រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ៥០ លានដុល្លារអាមេរិក ជាមួយ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់មូលនិធិគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមជនបទក្នុងប្រទេស ។
កិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីនេះ គឺជាទឡ្ហីករណ៍មួយបង្ហាញពីទំនុកចិត្តខ្ពស់ និងភាពជឿជាក់មកលើភាពរឹងមាំរបស់ ហត្ថាកសិករ លីមីតធីត ក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមទីជនបទឲ្យកាន់តែមានភាពទូលំទូលាយ ជាងមុន ។

យោងតាមការចុះផ្សាយព័ត៌មានរបស់ JICA ប្រាក់កម្ចីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឲ្យកាន់តែរីកចម្រើន បង្កើតឱកាសការងារ ធ្វើឲ្យប្រសើរឡើងនូវបរិយាប័នហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមបណ្តាតំបន់ជនបទ ព្រមទាំងកាត់បន្ថយភាពក្រីក្រ និងភាពខុសគ្នានៃកម្រិតជីវភាពក្នុងតំបន់នានានៃប្រទេសកម្ពុជា ។
អ្វីដែលសំខាន់បំផុតនោះ ការរីកចម្រើនរបស់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ស្ត្រី ។ ដូច្នេះប្រាក់កម្ចីនេះ មិនត្រឹមតែជួយដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ចំណុចទី ៨ ៩ និង ១៧ ផងដែរ ។
ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារអយុធ្យា (ក្រុងស្រ៊ី) ដែលជាធនាគារពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក ។

បច្ចុប្បន្ននេះ ៨២% នៃអតិថិជនរបស់ ហត្ថាកសិករ លីមីតធីត គឺមកពីតំបន់ជនបទ និង ៦១% នៃឥណទានត្រូវបានផ្តល់ជូនទៅឲ្យអតិថិជនជាស្ត្រី ។ ដូចនេះហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន លើសេវាហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៧ នៅទូទាំងប្រទេស ដើម្បីផ្តល់ជូននូវភាពល្អប្រសើរនៃបរិយាប័នហិរញ្ញវត្ថុ និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែបរួមមានសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស សេវាអេធីអ៊ឹម (ATM) និង សេវាធនាគារចល័ត ដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម និងអតិថិជនផ្សេងៗទៀត នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ