កីឡាករ Lionel Messi បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដើម្បីឆ្លើយតបទៅនឹងព័ត៌មានអំពីខ្លួននៅប៉ុន្មានសប្តាហ៍នេះ ទាក់ទិននឹងការផ្ទេរទៅចូលរួមជាមួយក្លិប Inter Milan ជាពិសេសដំណឹងជុំវិញអតីតមិត្តរួមក្រុម គឺកីឡាករ Ronaldinho ដោយបដិសេធថាជាព័ត៌មានក្លែងក្លាយ (Fake News) ។

តារាឆ្នើមរបស់ក្រុម Barcelona បានចេញសេចក្តីបដិសេធយ៉ាងខឹងសម្បារ កាលពីល្ងាចថ្ងៃព្រហស្បត៍ម្សិលមិញ បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយ (អាហ្សង់ទីន) TNT Sports បានចុះផ្សាយថា រូបគេជាអ្នកដែលចេញប្រាក់ចំនួន១,៦លានដុល្លារអាមេរិកដើម្បីដោះលែង Ronaldinho ចេញពីពន្ធនាគារនៅប្រទេសប៉ារ៉ាហ្គាយ។

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ៣២ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងច្បាស់តាមរយៈទំព័រ Instagram របស់ខ្លួនថា រឿងទាំងអស់នេះ មិនមានពាក់ព័ន្ធអ្វីជាមួយរូបគេឡើយ ។
ក្នុងនោះ កីឡាករ Messi ក៏បានច្រានចោលទាំងស្រុងចំពោះរឿងថ្មីៗ ដែលបានផ្ទុះឡើងថា ខ្លួននឹងចាកចេញពីក្លិប Barcelona ដោយទៅចូលរួមជាមួយក្លិបយក្សអុីតាលី Inter Milan នៅរដូវកាលក្រោយ ។
កីឡាករ Messi បានយករូបភាពចុះផ្សាយរបស់ TNT Sports ដោយបានសរសេរពីលើថា «#FakeNews និងការកុហកទី១៖ Messi ទៅ Inter, ការកុហកទី២៖ Messi បានអោយលុយទៅ Ronaldinho នៅក្នុងគុក» ។
បន្ទាប់មកម្ចាស់ពាន Ballon d’Or ៦លើករូបនេះបានបន្ថែមប្រយោគមួយទៀតថា «អ្វីដែលពួកគេបាននិយាយអំពីក្លិប Newell’s Old Boys កាលពីប៉ុន្មានសប្តាហ៍មុន ក៏ជារឿងមិនពិតផងដែរ សូមអរគុណព្រះជាម្ចាស់ ដែលគ្មាននរណាម្នាក់ជឿពួកគេ» ៕ (ដកស្រង់ចេញពី Goal.com)
ចែករំលែកព័តមាននេះ