ទីភ្នាក់ងារព័ត៌មានបរទេស កាលពីពេលថ្មីៗកន្លងមកនេះផ្សាយថា មន្ទីរគមនាគមន៍ និងសាធារណការក្រុងញូវយ៉ក បានចេញច្បាប់កំណត់ល្បឿនយានយន្តបើកបរនៅលើដងផ្លូវក្នុងទីក្រុងញូវយ៉ក ពី៤៨គីឡូម៉ែត្រដែលប្រកាសឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៦៤ ឱ្យនៅត្រឹម៤០គីឡូម៉ែត្រក្នុងមួយម៉ោងដោយចាប់ផ្តើមប្រើនៅថ្ងៃទី៧ វិច្ឆិកា ២០១៤ ខាងមុខនេះ ។
អាជ្ញាធរក្រុងញូវយ៉ក បានឃោសនាពីសុវត្ថិភាពចរាចរណ៍លើដងផ្លូវដើម្បីអំណោយផលល្អដល់អ្នកថ្មើរជើងអ្នកជិះកង់ និងអ្នកបើកបរយានយន្តលើដងផ្លូវដទៃទៀត ក្នុងគោលបំណងកុំឱ្យមានអ្នកស្លាប់ច្រើនពេកក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ថែមទាំងផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋទាក់ទិននឹងច្បាប់ដែលប្រកាសឱ្យប្រើនៅខែក្រោយនេះ ។
មន្ទីរគមនាគមន៍ និងសាធារណការក្រុងញូវយ៉ក បញ្ជាក់ទៀតថា ការបើកបររថយន្តក្នុងល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង អាចកាត់បន្ថយអត្រាអ្នកស្លាប់ បានដល់ទៅពាក់កណ្តាល បើប្រៀបធៀបទៅនឹងការបើកបររថយន្តក្នុងល្បឿន៤៨គីឡូម៉ែត្រក្នុងមួយម៉ោងកន្លងមក ។ តាមទិន្នន័យបង្ហាញថា ប្រហែល២៥%នៃគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ កើតឡើងដោយសារការបើកបរក្នុងល្បឿនលឿន បានសម្លាប់អ្នកដំណើរនៅក្រុងញូវយ៉ក កាលពីឆ្នាំមុនដល់ទៅ១៧៨នាក់ ។
គួរបញ្ជាក់ថា អ្នកដែលល្មើសលើការបើកបររថយន្តក្នុងល្បឿនលឿនលើសកំណត់នឹងត្រូវពិន័យជាប្រាក់ចាប់ពី១៥០ដុលា្លារដល់៦០០ដុល្លារ ដោយអាស្រ័យលើភាពព្រហើនកោងកាច និងចំនួនប័ណ្ណពិន័យដែលធ្លាប់បានទទួលនាពេលកន្លងមក ៕
ចែករំលែកព័តមាននេះ