ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សម្រប​ខ្លួន​ទៅ​នឹង​ស្ថាន​ការ​ថ្មី​ពេល​ផ្ទុះ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

កាលពី​ស​ប្តា​ហ៍​មុន លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft បាន​និយាយ​ថា វីរុស​កូ​វី​ដ…

កាលពី​ស​ប្តា​ហ៍​មុន លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft បាន​និយាយ​ថា វីរុស​កូ​វី​ដ ១៩ នឹង​ផ្លាស់​ប្តូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក ។

ជា​ពិសេស គឺ​ក្នុង​វិស័យ​ទេសចរណ៍ និង​ការ​ប្រកប​អាជីវកម្ម​មួយ​ចំនួន​ដែល​អាច​នឹង​បន្ត​ទទួល​រង​ការ​ប៉ះពាល់​យូរ​ជាងគេ​ទោះជា​ការ​ផ្ទុះ​ត្រូវ​បាន​ទប់ទល់​ពិតមែន​ក្តី ។ ដោយហេតុ​ដូចនេះ ក្នុង​នាម​ជា​អាជីវករ​ដែល​ទទួល​រង​ការ​ប៉ះពាល់​ពី​កូ​វី​ដ ១៩ អ្នក​ត្រូវ​តែ​ចេះ​សម្រប​ខ្លួន​ទៅ​នឹង​ស្ថាន​ការ​ថ្មី ។

ឧទាហរណ៍​ដូច​ជា​ភោជនីយដ្ឋាន​ជាដើម ។ ក្នុង​កំឡុង​ពេល​នេះ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​មាន​ចំណាប់អារម្មណ៍​អង្គុយ​ទទួលទាន​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​អ្នក ដូច្នេះ​អ្នក​គួរតែ​ធានា​ថា​អ្នកមាន​ផ្តល់​នូវ​សេវា​ដឹក​ជញ្ជូន​ល្អ​និង​លឿន ។ អ្នក​ត្រូវ​គិត​ថា​អ្នក​មិន​មាន​ជម្រើស​ច្រើន​ទៀត​ទេ​ដូច្នេះ​វា​ប្រហែលជា​ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​ក្នុង​អាជីវកម្ម​របស់​អ្នក ។

ជាក់ស្តែង គ្រាន់តែ​ផ្តល់​នូវ​សេវាកម្ម​ថ្មី​នេះ​ក៏​មិន​ធានា​ថា​អតិថិជន​របស់​អ្នក​នឹង​កុម្ម៉ង់​ទិញ​ពី​អ្នក​ភ្លាម​ដែរ ។ ដោយហេតុ​ដូចនេះ អ្នក​ត្រូវ​មាន​វិធី​ប្រាប់​ដល់​អតិថិជន​ពី​សេវាកម្ម​ថ្មី​ដើម្បី​ឲ្យ​ពួក​គេ​មាន​ជម្រើស​ទទួលទាន​អាហារ​របស់​អ្នក​ទោះជា​ពួក​គេ​មិន​ចង់​ចេញ​ក្រៅ​ផ្ទះ​ពិតមែន​ក្តី ។ សម្រាប់​ភោជនីយដ្ឋាន​ដែល​មាន​វត្តមាន​លើ​ប្រព័ន្ធ​សង្គម​ស្រាប់ វា​មិនជា​បញ្ហា​សម្រាប់​អ្នក​ក្នុង​ការ​ទាក់ទង​ទៅ​ប្រាប់​អតិថិជន​ទេ តែ​សម្រាប់​កន្លែង​លក់​អាហារ​ផ្សេង​ៗ អ្នក​ត្រូវ​គិត​ពី​វិធី​ងាយ​ៗ​ក្នុង​ការ​ប្រាប់​ជូន​ដល់​អតិថិជន​អ្នក ។

ក្រៅពី​នេះ​ហើយ អ្នក​គួរតែ​ធានា​ប្រាប់​ដល់​អតិថិជន​របស់​អ្នក​ពី​អនាម័យ និង​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចម្អិន​អាហារ ឬ​ធ្វើ​ភេសជ្ជៈ​ជូន​ភ្ញៀវ​ដែរ ។ ប្រសិនបើ​អ្នកមាន​សមត្ថភាព អ្នក​អាច​បង្កើត​ជា​វី​ឌី​អូ​មួយ​ន​បង្ហាញ​ពី​ការ​ចម្អិន​អាហារ​ដោយ​ប្រុង​ប្រយ័ត្ន​បាន ។
សម្រាប់​ក្រុមហ៊ុន ឬ​អាជីវកម្ម​ដែល​ទាក់ទិន​ទៅ​នឹង​កម្មវិធី​ដូច​ជា​សិក្ខាសាលា​វិញ អ្នកមាន​ជម្រើស​ក្នុង​ការ​ធ្វើ​វា​អន​ឡាញ​បាន ។ ក្នុង​សម័យកាល​បច្ចេកវិទ្យា​នេះ អ្នក​អាច​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក​ឧបករណ៍​ដើម្បី​ថត និង​ធ្វើការ​ផ្សាយ​លើ​ប្រព័ន្ធ​សង្គម​ដើម្បី​ជំនួស​សិក្ខាសាលា​ទាំងមូល ។

សូ​ម្បី​តែ​មនុស្ស​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​ក៏​អាច​សម្រប​ខ្លួន​បាន​ដែរ ។ ព្រោះតែ​មនុស្ស​ចៀសវាង​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ទាំងស្រុង វា​អាច​បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​វិស័យ​ទេសចរណ៍ ។ ប៉ុន្តែ​អង្គការ​ជាតិ​ទេសចរណ៍​របស់​ប្រទេស​ក្រិ​ច​បាន​សហការ​ជាមួយនឹង Google ក្នុង​ការ​បង្កើត​កម្មវិធី​ធ្វើ​ដំណើរ​ទេសចរណ៍​អន​ឡាញ​ដែល​មានឈ្មោះ​ថា Greece From Home ។ វេ​ប​សាយ​នេះ​មាន​ជា​វី​ឌី​អូ​នៃ​រមណីយដ្ឋាន​ទេសចរណ៍​ល្បី​ៗ​ជុំវិញ​ប្រទេស​ក្រិ​ច​ដែល​អតិថិជន​អាច​ទស្សនា​ពី​ផ្ទះ​បាន​ដោយ​មាន​សុវត្ថិភាព ។

សម្រាប់​អាជីវកម្ម​ដទៃ​ដែល​មិន​ស្ថិត​ក្នុង​ចំណោម​ឧទាហរណ៍​ខាងលើ តែ​នៅ​តែ​ទទួល​រង​ការ​ប៉ះពាល់​ពី​កូ​ដី ១៩ អ្នក​អាច​យក​ឧទាហរណ៍​ខាងលើ​ធ្វើ​ជា​គន្លឹះ​សម្រាប់​បំផុសគំនិត​ថ្មី​ៗ​បាន​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ស្ថាន​ការ​ថ្មី​និង​ជៀសវាង​ការ​បិទទ្វារ​អាជីវកម្ម​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ