ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រូបសំណាក់យាយជីច្រូតស្រូវដែលមានអាយុកាល៦០ឆ្នាំ ត្រូវរំកិលចេញពីរង្វង់មូល ដើម្បីកសាងផ្លូវដែលត្រូវបានក្រុងពលី នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
ក្នុងពិធីក្រុងពលីបួងសួងផ្តូរទីតាំងរូបសំណាក់យាយជីច្រូតស្រូវ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់ថា រូបសំណាក់យាយជីតាជីច្រូតស្រូវនេះមានអាយុកាល៦០ឆ្នាំ ដែលកសាងឡើងនៅឆ្នាំ១៩៦០ រហូតដល់ឆ្នាំ២០២០នេះ គឺជារូបសំណាក់សំគាល់ថា ខេត្តបន្ទាយមានជ័យ ជាខេត្តជម្រុកស្រូវ។
លោកបានបញ្ជាក់ថា រូបសំណាក់យាយជីតាជីច្រូតស្រូវនេះ នៅរង្វង់មូលផ្លូវបំបែកជាបួនតភ្ជាប់ផ្លូវជាតិលេខ៥ ទៅក្រុងសិរីសោភ័ណទៅខេត្តបាត់ដំបង និងផ្លូវចូលផ្សាមង្គលបូរី និងផ្លូវតភ្ជាប់ស្រុកព្រះនេត្រព្រះ។
លោក លី សារី អភិបាលរងខេត្តបន្ទាយ មានជ័យបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យ ហើយគមនាគមន៍ផ្លូវថ្នល់ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងកសាងផ្លូវជាតិលេខ៥ ប្រភេទផ្លូវរថយន្ត៤កន្លង២ទៅ២មក។
លោកបានបញ្ជាក់ថា ក្រោមកសាងផ្លូវជាតិលេខ៥ ពង្រីកផ្លូវប៉ះពាល់ ទើបរំកិលរូបសំណាក់យាយជីច្រូតស្រូវទុកនៅសាលាស្រុកមង្គលបូរីសិន ក្រោយកសាងផ្លូវ ហើយរៀបចំដាក់រូបសំណាក់យាយជីតាជីច្រូតស្រូវនៅរង្វង់មូលផ្លូវបំបែកឡើងវិញ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ