មនុស្សម្នាសឹងទូទាំងប្រទេសមានការកត់សម្គាល់ប្រកបដោយការពេញចិត្តចំពោះស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា។
ជាងមួយសប្តាហ៍កន្លងមកនេះ កម្ពុជាបានមានអ្នកជាសះស្បើយជាបន្តបន្ទាប់ ខណៈ ដែលមិនមានករណីជំងឺកូវីដ១៩ ថ្មី ត្រូវបានរកឃើញឡើយ។
បន្ទាប់ពីមានការប្រកាសជាសះស្បើយបីករណីទៀតនៅថ្ងៃទី២១ ខែមេសានោះ ករណី ជំងឺកូវីដ១៩ នៅកម្ពុជា បានធ្លាក់ចុះពីចំនួន១២២មកនៅត្រឹម១២ករណីដែលត្រូវស្ថិតនៅក្នុងការព្យាបាល។
នេះជាផ្លែផ្កាគួរឱ្យលើកទឹកចិត្តបានមកពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រុម គ្រូពេទ្យ អ្នកពាក់ព័ន្ធទាំងអស់ និងការចូលរួមរបស់ប្រជាជនកម្ពុជា។ យើងត្រូវតែរក្សាឱ្យបានភាពល្អប្រសើរបែបនេះ។
សម្រាប់ប្រជាជន ពួកគេមានហេតុផលគ្រប់គ្រាន់នឹងសប្បាយចិត្ត ដោយសារតែឃើញថា អ្នកជាសះស្បើយកាន់តែច្រើន ហើយអ្នកជំងឺថ្មីក៏មិនឃើញមានទៀត។ ពួកគេសង្ឃឹមថា បើសិនជាអ្វីៗល្អយ៉ាងនេះនោះ កម្ពុជាមុខជានឹងអាចប្រកាសថា លែងមានជំងឺកួវីដ១៩ទៀត ក្នុងរយៈពេលមួយសប្តាហ៍ ឬក៏ពីរសប្តាហ៍ខាងមុខនេះ បើសិនជាអ្វីៗដំណើរការទៅល្អដូចមួយសប្តាហ៍កន្លងមក។
មនុស្សទូទាំងប្រទេសចង់ឃើញកម្ពុជាជោគជ័យក្នុងសមរភូមិប្រឆាំងកូវីដ១៩។
ប៉ុន្តែសម្រាប់គ្រូពេទ្យ និងអ្នកជំនាញ ពួកគេមានការប្រយ័ត្នប្រយ៉ែង នឹងរំភើបចិត្ត ចំពោះស្ថានភាពនេះ។
គេគិតថា កូវីដ១៩ នឹងអាចផ្ទុះឡើងគ្រប់ពេល បើសិនជាប្រជាជនកម្ពុជាហ៊ានតែប្រហែស។
គ្រប់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ហើយបញ្ជាក់ទៀតអោយប្រជាជនកម្ពុជាបន្តការប្រុងប្រយ័ត្ន។
ដូចគ្នានេះ នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះ អ្នកនាំពាក្យ ក្រសួងសុខាភិបាល នៅតែនិយាយថា ស្ថានភាពនៅផុយស្រួចនៅឡើយ។ រលកទីពីរ នឹងអាចកើតមាន បើសិនជាយើងធ្វេសប្រហែស ហើយបន្តអំពាវនាវអោយប្រជាជនបន្តការប្រុងប្រយ័ត្ន។
ចំណែកតំណាងអង្គការសុខភាពពិភពលោកបាននិយាយថា កម្ពុជាស្ថិតនៅដំណាក់កាលដំបូងនៃការរាតត្បាតនៅឡើយ។
គ្រោះថ្នាក់ធ្ងន់នៃជំងឺកូវីដ១៩ នឹងអាចកើតមាន បើសិនជាវាមានការរាលដាលដល់សហគមន៍។ នេះជាការព្រួយបារម្ភខ្លាំង ហើយចាំបាច់ត្រូវមាន វិធានការទប់ ស្កាត់ឱ្យទាន់ពេលវេលា។
កម្ពុជាមិនទាន់បានឈានដល់ការឆ្លងរាលដាលជាសហគមន៍ទេ ប៉ុន្តែកម្ពុជា បានមានការឆ្លងមេរោគកូវីដ១៩ ជាលក្ខណៈចង្កោមតូចៗទៅហើយ។ អ្នកជំនាញ ទាំងមន្ត្រីក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ព្រមានថា កម្ពុជា ត្រូវតែប្រយ័ត្នដើម្បីធ្វើយ៉ាងណាកុំអោយមានការរាលដាលជាសហគមន៍។ ការព្រួយបារម្ភ បានមានកាន់តែខ្លាំងនៅពេលដែលមានការធ្វើដំណើររបស់មនុស្សច្រើនមុនចួលឆ្នាំដើម្បីទៅលេងស្រុកកំណើតគួបផ្សំនឹងការធ្វើដំណើរត្រឡប់មកវិញរបស់កម្មករដែលធ្វើការនៅប្រទេសថៃ។
ការរឹតត្បិតដល់ការធ្វើដំណើរនៅពេលកន្លងមក ការហាមឃាត់ការជួបជុំទ្រង់ទ្រាយធំ ការបិទសាលារៀន ការបិទក្លឹមកម្សាន្តកន្លងមក និងការពិនិត្យ និងការដាក់នៅ ដោយ ឡែកកម្មករដែលវិលត្រឡប់មកពីស្រុកកំណើតវិញ គឺជាវិធានការនៃការទប់ស្កាត់ការឆ្លង និងការរាលដាលជំងឺកូវីដ១៩ ដើម្បីកុំអោយឈានដល់ការរាលដាលជាសហគមន៍។ វាជាវិធានការដែលដាក់ចេញដោយក្រសួងសុខាភិបាល និងរដ្ឋាភិបាល។
ដើម្បីទប់ស្កាត់ការរាលដាលជាសហគមន៍នេះ ការចូលរួមរបស់ប្រជាជនកម្ពុជាទាំង អស់ គឺមានសារសំខាន់ខ្លាំងណាស់។ ប្រជាជនកម្ពុជាក៏ដូចជា កម្មករត្រូវឆាប់រាយ ការណ៍ជូនដល់ក្រុមគ្រូពេទ្យប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈទូរស័ព្ទលេខេ ១១៥ បើសិនជាពួកគេមានរោគសញ្ញាដែលនាំអោយសង្ស័យថា អាចកើតមានជំងឺកូវីដ១៩ ដូចជាក្តៅខ្លួន ក្អក ពិបាកដកដង្ហើយ និងគួបផ្សំជាមួយប្រវត្តិនៃការធ្វើដំណើរទៅកាន់កន្លែងដែលមានអ្នកជំងឺមេរោគកូវីដ១៩ ឬក៏ធ្លាប់មានទំនាក់ទំនងជិតស្និទ្ឋ ឬដោយប្រយោលជាមួយអ្នកមានជំងឺកូវីដ១៩។
នៅពេលដែលកម្ពុជា មិនបានដាក់កំហិតខ្លាំងដល់ការធ្វើដំណើរនោះ វាជារឿងដ៏សំខាន់ ដែលប្រជាជនត្រូវរស់នៅប្រចាំថ្ងៃប្រកបដោយអនាម័យល្អ ដោយលាងដៃអោយស្អាតជាមួយទឹក និងសាប៊ូ ទឹកអាល់កុល ឬទឹកជែលសម្លាប់មេរោគ ការពាក់ម៉ាស ព្រមទាំងការសម្អាតផ្ទះសម្បែង កន្លែងធ្វើការ និងរបស់របរប្រើប្រាស់។
ការរក្សាគម្លាតសង្គមដោយស្ថិតនៅឆ្ងាយពីគ្នាចម្ងាយពីរម៉ែត្រ គឺជារឿងដ៏សំខាន់ខ្លាំងមួយដែលប្រជាជនត្រូវអនុវត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩នេះ។
ជាការកត់សម្គាល់ ការរក្សាគម្លាតពីគ្នាពីរម៉ែត្រនេះហាក់ដូចជា មិនទាន់ត្រូវបានអនុវត្តអោយបានពេញលេញនៅឡើយ ចំណែករដ្ឋាភិបាលក៏មិនទាន់មានវិធានការតឹងតែងដើម្បីអោយប្រជាជនអនុវត្តដែរ។
នៅតាមកន្លែងលក់ដូរ ទីផ្សារ ហាងគុយទាវ ហាងកាហ្វេ គេនឹងអាចឃើញមនុស្សនៅផ្តុំគ្នាហើយមិនបានរក្សាគម្លាតឡើយ។
នៅប្រទេសសិង្ហបូរី ដែលស្ថានភាពជំងឺកូវីដ១៩ ហាក់ដូចជាធ្ងន់ធ្ងរក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែការឆ្លងរាលដាល ជាសហគមន៍នោះ ពិសេសនៅ កន្លែងស្នាក់នៅរបស់កម្មករបរទេសនោះ ការមិនរក្សាគម្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រ នឹងត្រូវផ្តន្ទាទោសជាប្រាក់ និងអាចឈានដល់ការជាប់ពន្ធនាគាររហូតដល់៦ខែ។
វិធានការរក្សាគម្លាតសង្គមនេះ មានសារសំខាន់ណាស់ដែលប្រជាជនកម្ពុជាត្រូវអនុវត្តដើម្បីកុំអោយមានការឆ្លងរាលដាលមេរោគកូវីដ១៩ មកខ្លួនឯងផង និងដើម្បីរួមចំណែកកាត់បន្ថយការឆ្លងរាលដាលជាសហគមន៍ផង។
ទន្ទឹមជាមួយគ្នានោះ អ្នកលក់ដូរពិសេសអ្នកលក់ម្ហូបអាហារ ចុងភៅតាមភោជនីយដ្ឋាន ត្រូវបង្កើនអនាម័យនៃការធ្វើម្ហូបអាហារក៏ដូចជា អនាម័យផ្ទាល់ខ្លួន ព្រមទាំងត្រូវពាក់ម៉ាស ដើម្បីបង្ការការឆ្លងមេរោគណាមួយដល់អតិថិជនរបស់ខ្លួន។
កម្ពុជាត្រូវតែគិតអោយកាន់តែល្អិតល្អន់អំពីវិធានការចាំបាច់នានាបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលពីលក្ខណៈចង្កោមតូចៗទៅជាការឆ្លងរាលដាលជាសហគមន៍ដែលធ្ងន់ធ្ងរ និងពិបាកដោះស្រាយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ