រាជធានីភ្នំពេញ ៖ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនចំនួន៧រូប ដែលជាក្រុមជំនួយដំបូងរបស់ចិនបញ្ជូនមកកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះ បានត្រឡប់ទៅកាន់មាតុប្រទេសវិញហើយនាថ្ងៃទី៧ ខែមេសា ម្សិលមិញនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីនហួរ ។ មុនពេលចាកចេញពីកម្ពុជា អ្នកជំនាញចិន បានប្រាប់ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ កុំធ្វេសប្រហែស ពេលបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ បើមិនដូច្នោះទេ អាចមានហានិភ័យនៃការឆ្លងនៅក្នុងសហគមន៍ ។

ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន ទាំង៧រូប ដែលភាគីចិន បញ្ជូនមកប្រទេសកម្ពុជាកាលពីថ្ងៃទី២៣ ខែមីនា ដើម្បីចែករំលែកបទពិសោធល្អៗដល់កម្ពុជា ក្នុងកិច្ចប្រឹងប្រែងព្យាបាល និងទប់ស្កាត់និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ COVID-19 នេះ ។

លោកវេជ្ជបណ្ឌិត Ai Xiang ជាប្រធានក្រុមអ្នកជំនាញវេជ្ជសាស្ត្រ និងជាអនុប្រធាននាយកដ្ឋានការពារសុខភាព នៃគណៈកម្មាធិការសុខាភិបាល និងសុខភាពក្នុងតំបន់ស្វយ័តខេត្តក្វាងស៊ី ប្រទេសចិន បានផ្តល់យោបល់ថា ខែមេសានេះ ជាខែដែលកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ហើយជាដំណាក់កាលសំខាន់បំផុត ដែលត្រូវចូលរួមទប់ស្កាត់នឹងមេរោគកូវីដ១៩នេះ ។

សូមជម្រាបថា កាលពីថ្ងៃទី០៣ មេសា អ្នកសារព័ត៌មានចិនមួយរូប គឺកញ្ញា Sarai Zhang បានធ្វើការសម្ភាសន៍លោកវេជ្ជបណ្ឌិត Ai Xiang ថា សម្រាប់ប្រជាជនខ្មែរ តើលោកមានមតិ ឬសំណើរអ្វីខ្លះសម្រាប់បង្ការ និងទប់ទល់នឹងមេរោគកូវីដ១៩នេះ ?
វេជ្ជបណ្ឌិត Ai Xiang លោកបានឆ្លើយជាដំបូងថា «ពាក់ម៉ាស់ ឧស្សាហ៍លាងដៃ ជៀសវាងចេញទៅខាងក្រៅ» ។
លោក Ai Xiang បន្តទៀតថា ទាំងបីវីធីនេះ ប្រជាជនខ្មែរបានយល់ដឹងច្បាស់ហើយ ធ្វើតាមទៀតក៏ដោយ សម្រាប់កម្ពុជា ខែមេសានេះ គឺដំណាក់កាលសំខាន់គន្លឹះតែម្តង សម្រាប់ទប់ទល់នឹងមេរោគដ៏សាហាវនេះ ។ ពិសេសក្នុងខែនេះ ប្រទេសកម្ពុជានឹងអបអរសាទរចូលឆ្នាំថ្មី បើយើងធ្វេសប្រហែស យល់ឃើញថា អ្នកឆ្លងក៏មិនសូវច្រើនទេ បើប្រៀបធៀបជាមួយប្រទេសមួយចំនួន ។ ហើយស្ថិតនៅផ្ទះយូរ មានអារម្មណ៍អផ្សុកដែរ ចង់ឆ្លៀតឱកាសចូលឆ្នាំថ្មី ជួបជុំជាមួយមិត្តភក្តិ បងប្អូន ញាតិសន្តាន ក្រុមគ្រួសារនោះ នឹងមានហានិភ័យធំណាស់សម្រាប់ឆ្លងមេរោគដោយមានលក្ខណៈសហគមន៍ ។
«ការឆ្លងមេរោគដោយមានលក្ខណៈសហគមន៍ ជាបញ្ហាដ៏ធ្ងន់ធ្ងរណាស់ សម្រាប់ទប់ទល់នឹងកូវីដ១៩» តាមលោក Ai Xiang ពន្យល់ថា ពាក្យនេះប្រហាក់ប្រហែលន័យថា ក្នុងតំបន់មួយមេរោគនេះឆ្លងរវាងមនុស្សនិងមនុស្ស មិនគ្រាន់តែឆ្លងរវាងសមាជិកក្រុមគ្រួសារតែប៉ុណ្ណោះទេ គ្រូពេទ្យមិនអាចស្វែងរក និងកំណត់ច្បាស់នូវប្រភពមេរោគមកពីណា ។ នោះចំនួនមនុស្សឆ្លងនឹងផ្ទុះឡើងយ៉ាងឆាប់រហ័ស ។
លោកវេជ្ជបណ្ឌិត បន្ថែមទៀតថា កម្ពុជាពេលនេះ គ្រប់គ្រងបាននូវសភាពការណ៍ ដោយសារយល់ដឹងច្បាស់ប្រភពមេរោគមកពីណា ភាគច្រើនគឺមកពីខាងក្រៅ ដូចជាជនជាតិបរទេសនាំចូល… ខ្មែរទៅចូលរួមកម្មវិធីនៅម៉ាឡេស៊ី… លោកអត់ចង់ឃើញថា កម្ពុជាឈានចូលសភាពការណ៍ឆ្លងមេរោគកូវីដ១៩ មានលក្ខណៈសហគមន៍ទេ ។ បើមានការឆ្លងមេរោគជាលក្ខណៈសហគមន៍នោះ ចំនួនមនុស្សឆ្លងនឹងផ្ទុះយ៉ាងលឿន ហេតុដូច្នេះសង្ឃឹមថា ប្រជាជនខ្មែរគ្រប់គ្នា គួរតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជាងគេចំពោះប្រការនេះ ។
សូមយកប្រទេសចិន ជាឧទាហរណ៍ ពេលមេរោគកូវីដ១៩ ផ្ទុះឡើង គឺចំនឹងបុណ្យចូលឆ្នាំចិន ។ ប្រទេសចិនមានប្រជាជនចំនួនជាង១ពាន់៤រយលាននាក់ តែរដ្ឋាភិបាលចិន ប្រកាសបិទទីក្រុងទាំងអស់ កុំចេញមក បើមិនមានការចាំបាច់ ។ ប្រជាជនចិនទ្រាំ រហូតដល់បច្ចុប្បន្ននេះ ជាងពីរខែផុតទៅហើយ ប្រទេសចិនឥឡូវ បានទទួលជោគជ័យ ជាជំហានដំបូង គឺអត់មានអ្នកឆ្លងថ្មី (មានអ្នកឆ្លងថ្មី សុទ្ធតែអ្នកត្រឡប់មកពីក្រៅប្រទេស) ។
វេជ្ជបណ្ឌិតជំនាញនិងមានបទពិសោធន៍មកពីក្រុងវ៉ូហាន លោកបានបញ្ជាក់ថា ចំនួនប្រជាជនខ្មែរតិចជាងចិនខ្លាំងណាស់ សង្ឃឹមថា ប្រជាជនខ្មែរ ក៏អាចទ្រាំ នៅផ្ទះ ក្នុងបុណ្យចូលឆ្នាំថ្មីនេះ ។ យើងនៅផ្ទះអត់ជួបជុំគ្នាតែលើកនេះ ការពារអាយុជីវិតយើង ចាំផុតពីគ្រាលំបាកនេះ យើងពិតជានឹងមានឱកាសច្រើនសប្បាយរីករាយ ។ យើងអត់ជួបជុំគ្នាក្នុងពេលចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីការពារខ្លួនផង ការពារក្រុមគ្រួសារផង ការពាអ្នកផ្សេងផង រហូតដល់ការពារប្រជាជនខ្មែរទាំងអស់តែម្តង ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ៧ មេសា នៅវិមានសន្តិភាព រាជរដ្ឋភិបាលកម្ពុជាសម្រេចផ្អាកការចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយតម្រូវឲ្យស្ថាប័នរដ្ឋ និងឯកជនធ្វើការធម្មតា ហើយរដ្ឋនឹងសងវិញចំនួន ៥ថ្ងៃ ឲ្យឈប់សម្រាកនៅពេលក្រោយ នេះគឺជាវិធានការមួយ ក្នុងចំណោមវិធានការឯទៀតរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ៕

ចែករំលែកព័តមាននេះ