ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA លោក Aleksander Ceferin ជឿជាក់ថាក្រុមហង្សក្រហម Liverpool នឹងក្លាយជាជើងឯកលីគរដូវកាលនេះ បើទោះបីជាការប្រកួត Premier League បន្តលេងវិញ ឬក៏អត់ ។

បាល់ទាត់ក្នុងប្រទេសអង់គ្លេស នៅមិនទាន់ដឹងថាពេលណានឹងវិលត្រឡប់មកកាន់ការប្រកួតខ្លួនវិញ បន្ទាប់ពីបានប្រកាសផ្អាកដោយគ្មានកំណត់ពេល ស្របពេលដែលបច្ចុប្បន្នប្រទេសនេះ កំពុងតែរងផលប៉ះពានល់ពីការផ្ទុះនៃវីរុស COVID-19 ដោយបានឆក់យកជីវិតមនុស្សចំនួន ៧,០៩៧នាក់ និងមានករណីឆ្លងកើនឡើងដល់ ៦០,៧៣៣ករណី ។
Liverpool បច្ចុប្បន្នកំពុងឈរលើកំពូលតារាង Premier League ដោយដាច់ចំនួន ២៥ពិន្ទុពីក្រុមលេខ២ Manchester City ជាមួយកំណត់ត្រាដ៏អស្ចារ្យជាច្រើនរបស់ពួកគេក្នុងរដូវកាលនេះ ។
លោក Aleksander Ceferin បានប្រាប់កាសែតកីឡា Ekipa របស់ប្រទេសស្លូវេនីថា «ខ្ញុំមើលឃើញថាគ្មានផ្លូវទេសម្រាប់ Liverpool ដែលមិនអាចក្លាយជាម្ចាស់ជើងឯក ។ ប្រសិនបើការប្រកួតបន្តលេងវិញ ពួកគេប្រាកដជានឹងឈ្នះវា បើទោះបីជាតាមទ្រឹស្តីកីឡា មិនទាន់ឈានដល់កម្រិតដែលត្រូវបានធានាក៏ដោយ»។
បុរសជនជាតិស្លូវេនីវ័យ៥២ឆ្នាំ ដដែលបានបន្តថា «ទោះបីជាយ៉ាងណាក៏ដោយប្រសិនបើការប្រកួតមិនអាចត្រឡប់មកវិញ វាក៏ចាំបាច់ណាស់ត្រូវប្រកាសលទ្ធផលតាមមធ្យោបាយណាមួយ និងស្វែងរកគន្លឹះមួយចំនួនអំពីការកំណត់ម្ចាស់ជើងឯក ។ ជាថ្មីម្តងទៀតខ្ញុំនៅតែមិនឃើញសេណារីយ៉ូណាមួយ ដែលបង្ហាញថាមិនមែនជាក្រុម Liverpool»៕ (ដកស្រង់ចេញពី Sky Sports)
ចែករំលែកព័តមាននេះ