យុវជន​ម្នាក់​ម្តាយ​ថា​នឹង​រកប្រពន្ធ​ឱ្យ​នៅ​​ឆ្នាំ​ក្រោយ បែរជា​ត្រូវ​ជួប​គ្រោះ​ទៅ​វិញ


ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ដែល​ត្រូវ​បាន​ម្តាយ​ប្រាប់​ថា​នឹង​រកប្រពន្ធ​ឲ្យ​ឆ្នាំ​ក្រោយ​នោះ​ត្រូវ​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ព្រោះតែ​ជិះ​ម៉ូតូ​បង្ហោះ​នៅ​លើ​ផ្លូវ​សាធារណៈ ហើយ​ក៏​ទៅ​ប៉ះ​នឹង​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​ឈប់​ចាក់​សាំង​ក្បែរផ្លូវ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦​អា ស្ថិត​ត្រង់​ចំណុច​ចុង​ភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ។

បើ​តាម​លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​ករណី​បង្ក​ឱ្យ​បាត់បង់​ជីវិត​ដោយ​ខ្លួនឯង ហើយ​ជន​រង​គ្រោះ​ខាងលើ​នេះ​ឈ្មោះ​មុន ទី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​បែន ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ត្រូវ​គេ​បុក​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ចាស់ ពណ៌​ក្រហម ដែល​មាន​ម្ចាស់​ឈ្មោះ សូត្រ ទ្រី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ ភូមិ​សែ​សិន ក្រុង​សិរី​សោភ័ណ ។

លោក​អធិការ​បាន​បន្ត​ថា បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះ​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ដោយ​ជិះ​ម្នាក់ឯង ហើយ​បាន​បង្ហោះ​ម៉ូតូ​ប្រហែលជា​៣០​មែ​ត្រ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ចុង​ភូមិ​ស្ទឹង ឃុំ​រលួស ក៏​រេ​ចង្កូត​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ក្រហម ខណៈ​ពេល​ដែល​ម្ចាស់​ម៉ូតូ​កំពុង​ឈប់​ចាក់​សាំង​នៅ​ក្បែរ​ចិញ្ចើមថ្នល់ ហើយ​ម៉ូតូ​នោះ​មាន​ដាក់​ទូកញ្ចក់​នៅ​លើ​ម៉ូតូ​សម្រាប់​ដាក់​លក់​កណ្តូប ច​ង្រឹ​ត ដើម្បី​ជិះ​លក់​តាម​ភូមិ​ផង​ដែរ បណ្តាល​ឱ្យ​បែក​កញ្ចក់​ទូ​នោះ ក៏​មុត​ត្រូវ​ជន​រង​គ្រោះ​ដែល​បង្ហោះ​ម៉ូតូ​ត្រង់​ដើម​.​ក ធ្វើ​ឱ្យ​ដូ​ល​ប្រកាច់​បាត់បង់​ជីវិត​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម​តែ​ម្តង​។

លោក​អធិការ​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ គឺ​ដោយសារ​តែ​ជន​រង​គ្រោះ​បាន​បើក​បង្ហោះ​ម៉ូតូ ហើយ​នេះ​សំណាងល្អ​ដែល​ម្ចាស់​ម៉ូតូ​ដែល​កំពុង​ចាក់​សាំង​នោះ បាន​ដើរទៅ​គិតលុយ​ថ្លៃ​សាំង​ឲ្យ​អ្នកលក់ បើសិនជា​នៅ​ឈរ​ក្បែរ​នោះ​វិញ ក៏​នឹង​អាច​ឈាន​ដល់​គ្រោះថ្នាក់​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ និង​សមត្ថកិច្ច​បាន​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។

បើ​តាម​ប្រភព​ប្រជាពលរដ្ឋ​ក្បែរ​កន្លែង​កើតហេតុ បាន​និយាយ​ថា តាម​ការ​ពោល​រៀបរាប់​របស់​ម្តាយ​ជន​រង​គ្រោះ​ខាងលើ និយាយ​ថា គាត់​តែងតែ​ប្រដៅ​ណែនាំ​កូន​ដែរ កុំ​ឲ្យ​សូវ​ដើរ​លេង និង​បើក​ម៉ូតូ​លឿន​ៗ​ពេក ក្រែង​ប៉ះពាល់​គេឯង ហើយ​គាត់​ថា នឹង​រកប្រពន្ធ​ឲ្យ​ឆ្នាំ​ក្រោយ តែ​ពេល​នេះ​បែប​ជា​បាត់បង់​ជីវិត​ទៅ​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ