រាជធានីភ្នំពេញ ៖ រថយន្តដឹកបន្លែមួយគ្រឿងធ្វើដំណើរមកពីក្រុងសួង ខេត្តត្បូងឃ្មុំ បានបែកកង់មុខជ្រុលទៅបុករបងផ្ទះរបស់ប្រជាពលរដ្ឋនិងបុករះដើមឈើ បណ្តាលអោយរងការខូចខាត ចំណែករថយន្តបានក្រឡាប់និងរងរបួសធ្ងន់ម្នាក់ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

រថយន្តដឹកបន្លែមួយគ្រឿងខាងលើ ម៉ាកធន់ដ្រា ពណ៌ស អត់ស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់រួមដំណើរជាមួយបងប្អូន២នាក់ទៀតជិះក្នុងរថយន្តមួយគ្រឿងខាងលើជារថយន្តដឹកបន្លែធ្វើដំណើរមកពីក្រុងសួង ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងដឹកបន្លែយកទៅលក់នៅផ្សារដើមគ ដោយបើកបរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ។

តាមប្រភពដដែលបានបន្តថា លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើនេះ ដោយសារតែរថយន្តបែកកង់ខាងមុខ ទើបរេចង្កូតជ្រុលទៅបុកនឹងដើមដូងប្រេង និងដើមសាគូរ៉ា ហើយរថយន្តនោះមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករបងផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលអោយបាក់អស់ជាច្រើនផ្ទាំង ចំណែករថយន្តក្រឡាប់ផ្ងារជើងទ្រមេឃជ្រុះបន្លែរាយប៉ាយពេញផ្លូវ និងធ្វើឲ្យអ្នកជិះក្នុងរថយន្តម្នាក់រងរបួសធ្ងន់ត្រូវបានគេដឹកបញ្ជូនទៅកាន់សង្គ្រោះនៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្តដឹកបន្លែខាងលើសុំចរចាគ្នាជាមួយខាងម្ចាស់ផ្ទះរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕







ចែករំលែកព័តមាននេះ