ទោះបិទច្រកទ្វារអន្តរជាតិ ក៏អាជីវករអាចលក់ដូរដាច់ធម្មតា(វីដេអូ)
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រហូតមកដល់ម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងផ្សារព្រំថ្មី ស្ថិតនៅក្បែរច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ គេសង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាចូលផ្សារទិញម្ហូបអាហារ និងមានគ្នាច្រើនដដែល ពោលគឺមិនស្ងប់ស្ងាត់ដូចនៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ី ក្នុងក្រុងប៉ៃលិននោះឡើយ ។

ប្រភពព័ត៌មានពីអាជីវករម្នាក់ឈ្មោះ មៀច សារិន ភេទស្រី អាយុ៣៩ឆ្នាំ ជាអ្នកលក់អង្ករ បានឱ្យដឹងថា ទោះបីជាមានការបិទច្រកទ្វារអន្តរជាតិព្រំក៏ដោយ គាត់នៅតែអាចលក់អង្ករដាច់ធម្មតាដូចពីមុនដែរ ។ ហើយចំពោះតម្លៃទីផ្សារ អង្កររបស់គាត់ គឺលក់ដូចកាលពីមុនដែរ ពោលគឺមិនឡើង ក៏មិនចុះតម្លៃអ្វីដែរ ។

បុរសម្នាក់ឈ្មោះ ស្រៀង អាយុ៤០ឆ្នាំ លក់ចានឆ្នាំង និងសម្ភារ:ប្រើប្រាស់ផ្ទះបាយផ្សេងៗទៀត បានឱ្យដឹងថា ការលក់ដូររបស់គាត់មានការកាក់កប មានអតិថិជនចូលទៅទិញប្រើប្រាស់ច្រើន ។ ប៉ុន្តែតាំងពីមានករណីផ្ទុះមេរោគកូវីដ១៩ រួចមក ការលក់ដូររបស់គាត់ហាក់ដូចជាមានការធ្លាក់ចុះជាងមុនបន្តិច ។ ប៉ុន្តែនៅតែមានម៉ូយចូលទៅទិញសម្ភារ:ប្រើប្រាស់ទាំងនោះជាធម្មតា មិនអត់ម៉ូយសោះនោះឡើយ ដោយក្នុង១ថ្ងៃៗអាចលក់បានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅមិនខ្វះខាតទេ ។

បើតាមសម្តីអាជីវករជាអ្នកលក់សាច់ជ្រូក និងលក់ស៊ុតមាន់ ទា បានរៀបរាប់ឱ្យដឹងស្រដៀងគ្នាដែរថា ការលក់ដូររបស់ពួកគាត់ គឺដាច់ធម្មតា ទោះបីជាមានករណីផ្ទុះជំងឺឆ្លង រហូតដល់បិទច្រកទ្វារអន្តរជាតិក៏ដោយ គឺប្រជាពលរដ្ឋនាំគ្នាទៅទិញម្ហូបអាហារ ត្រីសាច់ដូចសព្វដងដែរ ។

ចំណែកអ្នកលក់ត្រី ក៏បានឱ្យដឹងដែរថា ការលក់ដូររបស់គាត់មានការធ្លាក់ចុះជាងមុនបន្តិច ដោយកាលពីមុនអាចលក់ត្រី បានចាប់ពី១៤០ទៅ១៥០គីឡូក្រាមក្នុង១ថ្ងៃ ។ ប៉ុន្តែបច្ចុប្បន្នគាត់លក់បានត្រឹមតែ៧០ទៅ៨០គីឡូក្រាមប៉ុណ្ណោះក្នុង១ថ្ងៃ ហើយតម្លៃក៏មិនលើសពីមុនដែរ ។ គាត់បន្តទៀតថា ត្រីទាំងអស់នេះ គឺនាំចូលមកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិដូង ហៅឡែម ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក៏មានត្រីខ្មែរយើងខ្លះៗដែរ ។
ចំពោះអ្នកលក់បន្លែខ្លះរៀបរាប់ថា ឥឡូវក៏លក់ដាច់ដូចពីមុននោះទេ តែអ្នកលក់ខ្លះទៀត ត្អូញត្អែរថា ការលក់ដូរអត់សូវដាច់ដូចកាលពីមិនទាន់មានបញ្ហាបិទច្រកព្រំដែន ឬជំងឺឆ្លងកើតឡើង ។

ទោះបីជាយ៉ាងណា ការលក់ដូររបស់អាជីវករនៅក្នុងផ្សារព្រំថ្មី ក្បែរព្រំដែន គឺមានការកាក់កបជាងអាជីវករលក់ដូរនៅផ្សារផ្សេងទៀតក្នុងក្រុងប៉ៃលិន ព្រោះទោះបីជាមានបញ្ហាកើតឡើងក៏នៅតែមានមនុស្សអ៊ូរអរចូលទិញឥវ៉ាន់ដូចសព្វមួយដង ។ គេសង្កេតឃើញទិដ្ឋភាពក្នុងផ្សារ អ្នកខ្លះមានការប្រុងប្រយ័ត្នខ្ពស់ដោយពាក់ម៉ាសការពារ និងអ្នកខ្លះប្រើទឹកអាល់កុល ឬជែលលាងសម្អាតដៃ បន្ទាប់ពីកាន់ប្រាក់ពីអតិថិជនទិញឥវ៉ាន់របស់ពួកគេ ៕ (កែសម្រួលដោយ ៖ បុប្ផា)












ចែករំលែកព័តមាននេះ