ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមដែលរាយការណ៍ដោយសមត្ថកិច្ចបានឱ្យដឹងថា ប្រជាពលរដ្ឋភ្ជួរដីចំការបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួន២កន្លែងផ្សេងគ្នា ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២២ មេសា នេះ នៅក្នុងស្រុកកំរៀង និងស្រុកភ្នំព្រឹក ដែលភាគច្រើនជាប្រភេទក្បាលគ្រាប់កាំភ្លើងត្បាល់ ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ដំបូងប្រជាពលរដ្ឋម្នាក់ ឈ្មោះ ឈុត ហឿប ភេទប្រុស អាយុ៦៥ឆ្នាំ បានប្រទះឃើញក្បាលគ្រាប់កាំភ្លើងត្បាល់ធុន១០៥ម.ម ជាច្រើនគ្រាប់ នៅក្នុងដីចំការរបស់គាត់ ពេលដែលគាត់កំពុងភ្ជួរដី នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ មេសា នេះ នៅចំណុចភូមិលំផាត់ ឃុំអូដា ស្រុកកំរៀង ។ សមត្ថកិច្ចបានឱ្យដឹងទៀតថា ពេលដែលគាត់ប្រទះឃើញក្បាលគ្រាប់ទាំងនោះផុសឡើងជាបន្តបន្ទាប់ធ្វើឱ្យគាត់ភ័យរន្ធត់យ៉ាងខ្លាំង ហើយគាត់ក៏បានរាយការណ៍ប្រាប់អាជ្ញាធរភ្លាមៗដែរ ដើម្បីជ្រាប់អំពីបញ្ហានេះ។

ជាមួយគ្នានោះ មន្ត្រីមូលដ្ឋានក៏បានរាយការណ៍បន្តទៅកាន់អង្គភាពកំចាត់មីនស៊ីម៉ាក់ ដើម្បីសុំជួយអន្តរា
គមន៍ចុះពិនិត្យទីតាំងកើតហេតុ ។ បើតាមសមត្ថកិច្ចបានប្រាប់ថា ក្រោយពីទទូលបានព័ត៌មាននេះ មន្ត្រីស៊ីម៉ាក់បានចុះពិនិត្យ និងធ្វើការរុករករហូតប្រទះឃើញកាកសំណល់សង្គ្រាមនេះដល់ទៅចំនូន៥៨គ្រាប់ ដែលសុទ្ធតែជាក្បាលគ្រាប់កាំភ្លើងត្បាល់ធុន១០៥ម.ម ដែលមានសភាពច្រេះចាប់ទៅហើយ តែមន្ត្រីជំនាញអះអាងថា នៅតែអាចបង្កគ្រោះថ្នាក់នៅឡើយ។

ពាក់ព័ន្ធនឹងការប្រទះឃើញកាកសំណល់សង្គ្រាមនេះដែរ ខណ:ដែលអាជ្ញាធរនិងសមត្ថកិច្ចកំពុងត្រួតពិនិត្យកំណប់យុទ្ធភណ្ឌដែលគេប្រទះឃើញ នៅស្រុកកំរៀង ស្រាប់តែអ្នកភូមិបានផ្ដល់ព័ត៌មានទៅសមត្ថកិច្ចថា អ្នកបើកត្រាក់ទ័រភ្ជួរដីចំការបានប្រទះឃើញគ្រាប់កាំភ្លើងធុនធ្ងន់ចំនួន០២គ្រាប់ នៅម៉ោង៨ព្រឹកថ្ងៃដដែលនេះ នៅលើដីចំការរបស់ពលរដ្ឋម្នាក់ឈ្មោះ ហ្វៃ អាង ប្រុសអាយុ៥៦ឆ្នាំ នៅចំណុចភូមិអន្លង់ក្រូច ឃុំប៊ួរ ស្រុកភ្នំព្រឹក ។

សមត្ថកិច្ចដែលបានចុះទៅពិនិត្យគ្រាប់យុទ្ធភ័ណ្ធនៅចំណុចខាងលើនេះ បានប្រាប់ថា វាជាប្រភេទគ្រាប់ B.41 និង គ្រាប់កាំភ្លើងឡង់។ គ្រាប់ទាំង០២នោះ អាចនៅមានគុណភាព តែគេបានរាយការណ៏ទៅកាន់អង្គភាពកំចាត់មីន ស៊ីម៉ាក់ ដើម្បីសុំជួយអន្តរាគមន៏ភ្លាមៗដែរ។ បើតាមសេចក្ដីរាយការណ៏ពីអាជ្ញាធរបានឱ្យដឹងថា កម្លាំងស៊ីម៉ាក់ បានចុះទៅកាន់ទីតាំងដែលពលរដ្ឋប្រទះឃើញគ្រាប់ទាំងនោះ ហើយបានធ្វើការរុករកបន្តទៀតភ្លាមៗដែរ។ យោងតាមរបាយការណ៏បឋមដែលសមត្ថកិច្ចទទូលបាន គឺគ្រាប់យុទ្ធភ័ណ្ឌទាំងនោះ ជាកាកសំណល់ដែលសេសសល់ពីសម័យសង្គ្រាម។

គ្រាប់ទាំងនោះ ត្រូវគេកប់ក្នុងដី តែវាបានរបើកឡើងនៅពេលត្រាក់ទ័រភ្ជួរប៉ះវា តែសំណាងល្អមិនផ្ទុះបង្កឱ្យមានគ្រោះថ្នាក់ឡើយ។ ទោះយ៉ាងណា ពេលនេះមន្ត្រីស៊ីម៉ាក់កំពុងបន្តការរុករក និង ប្រមូលក្បាលគ្រាប់ទាំង២ទីតាំងនោះ ដើម្បីយកទៅកំទេចចោលហើយ។ ប៉ុន្តែពលរដ្ឋគួរតែមានការប្រយ័ត្នចំពោះកាកសំណល់សង្គ្រាមដែលសេសសល់កប់នៅក្នុងដី ព្រោះគេជឿថា ដោយសារនៅតាមតំបន់នោះជាទីតាំងអតិតសមរភូមិសង្គ្រាមក្ដៅ ដូច្នេះអាចនៅមានសេសសល់ទៀតជាមិនខាន៕


ចែករំលែកព័តមាននេះ