រាជធានីភ្នំពេញ ៖ តារាសម្តែងនាង គៀត សុវណ្ណាឡាង នៅតែមិនអស់ចិត្តចំពោះការបន្តរិះគន់ និងពេបជ្រាយពីមហាជនមួយចំនួន មកលើរូបនាងពីការធ្លាក់ខ្លួនមកលក់កាហ្វេ ខណៈពេលដែលនាងក៏ធ្លាប់ជាតារាដែលមានឈ្មោះល្បីម្នាក់ផងដែរ ។

បើទោះបីជាតារាស្រីធ្លាប់បានបញ្ជាក់ច្បាស់ចំពោះរឿងខាងលើនេះក៏ដោយ ប៉ុន្តែរហូតមកទល់ពេលនេះ នាងក៏នៅតែទទួលការរិះគន់បែបនេះដដែល ដែលធ្វើឲ្យនាងហាក់រង្គាសចិត្តយ៉ាងខ្លាំង ។
ជាថ្មីម្តងទៀត គៀត សុវណ្ណាឡាង បានបញ្ជាក់ជាថ្មីតាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមថា ឆ្ងល់ដែរ គ្រាន់តែខ្ញុំមកបើកលក់កាហ្វេនិងវាយ៉ាងម៉េចបាននិយាយពីខ្ញុំអត់ចេះចប់អញ្ជឹង សុទ្ធតែម៉េចបានធ្លាក់ខ្លួនមកលក់កាហ្វេអញ្ជឹង ហើយវាថីគ្រាន់តែខ្ញុំលក់កាហ្វេនឹងសម្រាប់ខ្ញុំមិនថាមុខរបរនោះតូចឬក៏ធំ ប៉ុន្តែឲ្យតែជាមុខរបរសុចរិត នឹងមិនធ្វើបាបអ្នកណា វាជាកម្លាំងយកឈាមខ្ញុំៗសប្បាយចិត្ត ។

ជាការកត់សម្គាល់នេះ មិនមែនជាលើកទីមួយទេ ដែលតារាស្រីនាង គៀត សុវណ្ណាឡាង បានចេញមុខឆ្លើយតបចំពោះមហាជនមួយចំនួនដែលបន្តរិះគន់ និងវាយប្រហារលើរូបនាងដែលបង្កើតមុខរបរលក់កាហ្វេនាពេលនេះ ។
កន្លងមក តារាស្រីរូបនេះក៏ធ្លាប់បានគូសបញ្ជាក់ថា មានគេខ្លះនិយាយថា ម្តេចខ្ញុំក៏ធ្លាក់ខ្លួនមកលក់កាហ្វេអ៊ីចឹង តែសំរាប់ខ្ញុំមិនថា ការងារ ឬរកស៊ីអ្វីឡើយអោយតែសុចរិត មិនកេងប្រវ័ញ្ចគេ និងមិនធ្វើបាបអ្នកណាមួយ គឺខ្ញុំហ្នឹងធ្វើ ។នាងថា អ្នកខ្លះគាត់អាចមើលមកគិតថា ការរកស៊ីខ្ញុំវាតូចមិនសមនឹងខ្ញុំ តែសំរាប់ខ្ញុំសប្បាយចិត្តនឹងធ្វើវា អាចមិនល្អមើលតែល្អ បើថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យខ្ញុំអាចលក់បាន១០០កែវជាងទៅ២០០កែវ ។

ដោយឡែក ពាក់ព័ន្ធការងារសិល្បៈវិញ គៀត សុវណ្ណាឡាង កន្លងមក ធ្លាប់បានអះអាងថា សំរាប់ការថតរឿងវិញមានគេទាក់ទងមក៣រឿងដែរ តែការថតរឿងខ្ញុំមិនមែនតែចេះតែទទួលទេ ខ្ញុំត្រូវមើលសាច់រឿងដែរទើបទទួល ហើយរឿងខ្លះទៀតត្រូវថតចំថ្ងៃខ្ញុំរវល់ការងារផ្ទាល់ខ្លួន ហើយរឿងខ្លះទៀតខុសតម្លៃ ។
ជាការកត់សម្គាល់ មួយរយៈពេលចុងក្រោយនេះ តារាសម្តែង គៀត សុវណ្ណាឡាង មិនសូវមមារញឹកខ្លាំងក្នុងការងារសិល្បៈទេ ដោយសារនាងដាក់ចិត្តដាក់កាយពង្រីកមុខរបរតូចតាចមួយ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិតវិញ ។

មុខរបរលក់កាហ្វេរបស់តារាសម្តែង គៀត សុវណ្ណាឡាង ក៏កំពុងជោគជ័យ ជាហេតុធ្វើឱ្យនាង ហាក់លែងសូវខ្វល់រឿងថតកុនដូចមុនទៀត ហើយនាងក៏មិនខ្មាស់អៀនក្នុងការបើករកស៊ីមុខរបររកស៊ីដ៏សាមញ្ញមួយនេះដែរ ។
ទោះជាយ៉ាងណា ថ្វីដ្បិតតែមិនមានស្នាដៃថ្មីបង្ហាញមហាជន ប៉ុន្តែតារាសម្តែង គៀត សុវណ្ណាឡាង បានបញ្ជាក់ថា នាងនៅតែស្រឡាញ់សិល្បៈ ហើយនាងនឹងឆ្លៀតឱកាសចូលរួមសម្តែងនៅក្នុងរឿងផ្សេងៗ ប្រសិនបើនាងមានពេលវេលាគ្រប់គ្រាន់ ៕



ចែករំលែកព័តមាននេះ