរតែមានអាទិភាពខ្ពស់ជាងគេ ។ ប្រសិនបើអ្នកមិនដឹងពីការងារដែលអ្នកស្រលាញ់ទេ ជំហានទីមួយគឺអ្នកត្រូវតែយល់ដឹងបន្ថែមពីខ្លួនឯងរហូតដល់អ្នករកវាឃើញ ៕
ចែករំលែកព័តមាននេះ