ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Bill Gates ៖ កូ​វី​ដ​-១៩ នឹង​ផ្លាស់​ប្តូរជីវិត​មនុស្ស​ជា​រៀង​រហូត

4 ឆ្នាំ មុន

កាលពី​ស​ប្តា​ហ៍​មុន លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft បាន​ចែករំលែក​លើ LinkedIn…

កាលពី​ស​ប្តា​ហ៍​មុន លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft បាន​ចែករំលែក​លើ LinkedIn របស់​លោក​ដើម្បី​ឆ្លើយ​សំណួរ​ទាក់ទិន​នឹង​កូ​វី​ដ ១៩ ជា​ពិសេស​សំណួរ​ពី​ជីវិត​របស់​មនុស្ស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ និង​ឆ្នាំ​ខាង​មុខ​នេះ ។

លោក​បាន​ចែករំលែក​មក​ថា ពិភពលោក​ត្រូវការ​ពេល​យូរ​មុន​នឹង​អ្វី​ៗ​អាច​ក្លាយទៅជា​ធម្មតា​វិញ ហើយ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ប្រហែលជា​អាច​នឹង​ផ្លាស់​ប្តូរ​ជា​រៀង​រហូត ។លោក​បាន​បកស្រាយ​ថា «​ខ្ញុំ​គិត​ថា​ការ​បើក​ដំណើរការ​រោងចក្រ ការ​សាងសង់ ការ​ទៅ​សាលារៀន​អាច​នឹង​កើត​មាន​ឡើង​វិញ​» ។ ប៉ុន្តែ​សម្រាប់​វិស័យ​ដទៃ​ដូច​ជា​បដិសណ្ឋារកិច្ច កម្មវិធី​កីឡា និង​អចលនទ្រព្យ​អាច​នឹង​ត្រូវការ​ពេល​យូរ​ជាង​នេះ​ទៅ​ទៀត​ដើម្បី​ត្រលប់​មក​ស្ថាន​ការ​ដូច​ដើម​វិញ ។

«​តើ​មនុស្ស​នៅ​តែ​ចង់​ធ្វើ​ដំណើរ​ទេ?តើ​ពួក​គេ​ចង់ទៅ​ទទួលទាន​នៅ​ភោជនីយដ្ឋាន​ទេ? តើ​ពួក​គេ​គិត​ពី​ការ​ទិញ​ផ្ទះ​ថ្មី​ទេ? ទោះជា​រដ្ឋាភិបាល​និយាយ​ថា​សកម្មភាព​ទាំងនេះ​មិន​មាន​បញ្ហា​ពិតមែន​ក្តី ពួក​យើង​មិន​អាច​រំពឹង​ទុក​ថា​តម្រូវការ​នឹង​កើនឡើង​ភ្លាម​ក្នុង​រយៈពេល​មួយ​យប់​ទេ​» ។

លោក​គិត​ថា​ពិ​ភ​លោក​នឹង​ត្រូវការ​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ទទួលស្គាល់ និង​ចែកចាយ​ជុំវិញ​ពិភពលោក​ជា​មុន​សិន​មុន​នឹង​ការ​ផ្លាស់​ប្តូរ​ទាំងនេះ​អាច​កើត​មាន​ឡើង​បាន ហើយ​លោក​គិត​ថា​វ៉ាក់សាំង​នេះ​ប្រហែលជា​ត្រូវការ​រយៈពេល ១៨​ខែ​ទៀត​ទើប​អាច​ផលិត ទទួល​បានការ​អនុញ្ញាត និង​ត្រូវ​បាន​ចែកចាយ​ជុំវិញ​ពិភពលោក ។

ក្រៅពី​បញ្ហា​ខាងលើ​ហើយ លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ គិត​ថា​កូ​វី​ដ ១៩ នឹង​បន្ត​បង្ខំ​ឲ្យ​មនុស្ស​ងាក​ទៅ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ថែម​ទៀត ។ លោក​បាន​បន្ត​ថា «​សកម្មភាព​មួយ​ចំនួន​ដូច​ជា​ការ​ហោះ​ទៅ​ហោះ​មក​ដើម្បី​ការងារ​អាច​នឹង​មិន​ត្រលប់​មក​ដូច​ដើម​វិញ​ទេ ។ ប្រាកដ​ណាស់​វា​នៅ​តែ​មានការ​ធ្វើ​ដំណើរ​ដូច្នេះ តែ​វា​អាច​កើត​មាន​ឡើង​តិច​ជាង​មុន​» ។

ប៉ុន្តែ​មាន​សកម្មភាព​មួយ​ដែល​លោក​គិត​ថា​ប្រហែលជា​អាច​ផ្លាស់​ប្តូរ​ទាំងស្រុង ។ ឧទាហរណ៍​ដូច​ជា​ក្រុមហ៊ុន Microsoft របស់​លោក​ដែល​ចាប់ផ្តើម​ធ្វើការ​ប្រជុំ​អន​ឡាញ​ទាំង​ពី​មុន​ពេល​ផ្ទុះ​វីរុស​នេះ​ទៅ​ទៀត ។

លោក​បាន​បន្ថែម​ទៀត​ថា មានការ​បង្កើត​កម្មវិធី Software ថ្មី​ៗ​ជា​ច្រើន​ដែល​នឹង​ផ្លាស់​ប្តូរ​ការ​របស់​នៅ​របស់​មនុស្ស​ដែល​ធ្វើ​ឲ្យ​ការ​ប្រកបការងារ និង​អាជីវកម្ម​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ជាង​មុន​ឆ្ងាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ