ខេត្តកំពង់ឆ្នាំង ៖ ដោយឡែក បងប្អូនកម្មករដែលធ្វើដំណើរទៅធ្វើការនៅរោងចក្រ សមត្ថកិច្ចមិនបានហាមឃាត់គាត់ទេ គឺអនុញ្ញាតឱ្យធ្វើដំណើរទៅ-មកបាន ដោយមានលិខិតបញ្ជាក់ពីមន្ទីរការងារផងដែរ ។ សូមបញ្ជាក់ថា ចាប់តាំងពីម៉ោង១២អធ្រាត្ររហូតរសៀលថ្ងៃទី១០ មេសា នេះ សមត្ថកិច្ចបានឃាត់ និងប្រាប់ទៅអ្នកធ្វើដំណើរតាមរថយន្តជាច្រើនគ្រឿង ដែលមានបំណងធ្វើដំណើរឆ្លងកាត់ទៅកាន់ស្រុកកំណើត ដោយសុំឱ្យរថយន្តទាំងនោះបើកវិលត្រឡប់ទៅកាន់កន្លែងដើមវិញ ។ បានមានន័យថា មកពីទីណាឱ្យទៅកាន់ទីនោះវិញ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩នេះ ។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា អនុប្រធានការិយាល័យកណ្ដាលសណ្ដាប់ធ្នាប់ខេត្តបាន មានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានចាប់ផ្តើមដាក់ប៉ុស្តិ៍ត្រួតពីនិត្យ និងទប់ស្កាត់ការធ្វើចរារចរណ៍របស់បងប្អូនតាំងពីម៉ោង១២អធ្រាត្រម្ល៉េះ ។

ដូចគ្នារាជធានីភ្នំពេញ និងតាមបណា្តខេត្តផ្សេងៗ ខេត្តកំពង់ឆ្នាំងគឺបានដាក់ប៉ុស្តិ៍ដើម្បីផ្អាកការធ្វើដំណើរបងប្អូនមានចំនួន៣កន្លែង តាមបណ្តោយលើផ្លូវជាតិលេខ៥ ទី១-គឺនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ។ ទី២-គឺព្រំ ប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ គឺយើងដាក់នៅក្បាលដំរី និងទី៣-គឺដាក់នៅចំកណ្ដាលក្រុងតែម្ដង គឺដាក់នៅទួលក្រឡាញ់ ក្នុងក្រុងកំពង់ឆ្នាំង ។ ជាមួយគ្នានេះ រថយន្តដឹកទំនិញ រថយន្តមន្ទីរពេទ្យ រថយន្តមន្ត្រីរាជការ និងរថយន្តដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាដើម យើងឱ្យធ្វើដំណើរជាធម្មតា ។

ជាចុងក្រោយ លោកអនុប្រធានការិយាល័យកណ្ដាលសណ្ដាប់ធ្នាប់ បានសំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេសកម្មកររោងចក្រទាំងអស់ សូមស្ដាប់ការណែនាំរបស់រាជរដ្ឋាភិបាល ដោយត្រូវធ្វើការនៅទីណាធ្វើការនៅទីនោះ រហូតដល់មានផែនការជាថ្មី ដែលរាជរដ្ឋាភិបាលឱ្យឈប់សម្រាកសងវិញចំនួន៥ថ្ងៃ នៅពេលដែលជំងឺកូវីដ១៩ បានថយចុះ ។









ចែករំលែកព័តមាននេះ