អាហ្វ្រិក ៖ អ្នកនយោបាយអាហ្វ្រិកខាងត្បូងដ៏លេចធ្លោម្នាក់ ដែលបានទទួលមរណភាពកាលពីសប្តាហ៍មុន ត្រូវបានគេដាក់ឱ្យនៅក្នុងឡាន Mercedes ជាទីស្រឡាញ់របស់គាត់ ជំនួសឱ្យមឈូសធម្មតា ទៅតាមបំណងចុងក្រោយរបស់គាត់។
លោក Tshekede Bufton Pitso ដែលជាអតីតមេដឹកនាំចលនាប្រជាធិបតេយ្យសហប្រជា (យូឌីអេម) នៅភាគខាងកើត Cape បានទទួលមរណភាពកាលពីសប្តាហ៍មុន បន្ទាប់ពីដើរដួលនៅពេលដើរទៅរករថយន្តប្រចាំថ្ងៃរបស់គាត់ Mercedes E500 ជំនាន់ឆ្នាំ៩០ផ្លាយ។ អតីតអ្នកជំនួញរូបនេះធ្លាប់មានឡានម៉ាក Mercedes ដ៏ប្រណីតជាច្រើនគ្រឿង ប៉ុន្តែត្រូវបង្ខំចិត្តលក់វាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីធ្លាក់ក្នុងគ្រាលំបាក។
ទោះជាយ៉ាងណាក៏ដោយ គាត់នៅតែអាចទិញយករថយន្ត E500 ដែលគេប្រើហើយ មកធ្វើជារថយន្តប្រចាំថ្ងៃបានផងដែរ។ គាត់បានប្រាប់កូនចៅថា រថយន្តនេះគឺជាអ្វីដែលគាត់ចូលចិត្តបំផុត ហើយគាត់ក៏ចង់យករថយន្តនេះទៅជាមួយនៅពេលដែលគាត់បាត់បង់ជីវិតដែរ។ កាលពីចុងសប្តាហ៍មុនពួកគេបានគោរពតាមបំណងប្រាថ្នារបស់គាត់។
មេដឹកនាំដ៏មានប្រជាប្រិយម្នាក់នៅ Cape រូបនេះ បើទោះជាបាត់បង់ជីវិតហើយក៏ដោយ ក៏នៅតែមានប្រជាជនជាច្រើននាក់មកចូលរួមពិធីបញ្ចុះសពរបស់លោកដែរ។ ពួកគេនៅតែមកចូលរួម បើទោះបីជាពេលនេះកំពុងតែមានកូវីដ១៩ វាយលុកក៏ដោយ។
ជាក់ស្តែងការបញ្ចុះសពមនុស្សនៅក្នុងរថយន្តមិនមែនជារឿងដំបូងក្នុងករណីរបស់លោក Pitso ទេ កាលពីប៉ុន្មានឆ្នាំមុន យើងឃើញមានការចុះផ្សាយអំពីបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ដែលបានគោរពឪពុកដោយកប់គាត់នៅក្នុងរថយន្តម៉ាក BMW X5 ដែលមានតម្លៃ ៩០០០០ដុល្លារហើយកាលពី៥ឆ្នាំមុន ពាណិជ្ជករជនជាតិនីហ្សេរីយ៉ាម្នាក់ទៀតបានបញ្ចុះម្តាយរបស់គាត់នៅក្នុងរថយន្ត Hummer SUV ៕ (យោងតាមប្រភពពី www.odditycentral.com)
ចែករំលែកព័តមាននេះ