ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​នាយក​ប្រតិបត្តិ AirAsia Cambodia បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​សម្រាប់សហគ្រិនកម្ពុជា ក្នុង​ការ​ឆ្ពោះទៅ​រក​កំណើន​ប្រកបដោយចីរភាព ក្នុង​មហា​ស​ន្និ​បាក​ជាតិ YEAC ឆ្នាំ ២០២៦

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ណម វិស្សុត ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia Cambodia បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​កិត្តិយស​ក្នុង​មហាសន្និបាត​ជាតិ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC…

រាជធានី​ភ្នំពេញ ៖ លោក ណម វិស្សុត ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia Cambodia បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​កិត្តិយស​ក្នុង​មហាសន្និបាត​ជាតិ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC National Convention 2026) ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​ជា​ច្រើន​រូប ​។ ក្នុង​មហាសន្និបាត​នោះ លោក ណ​ម វិស្សុត បាន​ចែករំលែក​នូវ​ចក្ខុវិស័យ​សម្រាប់​អនាគត​នៃ​វិស័យ​ធុរកិច្ច​កម្ពុជា ដោយ​ផ្តល់​អនុសាសន៍​ឱ្យ​សហគ្រិន​ផ្លាស់​ប្តូរ ឥរិយាបថ​ពីអ្នកតស៊ូ​ត្រឹមតែ​ដើម្បី​រស់ (Survivor” ដែល​ផ្តោត​តែ​លើ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​ទៅ​ជាអ្នក​ស្ថាបនា (Architects) និង​មាន​ឥទ្ធិពល​យ៉ាង​សកម្មដែល​ជា​អ្នក​រៀបចំ​គម្រោងក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សេដ្ឋកិច្ច​ក្នុង​តំបន់​ឱ្យ​កាន់តែ​ទូលំទូលាយ ​។

ក្នុង​បទ​បង្ហាញ​ក្រោម​ប្រធានបទ «ការ​កសាង​អាជីវកម្ម​ក្នុង​ស្ថានភាព​លំបាក ​៖ របៀប​ដែល​សហគ្រិន​អាច​រៀបចំ​ប្រព័ន្ធ​សេដ្ឋកិច្ច» ។ លោក ណម វិស្សុត បាន​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​អំពី​បញ្ហា​ប្រឈម​ជាក់ស្ដែង​នៃ​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង ទីផ្សារ​កំពុង​អភិវឌ្ឍ​ ។ លោក​បាន​ណែនាំ​នូវ​គោលការណ៍ “​ការ​គិត​ជា​ពីរ​បែប (Dual Thinking) ដែល​ជា​សមត្ថភាព​ដ៏​សំខាន់​ក្នុង​ការ​ផ្ដោត លើ​ប្រាក់​ចំណេញ​ផង ការ​យល់​ដឹង​ពី​ប្រព័ន្ធ​ច្បាប់ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​ផង​ ។ លោក​បាន​សង្កត់ធ្ងន់​ថា ដើម្បី​ឱ្យ​អាជីវកម្ម​កម្ពុជា រីក​ចម្រើនប្រកបដោយ​ចីរភាព​សហគ្រិន​ត្រូវ​ផ្ដោត​សំខាន់​លើ​ជំនាញ​ឯកទេស ច្បាស់លាស់​ជាមួយនឹង​និរន្តរភាព​រយៈពេល​វែង ជា​ជាងការ​ពង្រីក​ខ្លួន​ឱ្យ​ធំ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ខ្វះ​មូលដ្ឋាន​គ្រឹះ​រឹង​មាំ ​។

មហាសន្និបាត​នេះ ក៏​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​ការ​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិការ (MoC) រវាង AirAsia – Cambodia និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) ផង​ដែរ​ ។ តាម​រយៈ​ភាព​ជា​ដៃគូ​នេះ នឹង​បើកផ្លូវ​ឱ្យ សហគ្រិន​ក្នុងស្រុក​ទទួល​បាន​បណ្តាញ​ទំនាក់ទំនង និង​ធនធាន​ក្នុង​តំបន់​ឱ្យ​កាន់តែ​សម្បូរ​បែប ដែល​ផ្ដោត​សំខាន់​លើ​ការ​ជួយ ជ្រោមជ្រែង​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ឱ្យ​មាន​លទ្ធភាព​ពេញលេញ ក្នុង​ការ​ប្រកួតប្រជែង លើ​ទីផ្សារ​អាស៊ាន ​។

វេទិកា​នេះក៏​បាន​បង្ហាញ​នូវ​សមិទ្ធផល​ជាតិ​សំខាន់​ៗ​ជា​ច្រើន​រួម​មាន ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី «លទ្ធភាព​ទទួល​បាន ហិរញ្ញប្បទាន​លើក​ទី ​៥» ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ​បណ្ឌិត សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និងពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិក្ខាកាម​ចំនួន ២០០​រូប ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​កម្មវិធី​ឌី​ជី​ថ​ល សម្រាប់​សហគ្រាស ធុន​តូច​បំផុត តូច និង​មធ្យម (MSME Digital Program) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ​។ ជា​កិច្ចបញ្ចប់ ពិធី​ផ្ទេរតំណែង​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​សម្រាប់ អាណត្តិ​ឆ្នាំ ២០២៧-២០១៩ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ឯកឧត្តម ខួប​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​នី​ ។

ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​រក្សា​និរន្តរភាព​នៃ​ការ​ប្រកួតប្រជែង លោក ណម វិស្សុត បាន​គូសបញ្ជាក់​ថា ភាព​ជោគជ័យ​មិនមែន កើតឡើង​ត្រឹមតែ​ពី​ទេព​កោសល្យ​ពី​កំណើត ឬ​មហិច្ឆតា​នោះ​ទេ ​។ លោក​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​លើគោលការណ៍គ្រឹះ​សំខាន់​ៗ​ទាំង ​៤ ​រួម​មាន ការ​ហ្វឹកហាត់​ដ៏​ច្បាស់លាស់​ដើម្បី​ទទួល​បាន​សមត្ថភាព​ពិតប្រាកដ​, សមត្ថភាព​ឆ្លងកាត់​ឧបសគ្គ​ប្រកបដោយ​ភាព​ធន់​, ការ​ផ្លាស់​ប្តូរ​ទម្លាប់​ដើម្បី​ទទួល​បាន​បំ​ណិ​ន​ជីវិត​ដែល​មាន​វិន័យ និង​របៀប​គិ​ក​ដែល​បត់បែន​គ្រប់​កាលៈទេសៈ​ ។

លោក ណ​ម វិស្សុត បាន​បញ្ចប់​បទ​បង្ហាញ​នេះដោយ​លើក​ឡើង​ថា ​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិការ ជាមួយ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) គឺ​តំណាង​ឱ្យ​ជំហាន​អនុវត្ត​ដ៏​សំខាន់​មួយ ក្នុង​ការ​ជួយ​លើកកម្ពស់​សមត្ថភាព សហគ្រិន​ក្នុងស្រុក​ឱ្យ​អភិវឌ្ឍ​ជំនាញ​សំខាន់​ៗ​ទាំងនេះ​បាន ​។ ហើយ​លោក​ក៏​បាន​រំលឹក​បន្ថែម​ថា «អ្នកដឹកនាំ​ដែល​បោះបង់​នៅ​ពេល ប្រឈម​បញ្ហា​ដំបូង នឹង​មិន​អាច​រៀន​ពី​របៀប​គ្រប់គ្រង និង​ឈាន​ទៅ​រក​ជោគជ័យ​បាន​ឡើយ​» ។ កិច្ចសហការ​នេះ គឺជា​ការ​ប្ដេជ្ញា​ចិត្ត​រួម ក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ច​ឱ្យ​កាន់តែ​មាន​ភាព​ធន់ មាន​សមាហរណកម្ម​ឌី​ជី​ថ​ល និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ខ្ពស់ ក្នុង​តំបន់​ដើម្បី​អនាគត​នៃ​ប្រទេស​កម្ពុជា ​៕