ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យាយដើរបេះបន្លែតាមព្រៃភ្នំ និងឡើងដើមអំពិលខ្ពស់ៗដើម្បីចិញ្ចឹម​ចៅកំព្រា​ (មានវីដេអូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ពិតជា​គួរ​ឱ្យ​អាណិត​​ស្ត្រី​​ចំណាស់​ម្នាក់​ជាពន់ពេក ខណ​:​គាត់​មានកូន​ប្រុស​ស្រី​រហូត​ដល់​ទៅ​៥​នាក់ដែរ​ តែ​ដោយសារ​ពួក​គេ​មាន​ជីវភាព​ក្រីក្រ មិន​អាច​ចិញ្ចឹម​ម្តាយ​ម្នាក់​​បាន ទើប​បណ្តោយ​ឱ្យ​គាត់​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ជាមួយនឹង​ចៅ​កំព្រា​​ម្នាក់​ ហើយ​​រាល់ថ្ងៃ​​ស្ត្រីចំណាស់រូបនេះ​ប្រកប​របរ​ដើរ​បេះបន្លែតាមព្រៃភ្នំដូចជា​ស្លឹក​ផ្ទី ស្លឹក​បាស ស្លឹក​ម្រះ…

ខេត្ត​ប៉ៃលិន ៖ ពិតជា​គួរ​ឱ្យ​អាណិត​​ស្ត្រី​​ចំណាស់​ម្នាក់​ជាពន់ពេក ខណ​:​គាត់​មានកូន​ប្រុស​ស្រី​រហូត​ដល់​ទៅ​៥​នាក់ដែរ​ តែ​ដោយសារ​ពួក​គេ​មាន​ជីវភាព​ក្រីក្រ មិន​អាច​ចិញ្ចឹម​ម្តាយ​ម្នាក់​​បាន ទើប​បណ្តោយ​ឱ្យ​គាត់​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ជាមួយនឹង​ចៅ​កំព្រា​​ម្នាក់​ ហើយ​​រាល់ថ្ងៃ​​ស្ត្រីចំណាស់រូបនេះ​ប្រកប​របរ​ដើរ​បេះបន្លែតាមព្រៃភ្នំដូចជា​ស្លឹក​ផ្ទី ស្លឹក​បាស ស្លឹក​ម្រះ និង​ឡើងដើមអំពិលខ្ពស់ៗដើម្បី​​បេះ​ស្លឹក​អំពិល ​ព្រមទាំង​​ទិញ​បន្លែ​គេ​បន្ថែម ​ដោយ​ជួល​តូប​ក្នុង​ផ្សារ​ដាក់​លក់បន្លែទាំងនោះ​ បាន​ប្រាក់​​បន្តិចបន្តួច​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។ អ្នកខ្លះ​គេ​ស្គាល់​ក៏​ជួយ​ទិញ​បន្លែ​របស់​គាត់ អ្នកខ្លះ​ទៀត​ដើរ​ហួស ​ធ្វើ​ឱ្យ​គាត់​នៅ​សល់​បន្លែ​ជា​ច្រើន​ទៀត​លក់​អត់​ដាច់ អង្គុយ​អស់សង្ឃឹម ។

​ស្ត្រីចំណាស់​ខាងលើ​ឈ្មោះ ហំ ម៉ៃ អាយុ​៦៧​ឆ្នាំ មាន​ប្តី​ឈ្មោះ ហូ​វ ហាច អាយុ​៧៥​ឆ្នាំ ​បាន​លែងលះ​គ្នា​​អស់រយៈពេលច្រើនឆ្នាំ​​មកហើយ​ ដោយ​មានកូន​ចំនួន​៥​នាក់ (ប្រុស​ម្នាក់​ ស្រី​៤​នាក់) ។ បច្ចុប្បន្ន ​ស្ត្រីចំណាស់ម្នាក់ខាងលើ​ចិញ្ចឹម​ចៅ​កំព្រា​ម្នាក់​ឈ្មោះ ចិ​ត្រា តារា​វិ​ឆៃ ភេទ​ប្រុស អាយុ​៩​ឆ្នាំ រៀន​ថ្នាក់​ទី​១ នៃ​សាលា​បឋម​សិក្សា​ផ្សារ​ព្រំ រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

តាម​ការ​រៀបរាប់​របស់​​ស្ត្រី​​ចំណាស់​ខាងលើ​បានឱ្យ​ភ្នាក់ងារ​កោះសន្តិភាព​ឱ្យ​ដឹង​កាលពី​វេលា​ម៉ោង​៩និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​​២ ខែមេសា ឆ្នាំ​២០២០ នៅ​ក្នុង​ផ្សារ​ព្រំ​ថ្មី​ថា គាត់​មានស្រុក​កំណើត​រស់នៅ​ខេត្តកំពង់ចាម ​និង​​មាន​ប្តី​ម្នាក់ កាលពី​សម័យ​ប៉ុ​ល​ពត ហើយ​ក៏​រួម​រស់នៅ​ជាមួយ​គ្នា​រហូត​បានកូន​ប្រុស​ស្រី​ចំនួន​៥​នាក់ ។

គាត់​​បាន​បន្ត​ថា ក្រោយមក​ដោយសារ​ជីវភាព​ក្រីក្រ ប្តី​របស់​គាត់​មិន​ទ្រាំ​រស់នៅ​រកស៊ី​ចិញ្ចឹម​កូន​ៗ​ឡើយ បែរជាទៅ​លួច​មាន​ប្រពន្ធ​ថ្មី​ម្នាក់​ទៀត ហើយ​ក៏​បាន​លែង​លះគាត់​ចោល​ ទុក​ឱ្យ​គាត់​ចិញ្ចឹម​កូន​ទាំង​៥​នាក់ តែ​ម្នាក់ឯង​យ៉ាង​ត្រដាបត្រដួស ។ ចាប់តាំងពី​ពេល​នោះ​មក គាត់​មិន​ហ៊ាន​យកប្តី​​ទៀត​ទេ ព្រោះ​ខ្លាច​គេ វាយ​ធ្វើបាប​កូនៗ ទើប​សុខចិត្ត​ទ្រាំ​រស់នៅ​មេម៉ាយ ។

គាត់បានបន្ត​ថា កាលពី​ជាង​១០​ឆ្នាំ​មុន ដោយសារ​ជីវភាព​ខ្វះខាត​ខ្លាំង​ពេក គាត់​ក៏​បាន​ដាច់​ចិត្ត​នាំ​កូនៗ​ទាំង​៥​នាក់ មក​ជួល​ផ្ទះ​គេ រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​រកស៊ី​ចិញ្ចឹម​កូន​ទាំង​អស់នោះ​រហូត​ដល់​ធំ​ៗ​អស់ ។ តែ​ពួក​គេ​មិន​បាន​រៀនសូត្រ​ឱ្យ​បាន​ជ្រៅជ្រះ​នោះ​ទេ ព្រោះតែ​​គាត់​គ្មាន​លទ្ធភាព ។

គាត់បាន​បន្ត​ថា លុះ​ក្រោយមក​ ពួក​គេក៏​មាន​ប្តី​ប្រពន្ធរស់​​បែក​គ្នា​អស់​ទៅ ដោយ​កូន​ខ្លះ​យកប្តី បែក​ទៅ​រស់នៅ​ឯ​ខេត្តកំពង់ចាម កូន​ខ្លះ​ទៀត​ចេញ​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ ទើប​ទុក​ឱ្យ​គាត់​រស់នៅ​ជាមួយ​ចៅ​កំព្រា​ម្នាក់ ខណ​:​​ឪពុក​បាន​ចែកឋាន​​ចោល​តាំងពី​នៅ​តូច​ក្រូចឆ្មា​រ​មក​ម៉្លេះ​ ។ រីឯ​ម្តាយ​របស់​គេ បាន​យកប្តី​ថ្មី​ម្នាក់​ទៀត តែ​ប្តី​ចុង​នេះ​មានចិត្ត​កាច​ មិន​ឱ្យ​ក្មេង​រូប​នេះ​រស់នៅ​ជាមួយ​នោះ​ទេ ដូច្នេះ​គាត់​ក៏​សុខចិត្ត​រកស៊ី​ចិញ្ចឹម​ចៅ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

​ស្ត្រីចំណាស់​ខាងលើ​រៀបរាប់​ពី​ជីវភាព​រស់នៅ​បច្ចុប្បន្ន​​ទាំង​ទឹកភ្នែក​ថា គាត់​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ជាមួយ​ចៅ​កំព្រា ដោយ​១​ថ្ងៃ​ទៅ​១​ថ្ងៃ ពិតជា​មានការ​លំបាក​វេទនា​ខ្លាំង​ណាស់ ជួនកាល​គាត់​ឈឺ​នៅផ្ទះ​ មិនបានទៅ​​លក់ដូរ អត់​មាន​លុយ​ទិញ​អង្ករ​ច្រក​ឆ្នាំង​ ក៏​នាំ​ចៅ​ហូប​បបរ ។ ម្យ៉ាងទៀត​ក្នុង​១​ខែ​ត្រូវ​បង់ប្រាក់​ថ្លៃ​ឈ្នួល​ផ្ទះ​១០​ម៉ឺន​រៀល ហើយ​ជួល​តូប​គេ​លក់​បន្លែ ក្នុង​១​ខែ​១០​ម៉ឺន​រៀល​ផង​ដែរ ។ ជួនកាល​គាត់​លក់ដាច់​អស់ ក្នុង​១​ថ្ងៃ អាច​រក​ប្រាក់​ចំណូល​បាន​ចាប់ពី​១៥០០០​ទៅ​២០០០០​រៀល​ប៉ុណ្ណោះ ដោយ​បែងចែក​ទិញ​អង្ករ ម្ហូបអាហារ នៅ​សល់​តិចតួច ដើម្បី​ទុក​បង់ថ្លៃ​ផ្ទះ​គេ ។ ពេល​ខ្លះ​ទៀត គាត់​លក់​អត់​ដាច់ សល់​បន្លែ​ស្ទើរ​ទាំងអស់ បណ្តាល​ឱ្យ​រលួយ​ខូ​ច ហើយ​បន្លែ​ដែល​គាត់​លក់​ភាគច្រើន​គឺ​ដើរ​បេះ​ខ្លួនឯង​នៅ​តាម​ព្រៃ​ភ្នំ ដូច​ជា​ស្លឹក​បាស ស្លឹក​ផ្ទី ផ្លែស្វាយ និង​ឡើង​ដើម​អំពិល​ខ្ពស់​ៗដើម្បី​បេះ​ស្លឹក​យក​ទៅ​លក់​ផង​ដែរ ។

គាត់​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​ទាំង​ពីរ​នាក់​យាយ​និង​ចៅ​កំព្រា​ម្នាក់​នេះ រស់នៅ​ខ្វះ​មុខ ខ្វះ​ក្រោយ ខណ​:​រក​ប្រាក់​ឱ្យ​ថ្លៃ​ផ្ទះ​ជួល​គេ​ស្ទើរតែ​មិន​ទាន់ រីឯ​រាង​កាយ​ក៏​កាន់តែ​ចាស់​មាន​ជម្ងឺ​ជា​ប្រចាំ បើ​ពឹងពាក់​ទៅ​លើ​កូន ក៏​សុទ្ធតែ​ក្រីក្រ រកស៊ី​ចិញ្ចឹម​គ្រួសារ​របស់​គេ​រៀងៗខ្លួន​មិន​ចង់​គ្រប់ ហើយ​គ្មាន​ដី​ស្រែ​ចម្ការ​នឹង​គេ​នោះ​ទេ ។ ដូច្នេះ គាត់​មាន​តែ​ពឹង​ទៅ​លើ​កម្លាំង​របស់​ខ្លួន ដួល​ថ្ងៃ​ណា​ចាំ​គិត​ទៀត ហើយ​ជីវិត​គាត់​មិន​សំខាន់​ទេ ​បាត់បង់ជីវិតថ្ងៃ​ណា ក៏​​ថ្ងៃហ្នឹង​​ទៅ​ចុះ ។ តែ​គាត់​បារម្ភ​ពី​ចៅ​កំព្រា​​ម្នាក់​មិនដឹង​ជា​ទៅ​រស់នៅ​ជាមួយ​អ្នក​ណា​ទេ ពេល​គាត់​អស់​ជីវិត​ទៅ​ បើ​ពឹង​ម្តាយ ត្រូវ​ឪពុកចុង​វាយ​ធ្វើបាប ។ លើស​ពី​នេះ គាត់​ប្រាថ្នា​ឱ្យ​មាន​អាហារ​ហូប​ប្រចាំ​ថ្ងៃ​គ្រប់គ្រាន់ ហើយ​បើសិនជា​ប្រជាពលរដ្ឋ​អាណិតអាសូរ​ដល់​គាត់ សូម​ឱ្យ​ជួយ​ទិញ​បន្លែ​ធម្មជាតិ ដែល​គាត់​ខិតខំ​ប្រឹង​ដើរ​បេះ​ទាំងនេះ​ផង ព្រោះ​គ្មាន​សារធាតុ​គីមី​នោះ​ឡើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ