ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មរតកដូនតាមិនអាចបាត់បង់៖ សិល្បករចម្លាក់​ថ្ម​នៅរុនតាឯក ប្តេជ្ញាផ្ទេរចំណេះដឹងដល់យុវជនជំនាន់ក្រោយ

15 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ព្រមទាំង​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​សិល្បៈ​ចម្លាក់​ថ្ម នៅ​ក្នុងភូមិ​ធម្មជាតិ​រុន តា​ឯក សង្កាត់​រុន​តា​ឯក ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ខេត្តសៀមរាប​ឱ្យ​ប្រកប​អាជីព​រក​ប្រាក់…

ខេត្ត​សៀម​រា​ប ៖ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ព្រមទាំង​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​សិល្បៈ​ចម្លាក់​ថ្ម នៅ​ក្នុងភូមិ​ធម្មជាតិ​រុន តា​ឯក សង្កាត់​រុន​តា​ឯក ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ខេត្តសៀមរាប​ឱ្យ​ប្រកប​អាជីព​រក​ប្រាក់ កម្រៃ​ផ្គត់ផ្គង់​គ្រួ​សារបាន​ប្រសើរ និង​ឱ្យ​ជួយ​បង្ហាត់បង្រៀន​ដល់​យុវជន​នៅ​ទីនោះ ឱ្យ​ចេះ​ជំនាញ​ដាប់​ឆ្លាក់​រូប​អំពី​ថ្ម ដែល​ជា​ជំនាញ​ដូនតា​ខ្មែរ​បន្សល់​ទុកជា​យូរ​មក​ហើយ ។

លោក សេក សេន ម្ចាស់​សិប្បកម្ម​ចម្លាក់​ថ្ម នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ឱ្យ​ដឹង​ថា​លោក​ចេះ​ជំនាញ​ឆ្លាក់​រូប​ថ្ម​និង​ឈើ ដោយសារ​តែ​លោក​បាន​ចូល​រៀន នៅ​សាលា​សិល្បៈ អា​ទី​សង់​អង្គរ​(Artisans Angkor) ក្នុង​ខេត្ត​សៀម រាប តាំង​តែ​ពី ២០​ឆ្នាំ​មុន​។​  ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ លោក​បាន​ចេះ​ជំនាញ​ឆ្លាក់​ថ្ម​និង​ឈើ​ជា​ច្រើន ដូច​ជា​ឆ្លាក់ ក្បាច់​ផ្កា ភ្ញី រូប​សត្វ រូប​អប្សរា​និង​រូប​អាទិទេព​ជា​ច្រើន​ទៅ​តាម​ទម្រង់​ក្បួន​បុរាណ​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់​ទុក​នៅ​តាម​ប្រាសាទ​និង​សំណង់​នានា​។

លោក សេក សេន បញ្ជាក់​ថា ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ឱ្យ​លោក​ជួយ​បង្រៀន​ជំនាញ​ដាប់​ឆ្លាក់​ថ្ម ដល់​យុវជន​ជំនាន់​ថ្មី​នេះ គឺ​លោក​ពេញចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​កំពុង​ខិតខំ​ប្រឹងប្រែង​ជួយ​បង្រៀន​ដល់​យុវជន​ដែល​ចង់​ចេះ​ជំនាញ​ដាប់​ឆ្លាក់​ថ្ម​នេះ ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ឱ្យ​យុវជន​ទាំងនោះ​អាច​បន្ត​ថែរក្សា​មរតក​វប្បធម៌​អរូបី​របស់​ដូនតា​ខ្មែរ ឱ្យ​គង់វង្ស​បាន​យូរអង្វែង​តទៅ​ទៀត​។

លោក សេក សេន សំណូមពរ​ឱ្យ​យុវជន​ជា​ច្រើន គួរតែ​ចូល​មក​រៀន​ជំនាញ​ដាប់​ឆ្លាក់​ថ្ម​នេះ ពីព្រោះ​វា​ប្រសើរ​ជាង​ការ​យក​ពេលវេលា​ទៅ​ចំណាយ​ធ្វើ​រឿង​អ្វីមួយ​ដែល​គ្មាន​ប្រយោជន៍​។

លោក​សេក គី​ន ជា​យុវជន​ម្នាក់​ដែល​បាន​ចូល​រៀន​ជំនាញ​ដាប់​ឆ្លាក់​ថ្ម នៅ​ទីនោះ​រយៈ ពេល​៦​ខែ​មក​ហើយ ឱ្យ​ដឹង​ថា​បច្ចុប្បន្ន លោក​ចេះ​ឆ្លាក់​រូប​សត្វ​និង​ក្បាច់​ផ្សេង​ៗ​ខ្លះ​ៗ​នៅ​លើ​ថ្ម​។ លោក​ថា រូប​លោក​ពេញចិត្ត​និង​ជំនាញ​ឆ្លាក់​ថ្ម​នេះ ពីព្រោះ​វា​នឹង​ធ្វើ​ឱ្យ​លោក​មាន ចំណេះ​ពិតប្រាកដ​នៅ​ថ្ងៃ​ខាង​មុខ ព្រមទាំង​អាច​រក​ប្រាក់​កម្រៃ​ជួយ​ដល់​ជីវភាព​គ្រួសារ បាន​ល្អ​ជាង​ការងារ​សំណង់​ដែល​លោក​ធ្លាប់​ធ្វើ​កន្លង​មក​។

បច្ចុប្បន្ន​នេះ បើ​ទោះបីជា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ព្រមទាំង​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួយ​ជ្រោមជ្រែង​ដល់​សិប្បកម្ម​ចម្លាក់​ថ្ម នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក រយៈពេល​៣​ឆ្នាំទៅ​មុខ​ទៀត​ក៏​ដោយ ក៏​មាន​យុវជន​តិចតួច​បាន​ទៅ​រៀន​និង​ចាប់​យក​ជំនាញ​នេះ​នៅឡើយ​។

អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាត់​ទុក​ថា​សិល្បៈ​ចម្លាក់​ថ្ម គឺជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី ដ៏​មាន តម្លៃ​មួយ​ក្នុង​ចំណោម​សម្បត្តិ​បេតិកភណ្ឌ​អរូបី ជា​ច្រើន​ទៀត ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​រាប់​ពាន់​ឆ្នាំ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ