រាជធានីភ្នំពេញ ៖ គ្រប់បញ្ហាមិនមែនសុទ្ធតែបង្កើតនូវរឿងរ៉ាវអវិជ្ជមានទាំងអស់នោះទេ តួយ៉ាងវត្តមានវីរុសកូវីដ១៩ ដែលកំពុងតែក្រឡុកសេដ្ឋកិច្ចពិភពលោកឲ្យងងឹតមុខឈឹង និងបានបណ្តាលឲ្យអាជីវកម្មខ្លះឈរជើងលែងជាប់ដូចនៅកម្ពុជា វីរុសមួយនេះបានធ្វើឲ្យវិស័យទេសចរណ៍ និងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរងគ្រោះធ្ងន់ធ្ងរឈានដល់ការបិទសណ្ឋាគារ និងរោងចក្រមួយចំនួនធំ តែកូវីដ១៩ តែវាមិនបានធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្ម និងចំណីអាហារឡើយ ។

បន្ថែមពីលើនេះ អ្នកជំនាញអចលទ្រព្យបានបង្ហាញនូវការយល់ឃើញថាវីរុសកូវីដ ១៩ ហាក់បានធ្វើឲ្យវិស័យអចលទ្រព្យនៅទ្រឹងនិងការធ្លាក់ចុះនៃវិស័យអចលទ្រព្យក៏ពិតមែន តែបើសិនជាអ្នកវិនិយោគមានទស្សនៈវិស័យវែងឆ្ងាយ នោះវិបត្តិកូវីដ១៩ គឺជាឱកាសមាសប្រាក់សម្រាប់កើបលុយទៅវិញ ។

លោក ង៉ែត ជូ អ្នកជំនាញអចលទ្រព្យនិងជាទីប្រឹក្សាសេដ្ឋកិច្ចមួយរូបបាននិយាយថា អញ្ចឹង បើសិនជាអ្នករកស៊ីចង់វិនិយោគសម្រាប់រយៈពេលខ្លី គឺមិនគួរវិនិយោគដោយការទិញផ្ទះ ឬទិញដី ទុកលក់សម្រាប់រយៈពេលប៉ុន្មានខែខាងមុខនោះទេ ព្រោះលទ្ធភាពនៃការរកប្រាក់ចំណេញគឺគ្មានឡើយ តែមានតែបង្កនូវហានិភ័យ នាំខាតឡុងចុងទៅវិញ ។

លោកបានមានប្រសាសន៍បញ្ជាក់ថា «យើងអត់ដឹងថាវិបត្តហ្នឹងនឹងមានពេលវេលាអូសបន្លាយដល់ពេលណាទេ ត្រឹម ៣ខែ ៦ខែ ឬមួយឆ្នាំ ។ អញ្ចឹងបើវិបត្តិអូសបន្លាយកាន់តែយូរ ឱកាសនៃការវិនិយោគរបស់អ្នកមានលទ្ធភាព មានសាច់ប្រាក់កាន់តែប្រសើរ » ។ នៅពេលសាកសួរថាហេតុអ្វីបានជាត្រូវរង់ចាំពី ៣ ទៅ ៦ ខែខាងមុខដើម្បីធ្វើការវិនិយោគលើវិស័យអចលទ្រព្យ ព្រោះពេលនេះវិស័យមួយនេះហាក់រងផលប៉ះពាល់ដោយសារតែកូវីដនោះ លោក ង៉ែត ជូ បានបញ្ជាក់យ៉ាងដូច្នេះថា «អញ្ចឹងអ្វីដែលខ្ញុំជូនជាយោបល់ គឺអាចរង់ចាំមើលពី ៣ ខែទៅ ៦ ខែ ខាងមុខទៀត ជាពិសេស ជាទូទៅនៅរដូវវស្សា បើទោះបីជាទីផ្សារដំណើរការល្អ ក៏មិនសូវមានភ្ញៀវចុះទិញអចលទ្រព្យនោះទេ អញ្ចឹងការវិនិយោគគួរតែរង់ចាំពី ៣ ទៅ ៦ ខែ ខាងមុខ» ។

លោកបានបន្តថា «ម្យ៉ាងវិញទៀត អ្នកវិនិយោគគួរដឹងថាការវិនិយោគនេះគឺជាការវិនិយោគរយៈពេលវែង មិនមែនមានន័យថាទិញរយៈពេល២ ឬ ៣ខែហើយដាក់លក់វិញនោះទេ ព្រោះមិនប្រាកដថាបានចំណេញ តែអាចថាកប់ដើម ឬត្រូវបង្ខំចិត្តលក់ខាតវិញ ។ អញ្ចឹងអ្នកវិនិយោគគួរតែមានលទ្ធភាពរយៈពេលវែង និងមានគោលបំណងវិនិយោគរយៈពេលវែង ។ រយៈពេលវែងដែលខ្ញុំមានន័យកន្លែងនេះ តាមពិតទៅបើវិនិយោគក្រោម ២ ឬ ៣ ឆ្នាំមិនគួរណាប្រឡូកក្នុងវិស័យអចលទ្រព្យនេះទេ តែយកល្អគួរតែវិនិយោគចាប់ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំឡើងទៅ » ។

លោកបានបញ្ជាក់បន្ថែមថា «ពីព្រោះវិបត្តិអាចនៅអូសបន្លាយ ហើយការងើបឡើងវិញនូវសេដ្ឋកិច្ច អាចស៊ីពេលវេលាយូរ យ៉ាងហោច ក៏ ២ ឬ ៣ ឆ្នាំដែរ នេះបើលឿនវិញ ហើយបើយើងចង់លក់បានលឿនគឺមិនងាយទេ ព្រោះអចលទ្រព្យគឺជាទ្រព្យរយៈពេលវែងសំដៅថាមិនងាយបង្វិលជាសាច់ប្រាក់វិញ អញ្ចឹងវាល្អសម្រាប់អ្នកមានលទ្ធភាពនិងចក្ខុវិស័យសម្រាប់ការវិនិយោគរយៈពេលវែង» ៕
ចែករំលែកព័តមាននេះ