សម្តេច​តេ​ជោ ​៖ ​ចូល​ឆ្នាំ​ខ្មែរ​​​ប្រារព្ធ​ពិធី​ទទួល​ទេវតា​តាម​ផ្ទះ​​ធម្មតា តែ​ការ​ជួបជុំ​​មិន​មាន​ទេ


រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា​ ការ​ប្រារព្ធ​ពិធី​ទទួល​​​​ទេវតា​ឆ្នាំ​ថ្មី​ធ្វើ​តាម​ផ្ទះ​ធម្មតា តែ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន​នៅ​ទី​សាធារណៈ​មិន​អនុញ្ញាត​នោះ​ទេ ដើម្បី​ចៀស​វាង​កា​ឆ្លង​ជំងឺ​កូ​វូ​ដ​១៩​។

សម្តេច​តេ​ជោ​បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១២​ ខែមេ​សា​ យ៉ាង​ដូច្នេះ​ថា ​៖ «ថ្ងៃ​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ គឺ​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី ១៣-១៦ មេ​សា ស្អែក​នេះ​។ បងប្អូន​ប្រជាពលរដ្ឋ​អាច​ប្រារព្ធ​​ពិធី​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​តាម​គេហដ្ឋាន​រៀង​ៗ​ខ្លួន​។ ចំពោះ​ការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​នៅ​តាម​វត្ត​អារាម រួម​ទាំង​កម្មវិធី​កំសាន្ត​សប្បាយ​នានា​នៅ​តាម​ទីធ្លា​សាធារណៈ និង​តាម​បណ្តា​វត្ត​ទូ​ទាំង​ប្រទេស ​គឺ​ត្រូវ​បាន​ផ្អាក​សម្រាប់​ឆ្នាំ​នេះ ដោយសារ​ប្រទេស​យើង​កំពុង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​​កម្ចាត់​មេរោគ​ឆ្លង​កូ​វី​ដ​-១៩ ជាមួយ​ពិ​ភ​លោក​។ ចំពោះ​មុខ គឺ​អាយុជីវិត​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​សំខាន់​ខ្លាំង​បំផុត​»​។

សម្តេច​បន្ត​ថា​ ទន្ទឹម​នឹង​នេះ គឺ​មាន​វិធី​ចាំបាច់​ងាយ​ៗ​មួយ​ចំនួន​ដែល​ពលរដ្ឋ​អាច​ធ្វើ​បាន ​ដើម្បី​ការ​ពារ​រោគ​ឆ្លង​កូ​វី​ដ​១៩ គឺ​ត្រូវ​ពាក់​ម៉ាស ឬ​ក្រមា​, ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​, ទឹក​អាល់​កុល ឬ​ជែល​សម្លាប់​មេរោគ ​និង​បាក់តេរី​, កុំ​នៅ​ផ្តុំ​គ្នា​ច្រើន​, កុំ​ប​ម្លា​ស់​ប្តូរ​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​ពេល​ដែល​មានការ​រីក​រាលដាល​ឆ្លង​ ដែល​យើង​មើល​មិនឃើញ ដែល​អាច​នាំ​មេ​រោគ​ពី​យើង​ទៅ​គេ ឬ​ពី​គេ​មក​យើង​ទាំង​ក្នុង​ពេល​ធ្វើ​ដំណើរ និង​ក្នុង​ពេល​ស្នាក់​អាស្រ័យ​នៅ​ជា​ដើម​។

សម្តេច​បាន​លើក​ឡើង​ទៀត​ថា​ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នេះ​ ងាយ​ឆ្លង​លឿន​សាហាវ​ពេក ទើប​រាជរដ្ឋាភិបាល​សម្រេច​ដាក់​បម្រាម​ហាម​មិន​អោយ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ និង​បាន​លើក​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​២០២០ ទៅ​ពេល​ក្រោយ​ដែល​នឹង​សង​ជូន​ថ្ងៃ​ឈប់​សម្រាក (៥) ថ្ងៃ​មក​វិញ នៅ​ពេល​ណា​ដែល​ប្រទេស​ជាតិ​វិល​ត្រឡប់​មក​កាន់​ស្ថានភាព​ធម្មតា​គ្មាន​ជំងឺ​កូ​វី​ដ​១៩​។

ជាមួយ​គ្នា​នោះ​ដែរ​ ស​ម្តេ​​ច​ក៏​បាន​អរគុណ​មន្ត្រីរាជការ ក្រុមហ៊ុន​ឯកជន និង​ក្មួយ​ៗ​កម្មករ​ដែល​ចូល​រួម​ប្រ​យុ​ទ្ធ​​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វី​ដ​១៩ ដោយ​បន្ត​ធ្វើ​ការងារ​ជា​ធម្មតា​នៅ​ក្នុង​កំឡុង​ពេល​ចូល​ឆ្នាំ​នេះ​។

សម្តេច​បាន​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​ជួប​តែ​សេចក្តីសុខ និង​សំណាង​ល្អ​នៅ​ក្នុង​ឱកាស​នៃ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ២០២០៕ (កែ​សម្រួលដោយ ៖ បុប្ផា)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ