ខេត្តព្រះសីហនុ ៖ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ តំណាងឱ្យលោកអភិបាលខេត្តអមដោយលោកប្រធានមន្ទីរកសិកម្មខេត្ត និងការិយាល័យជំនាញនៅក្នុងមន្ទីរ អភិបាលរងស្រុក រួមទាំងអាជ្ញាធរមូលដ្ឋាននាព្រឹកថ្ងៃទី២ មេសា ឆ្នាំ២០២០ បានចុះពិនិត្យការអនុវត្តគម្រោងទិវាអន្តរាគមន៍ភ្ជួររាស់ដីជូនកសិកក្រីក្រ នៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុបានមានប្រសាសន៍ថា នេះជាទិវាអន្តរាគមន៍ភ្ជួររាស់ដីជូនកសិករក្រីក្រ ស្ត្រីមេម៉ាយ ចាស់ជរា និងជនពិការដែលខ្វះមធ្យោបាយភ្ជួររាស់និងកម្លាំងពលកម្ម ជាគំរោងមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តក្រោមការឧបត្ថម្ភថវិកាកម្មវិធីរបស់រាជរដ្ឋាភិបាល ។
លោកប្រធានមន្ទីរបានមានប្រសាសន៍បន្ថែមថា នេះជាលើកទីមួយ ក្នុងការអនុវត្តជូនពលរដ្ឋដែលខ្វះកម្លាំងពលកម្មនៅក្នុងឃុំសាមគ្គីចំនួន៩គ្រួសារស្មើនឹងផ្ទៃដីចំនួន១០ហិកតា ដោយក្នុងនោះមានស្ត្រីមេម៉ាយជនពិការចាស់ជរានិងជនក្រីក្រ ។
នៅក្នុងឱកាសនោះដែរ លោកគង់ វិតាណៈ អភិបាលរងខេត្តបានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកអភិបាលខេត្តដល់ប្រជាពលរដ្ឋ និងអប់រំផ្សព្វផ្សាយពីវិធីការពារទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩របស់ក្រសួងសុខាភិបាលដល់ប្រជាពលរដ្ឋដើម្បីឱ្យបានយល់ដឹងផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ