ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​អាជីវកម្ម​ដី​ឡូត៍​ត្រូវ​ដាក់​ពាក្យ​ស្នើ​លិខិត​អនុញ្ញាតិ ឬ​ប្រឈម​មុខការ​ផាកពិន័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​ទៅ​មុខ​គេ​សង្កេត​ឃើញ​មានការ​ធ្វើ​អាជីវកម្ម​ពុះ​ដី​ឡូត៍​លក់​មាន​សកម្មភាព​ផុសផុល​សឹង​នៅ​តំបន់ ។ ហើយ​នៅ​ក្នុង​ការ​រីក​ច​ម្រើ​នេះ​ក៏​មាន​ប្រជាពលរដ្ឋ​មិន​តិច​ដែរ​បាន​ចាញ់បោក ឬ​ទិញ​ដី​ខ្យល់ ប៉ុន្តែ​គ្រា​ខាង​មុខ​នេះ​សម្រាប់​អ្នក​ដែល​ទិញ​ដី​ឡូត៍​អាច​នឹង​មិន​មាន​ហានិភ័យ​ដូច​ពេល​មុន​នោះ​ឡើយ ព្រោះ​អាជ្ញាធរ​បាន​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ដី​ឡូត៍​ទាំងអស់​ត្រូវ​មក​ដាក់​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត​អាជីវកម្ម​អភិវឌ្ឍ​ដី​ឡូត៍​នៅ​តាម​មន្ទីរ ឬ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០​។…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​ទៅ​មុខ​គេ​សង្កេត​ឃើញ​មានការ​ធ្វើ​អាជីវកម្ម​ពុះ​ដី​ឡូត៍​លក់​មាន​សកម្មភាព​ផុសផុល​សឹង​នៅ​តំបន់ ។ ហើយ​នៅ​ក្នុង​ការ​រីក​ច​ម្រើ​នេះ​ក៏​មាន​ប្រជាពលរដ្ឋ​មិន​តិច​ដែរ​បាន​ចាញ់បោក ឬ​ទិញ​ដី​ខ្យល់ ប៉ុន្តែ​គ្រា​ខាង​មុខ​នេះ​សម្រាប់​អ្នក​ដែល​ទិញ​ដី​ឡូត៍​អាច​នឹង​មិន​មាន​ហានិភ័យ​ដូច​ពេល​មុន​នោះ​ឡើយ ព្រោះ​អាជ្ញាធរ​បាន​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ដី​ឡូត៍​ទាំងអស់​ត្រូវ​មក​ដាក់​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត​អាជីវកម្ម​អភិវឌ្ឍ​ដី​ឡូត៍​នៅ​តាម​មន្ទីរ ឬ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០​។

ពាក់ព័ន្ធ​និង​ការ​ទិញ​និង​លក់​ដី​ឡូត៍​នៅ​ពេល​កន្លង​មក​បើ​តាម​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ​មើលឃើញ​ថា​អ្នក​ដែល​ទិញ​ដី​ឡូត៍​ជួប​បញ្ហា​ច្រើន​ដោយ​អ្នកខ្លះ​ទិញ​ដី​មិនដឹង​ថា​ដី​ពិត​នៅ​កន្លែង​ណា​ហើយ​អ្នក​ផ្សេង​ទៀត​ទិញ​ប៉ះ​គម្រោង​ខ្យល់ ហើយ​ពួក​កាត់​ទាំងនេះ​ភាគច្រើន​មិន​មាន​ប្រាក់​ច្រើន​នោះ​ទេ​។

នាយក​ក្រុមហ៊ុន​Century 21 Fortuna Investment លោក វ៉ា វី​រៈ មាន​ប្រសាសន៍​ថា​«​កន្លង​មក​យើង​ឃើញ​មាន​បញ្ហា​ច្រើន​ទាក់ទង​និង​អ្នកទិញ​ដី​ឡូត៍ ហើយ​អ្នកខ្លះ​ដាក់​លុយ​ទៅ​ហើយ​មិនដឹង​ដី​របស់​ខ្លួន​នៅឯណា និង​អ្នកខ្លះ​ទៀត​ទិញ​ប៉ះ​ចាំ​ដី​ខ្យល់​។​អីចឹង​ក្រសួង​ធ្វើ​នេះ​ដើម្បី​ការពារ​ហានិភ័យ​ទៅ​ដល់​អតិ​ថ​ជិន​ឬ​អ្នកទិញ​ដី​ឡូត៍ ដូច​យើង​ដឹង​ហើយ​អ្នកទិញ​ដី​ឡូត៍​ភាគច្រើន​ពួក​គាត់​មិនសូវ​មាន​ថវិកា​ច្រើន​នោះ​ទេ អីចឹង​ការណ៍​នេះ​ជួយ​ការពារ​ហានិភ័យ​របស់​ពួក​គាត់​»​។ លោក​បាន​បន្ត​ថា​« បើសិន​ក្រសួង​អនុវត្ត​ការ​ជូនដំណឹង​នេះ​ឱ្យ​បាន​តឹង​រឹង ព្រោះ​យើង​បានដឹង​ស្រាប់​ហើយ​ថា​ការ​ទិញ​ដី​ឡូត៍​ត្រូវការ​កាត់ឈ្មោះ ផ្ទេរ​កម្ម​សិទ្ធ​ទៅ​ឱ្យ​បុគ្គល​ផ្សេង​។​អីចឹង​បើ​ក្រសួង​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ខ្ញុំ​គិត​ថា​នឹង​មានការ​កាត់​បន្ថយ​បាន​ហានិភ័យ​ច្រើន​»​។

តាម​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ពេល​ក្រសួង​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ដី​ឡូត៍​មក​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​អាជីវកម្ម​ដី​ឡូត៍​នៅ​ក្រសួង គោលដៅ​ចម្បង​នៃ​ការ​ដាក់​ចេញ​នៅ​ច្បាប់​ផ្សេង​ៗ​គឺ​ដើម្បី​ការពារ​ហានិភ័យ​ឬ​ផលប្រយោជន៍​ដល់​អ្នកទិញ ព្រោះ​កន្លង​មក​មានការ​ឆបោក​មាន​ច្រើន​។

យោង​តាម​លិខិត​ជូនដំណឹង​ស្តី​ពី «​ការ​គ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​ដី​ឡូត៍​»​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ទី​៨ ខែមេសា បានឱ្យ​ដឹង​ថា យោង​តាម​ប្រកាស​លេខ​០៩៨ ចុះ​ថ្ងៃ​ទី​២០ ខែមករា​២០២០ ស្តី​ពី​ការ​គ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ដី​ឡូត៍​(​ពោះ​ដី​ឡូត៍​) ទាំងអស់​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត​អាជីវកម្ម​អភិវឌ្ឍ​ដី​ឡូត៍​ពី​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី ខេត្ត សម្រាប់​អាជីវកម្ម​អភិវឌ្ឍ​ដី​ឡូត៍​ដែល​មាន​ទំហំ​ក្រោម​១​ម៉ឺន​ម៉ែត្រការ៉េ ឬ​ស្មើ​១​ហិ​កតា​និង​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​អភិវឌ្ឍ​ដី​ឡូត៍​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​អភិវឌ្ឍ​ដី​ឡូត៍​ដែល​មាន​ទំហំ​ចាប់ពី​១​ម៉ឺន​ម៉ែត្រការ៉េ​ឬ​ស្មើ​១​ហិ​កតា​ឡើង​។

លិខិត​ជូនដំណឹង​គូសបញ្ជាក់​ថា​«​ដូច្នេះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សូម​អ​ញ្ញើញ​ម្ចាស់​អាជីវកម្ម​អភិវឌ្ឍ​ដី​ឡូត៍​ទាំងអស់​ត្រូវ​រួសរាន់​មក​ដាក់​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត​និង​អាជ្ញា បណ្ណ​អាជីវកម្ម​ដី​ឡូត៍​ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០​ជា​កំហិត​។

ក្នុង​ករណី​មិន​អនុវត្ត​តាម​ការ​ណែនាំ​ខាងលើ ក្រសួង ឬ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នឹង​ចាត់វិធានការ​រដ្ឋបាល​និង​ធ្វើការ​ផាកពិន័យ​ស្រប​តាម​ប្រកាស​លេខ​០៩៨ ចុះ​ថ្ងៃ​ទី​២០​ខែមករា​ឆ្នាំ​២០២០​ស្តី​ពី​ការ​គ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ