ខេត្តសៀមរាប ៖ បើតាមលោកប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា មកដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ ក្នុងខេត្តសៀមរាប បានបញ្ចប់នូវការតាមដាន ដោយដាក់ឱ្យនៅដាច់ដោយឡែកពីគ្នារយៈពេល១៤ថ្ងៃហើយ ចំពោះអ្នកដែលពាក់ព័ន្ធប៉ះពាល់ដោយ ផ្ទាល់ និងដោយប្រយោលជាមួយបុគ្គលវិជ្ជមាន មេរោគ COVID-19 ទាំង៧នាក់ ក្នុងខេត្តសៀមរាប។
សេចក្តីរាយការណ៍បន្តថា ហើយមកដល់ពេលនេះ បានជាសះស្បើយជនជាតិខ្មែរ២នាក់ និង៥នាក់ទៀតកំពុងតែស្ថិតនៅបន្តការព្យាបាលក្នុងមន្ទីរពេទ្យ ដែលក្នុងនោះមានជនបរទេស២នាក់, បុរសខ្មែរម្នាក់, ស្ត្រីខ្មែរម្នាក់ និងក្មេងប្រុសម្នាក់។
លោកក្រុស សារ៉ាត តំណាងក្រុមគ្រូពេទ្យទាំងអស់បានថ្លែងអំណរគុណចំពោះការចូលរួម របស់បងប្អូនទាំងអស់គ្នា ព្រមទាំងការគាំទ្រ ជួយសំរបសំរួល សហការក្នុងការប្រតិបត្តិការងារច័ត្តាឡីស័ក ជាមួយក្រុមការងារកន្លងមក និងសូមអបអរជាមួយនឹងភាពអវិជ្ជមានមេរោគនេះ នៃបងប្អូនទាំងអស់គ្នា ។
លោកបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញ ក្រុមការងារច័ត្តាឡីស័ក និងក្រុមការងារឆ្លើយតបបន្ទាន់នៃមូលដ្ឋានសុខាភិបាលសាធារណៈខេត្តសៀមរាប នឹងខិតខំបន្តការងារពិនិត្យស្រាវជ្រាវរកអ្នកដែលប្រឈមមុខនៃការឆ្លងមេរោគ COVID-19 នេះក្នុងខេត្តសៀមរាបបន្តទៀត ជាពិសេសក្នុងចំណោមបងប្អូនដែលត្រឡប់មកពីបរទេស ដែលបាននិងកំពុងតែដាក់ឲ្យអនុវត្តនូវវិធានការណ៍រស់នៅដោយឡែករយៈពេល១៤ថ្ងៃ នៅតាមមូលដ្ឋាន តាមក្រុមគ្រួសាររៀងៗខ្លួន។
លោកសង្ឃឹម និងជឿជាក់លើបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ស្ថាប័ន វិស័យឯកជនទាំងឡាយ ក្នុងការរួមកំលាំងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ COVID-19 នេះក្នុងខេត្តសៀមរាប ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ