ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​ដំរី​ឈ្មោល​១​ និង​ហ្វូង​ដំរី​ញី ម្ចាស់​​ដំរី​លស់​ព្រលឹង​រត់ឡើង​ដើម​ឈើ​​ប៊ិះ​​មិន​ទាន់ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូ​ត្រុំ មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ពី​មាន​ដំរីព្រៃ​មួយ​ហ្វូង បាន​សម្រុកចូល​ជិត​ភូមិ ដើម្បី​រក​ញី បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព ព្រោះតែ​ហ្វូង​ដំរីព្រៃ​នោះ​ព្យាយាម​រត់​តាម​ដំរី​ស្រុក​ញី ដែល​ហ្ម​យក​ទៅ​ចង​នៅ​មាត់​អូរ​ក្បែរ​ភូមិ​។…

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូ​ត្រុំ មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ពី​មាន​ដំរីព្រៃ​មួយ​ហ្វូង បាន​សម្រុកចូល​ជិត​ភូមិ ដើម្បី​រក​ញី បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព ព្រោះតែ​ហ្វូង​ដំរីព្រៃ​នោះ​ព្យាយាម​រត់​តាម​ដំរី​ស្រុក​ញី ដែល​ហ្ម​យក​ទៅ​ចង​នៅ​មាត់​អូរ​ក្បែរ​ភូមិ​។

Picture

លោក ព្រំ វិបុល​រតនៈ នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា បាន​ឲ្យ​ដឹង​ថា ហ្វូង​ដំរីព្រៃ​ដែល​ចូល​មក​រក​ដំរី​ញី​នេះ មាន​ចំនួន​៧​ក្បាល តាំងពី​រសៀល​ថ្ងៃ​ទី​២២ មេ​សា រហូត​មក​ដល់​ថ្ងៃ​ទី​២៣ មេ​សា តែ​ដំរី​ចំនួន​៦​ក្បាល​បាន​ចូល​ទៅ​ក្នុង​ព្រៃ​វិញ ខណៈ​នៅ​ដំរីស្តរ​មួយ​ក្បាល​មិន​ព្រម​ចាក​ចេញ​ពី​ទីតាំង​ដែល​អ្នក​ភូមិ​យក​ដំរី​ញី​ចំនួន​៤​ក្បាល​ទៅ​ចង​តាម​ទម្លាប់​នោះ​ទេ​។​លោកនាយក​ដែន​បាន​ដាក់​ការ​សន្និដ្ឋាន​ថា មូលហេតុ​ដែល​ដំរីស្តរ​មួយ​ក្បាល​នេះ មិន​ព្រម​ចូល​ទៅ​ព្រៃ​ជាមួយ​ហ្វូង​របស់​វា អាច​មក​ពី​វា​ចង់​ញី ទើប​វា​នៅ​ក្រវែល​ៗ​ដំរី​ញី​របស់​អ្នកស្រុក ដែល​ចងជើង​ជាប់​នៅ​ជិត​អូរ​។

Picture

ដោយសារ​តែ​ខ្លាច​ដំរីព្រៃ​វាយ​សម្លាប់​ដំរី​ញី នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ក្រុម​ហ្មដំរី​ចំនួន​៥​នាក់ ដែល​ជា​ម្ចាស់​​ដំរី​ញី​ទាំង​បួន​ក្បាល បាន​ព្យាយាម​ចូល​ទៅ​រំដោះ​ដំរី​ញី​ពី​ដំរីព្រៃ ប៉ុន្តែ​ការ​ខិតខំ​របស់​ពួក​គេ​ត្រូវ​បរាជ័យ ព្រោះ​ខណៈនោះ​គេ​អាច​ស្រាយចំណង​ចងជើង​ដំរី​ញី​បាន​មួយ​ក្បាល​ប៉ុណ្ណោះ ក៏​ត្រូវ​ដំរីព្រៃ​ដេញ​រត់ឡើង​ដើមឈើ​ប៊ិះ​នឹង​មិន​ទាន់ ។ ហើយ​ក្រុម​ហ្មដំរី ជនជាតិ​ព្នង ដ៏​ស្ទាត់ជំនាញ​រាប់​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​ជាប់​គាំង​លើ​ដើមឈើ​អស់​ជា​ច្រើន​ម៉ោង អស់​បាយ​ក្រហាយ​ទឹក​តាំងពី​ព្រឹក​រហូត​ថ្ងៃត្រង់ ទើប​អាច​ចុះ​ពីលើ​ដើមឈើ ដើម្បី​រត់​ចូល​មក​ភូមិ​វិញ​បាន​។

Picture

បើ​តាម​ការ​រៀបរាប់​របស់​ហ្មដំរី​ដែល​ចូល​ទៅ​រំដោះ​ដំរី​របស់​ខ្លួន​បាន​ឲ្យ​ដឹង​ថា ដំរីស្តរ​ដែល​ព្យា​យាម​​ទាក់ទង​ដំរី​ញី​ទាំង​បី​ក្បាល​ដែល​នៅ​ជាប់​ចំណងជើង​នោះ មាន​ច​រិ​ក​កាច​ខ្លាំង មាឌធំ​ខ្ពស់ មានចែ​ម្ខាង បើក​ត្រជាក់​ធំ​ៗ និង​លើក​ប្រមោយ​ជាប់​ជា​និច្ច ដែល​វា​ត្រៀម​វាយប្រហារ​មនុស្ស​ណា​ហ៊ាន​ចូល​ទៅ​ជិត​។ ក្រុម​ហ្ម​បន្ត​ថា នៅ​ពេល​ពួក​គាត់​ចូល​ទៅ​ដល់​កន្លែង​ចង​ដំរី​ញី គាត់​រូតរះ​ស្រាយ​ចំណង​ជើងដំរី​ញី​បាន​តែ​មួយ​ក្បាល ស្រាប់តែ​ដំរីស្តរ​ក្រឡេក​ឃើញ​ក៏​ដេញ​វាយ​ពួក​គាត់​រត់ឡើង​ដើមឈើ​តែ​ម្តង ដើម្បី​ចៀស​ផុត​ពី​គ្រោះថ្នាក់​។

Picture

ទោះជា​យ៉ាងណា គិត​ត្រឹម​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ ២០២០ នេះ ក្រុម​មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​អាច​សង្គ្រោះ​ដំរី​ញី​ទាំង​បី​ក្បាល​ពី​ដំរីព្រៃ​ស្តរ​ដ៏​កាច​នោះ​បាន​ទេ ។ បើ​តាម​ក្រុម​មន្ត្រី​និយាយ​ថា ករណី​នេះ គេ​នឹង​រង់ចាំ​បន្តិចទៀត​សិន ដើម្បី​ឲ្យ​ដំរីស្តរ​ត្រជាក់ចិត្ត​វា​ចូល​ទៅ​ព្រៃ​វិញ​។ តែបើ​ស្ថានភាព​នៅ​តែ​បន្ត​អូស​បន្លាយ មន្ត្រី​ជំនាញ​អាច​នឹង​ប្រើប្រាស់​កាំភ្លើង​សណ្តំ​បាញ់​ឲ្យ​វា​សន្លប់ ដើម្បី​រំដោះ​យក​ដំរី​ញី​ចេញពី​កន្លែង​កើត​ហេតុតែ​ម្តង​។

Picture

គួរ​រំលឹក​ថា ដំរីព្រៃ​នៅ​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ​ជាង​១៥០​ក្បាល ប្រភេទ​ពួ​ជ​ដំរី​អាស៊ី​។​ហើយ​ដំរីព្រៃ​ទាំងនេះ តែង​ចេញពី​ព្រៃ​ចូល​ភូមិឋាន​អ្នកស្រុក ពេល​ខ្លះ​ចូល​ទៅ​ស៊ី​ផលដំណាំ​ក្នុង​ចំការ​អ្នក​ភូមិ​ក៏​មាន​។ ក្រៅពី​ដំរីព្រៃ​ខេត្តមណ្ឌលគិរី ក៏​មាន​ដំរី​ទេស​ចរណ៍​នៅ​តាម​សហគមន៍​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ជិត​២០​ក្បាល​ទៀត​ផង​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture