រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ញឹម ច័ន្ទថន បានចេញមុខពន្លះទៅកាន់មហាជនមួយចំនួនដែលបានរិះគន់មកលើលោក ម៉េង ប៊ុនឡូ ថា ពេលធ្លាក់ខ្លួនសុំជំនួយ ខណៈពេលដែលអតីតតារាសម្តែងរូបនេះ បានចូលសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរដោយសារជំងឺដែលលោកបានផ្ទុកអស់ជាច្រើនឆ្នាំ ។

តារាចម្រៀងស្រីរូបនេះបានចាត់ទុកការរិះគន់មកលើលោក ម៉េង ប៊ុនឡូ ពីមហាជនមួយចំនួននាពេលនេះ គឺដោយសារអ្នកទាំងនោះមិនបានដឹងរឿងច្បាស់ ដ្បិតលោក ម៉េង ប៊ុនឡូ បានព្យាយាមលក់ទ្រព្យដែលមានដើម្បីព្យាបាលស្ទើរអស់ពីក្រោយ ហើយក្នុងអំឡុងពេលនេះក៏រូបលោកមិនដែលហាមាត់សុំជំនួយពីខាងនោះដែរ ។
យ៉ាងណា ក្នុងនាមអ្នករាប់គ្នាក្នុងរង្វង់សិល្បៈជាង២០ឆ្នាំ ជាមួយតារាសម្តែងលោក ម៉េង ប៊ុនឡូ តារាចម្រៀងនាង ញឹម ច័ន្ទថន បានចាត់ទុកតារាប្រុសរូបនេះ គឺជាតារាគំរូក្នុងវិស័យសិល្បៈ ព្រោះជាមនុស្សស្លូតបូត និងមិនដែលមានរឿងអាស្រូវអ្វីនោះឡើយ ។

ជាមួយរូបថតកាលពីសំដែងរួមគ្នា ជាមួយលោក ម៉េង ប៊ុនឡូ បង្ហោះលើបណ្តាញសង្គមតារាចម្រៀង និងសម្តែងនាង ញឹម ច័ន្ទថន បានភ្ជាប់ជាមួយសំណេរលើកឡើងថា រូបនេះពេលថតរឿងខ្លួនឯង ធ្វើរួមគ្នាជាមួយបងប្រុស ម៉េង ប៊ុនទ្បូ គាត់ជាមនុស្សស្លូត គំរូល្អក្នុងវិស័យសិល្បៈ តាំងខ្ញុំស្គាល់ជាង២០ឆ្នាំហើយ គាត់ជាមនុស្សល្អខ្លាំង មិនដែលមានរឿងអាស្រូវ ។
នាងបន្តថា ខ្ញុំក៏ធ្លាប់ធ្វើការរួមជាមួយគ្នាច្រៀងថតក៏ច្រើន និងរួមធ្វើកុនជាមួយគ្នា គាត់ឈឺយូរហើយធ្លាប់លក់ផ្ទះ លក់ទ្បាន និងគ្រឿងភ្លេងជាច្រើនឈុត គាត់មិនដែលសុំជំនួយពីអ្នកណាទេ ហើយគាត់ក៏មិនចេះរអ៊ូរដាក់អ្នកណាដែរ អ្នកខ្លះមិនដឹងរឿងចេះដៀលថា អោយគេជាន់គេថែម អាងស្អីសិល្បៈឈឺសុំជំនួយ ពេលរកលុយបាន មិនចេះទុកដាក់ពេលឈឺអាងស្អីសុំជំនួយហើយ ។

ត្រង់ចំណុចនេះ នាង ញឹម ច័ន្ទថន បានបញ្ជាក់ថា បើមិនដឹងច្បាស់ កុំចេះជាន់ពេក លោកព្រះអើយ! ធ្វើបុណ្យខ្លះទៅ ខ្មែរដូចគ្នា ដូចខ្ញុំនិយាយចឹងគាត់ឈឺយូរហើយ មើលអស់ច្រើនដែរ ហើយឥឡូវគាត់ប្រាប់មិនអោយសុំជំនួយដែរ សូមចិត្តអ្នកខ្លះដឹងគាត់ច្បាស់នៅ បើដឹងច្បាស់ចាំនិយាយ បើមិនច្បាស់កុំនិយាយនាំបាប។ បើមិនជួយអីគេទេ កុំចេះតែមានមាត់ចេះតែនិយាយគេខុស!😏ហត់មាត់មនុស្សខ្លះ អត់ដឹងច្បាស់ចេះនិយាយគេ អូខេបងចុងក្រោយប្អូនមានតែជូនពរបងប្រុសឆាប់ជាសះស្បើយ ហើយកុំខ្វល់មាត់អ្នកខ្លះ ព្រោះមានបងប្អូន និងអ្នកសិល្បៈច្រលននៅស្រលាញ់បង ។
គួរបញ្ជាក់ថា អតីតតារាសម្តែងលោក ម៉េង ប៊ុនឡូ ត្រូវបានមិត្តភក្តិជិតស្និតរបស់លោកទម្លាយឲ្យមហាជនបានដឹងពីស្ថានភាពជំងឺរបស់លោកដែលលាក់ទុកអស់ជាច្រើនដោយមិនមានអ្នកដឹងនោះឡើយ ខណៈពេលដែលលោកជួបការខ្វះខាត និងមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការព្យាបាល ។

តារាសម្តែងលោក សាវីន ហ្វីលីព ដែលជាមិត្តភក្តិជិតស្និទ្ធិរបស់លោកបានទម្លាយរឿងរ៉ាវនេះតាមរយៈបណ្តាញសង្គម បន្ទាប់ពីអាការៈរបស់ហាក់មិនស្រួល ហើយបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាលពីពេលថ្មីៗនេះ ។
លោកម៉េង ប៊ុនឡូ បានលាក់ទុកជំងឺបែកសរសៃជើងខាងឆ្វេងនេះយូរមកហើយ ដោយសារគ្មានលុយធ្វើការវះកាត់ព្យាបាល (ប្រហែល៣ពាន់$) ប៉ុណ្ណោះ ហើយវេជ្ជបណ្ឌិតធ្លាប់ព្រមានគាត់ថា បើគាត់មិនព្រមធ្វើការព្យាបាលសរសៃជើងឆ្វេងនេះអោយទាន់ពេលទេ លោកអាចនឹងប្រឈមមុខនឹងជំងឺគាំងបេះដូងនៅថ្ងៃមុខ ។
លោក សាវីន ហ្វីលីព បានលើកឡើងបន្ថែមថា ដំបូងលោក ម៉េង ប៊ុនទ្បូ មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ហើយខំរត់ហាត់ប្រាណបញ្ចុះជាតិស្ករដែលជាហេតុធ្វើអោយបែកសរសៃជើងវែនខាងឆ្វេងភ្ជាប់ទៅបេះដូងតែម្ដង ។



ចែករំលែកព័តមាននេះ