ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ខូយ រីដា ជំរុញឱ្យអាជីវករ និងអាជ្ញាធរក្រុង រួមគ្នាដោះស្រាយបញ្ហាកកស្ទះ និងអនាម័យជុំវិញផ្សារថ្មី

9 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ចុះ​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ និង​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​ជុំវិញ​ផ្សារ​ថ្មី​ពោធិ៍សាត់ ។ ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្តពោធិ៍សាត់​បាន​ប្រកាស…

ខេត្តពោធិ៍សាត់ ៖ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​ចុះ​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ និង​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​ជុំវិញ​ផ្សារ​ថ្មី​ពោធិ៍សាត់ ។

ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខេត្តពោធិ៍សាត់​បាន​ប្រកាស នា​ថ្ងៃ​ទី​២៥ ខែមករា​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៦ លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ រួម​ដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត នាយករង​រដ្ឋបាល​សាលាខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​ពោធិ៍សាត់ គណៈកម្មការ​គ្រប់គ្រង​ផ្សារ និង​អ្នក​ទទួល​បន្ទុក​ភាស៊ី​បាន​អញ្ជើញ ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​អាជីវករ​លក់ដូរ ជុំវិញ​ផ្សារ​ថ្មី​ពោធិ៍សាត់ ដោយ​លោក​អភិបាលខេត្ត បាន​ណែនាំ និង​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង និង​បងប្អូន​អាជីវករ​លក់​ត្រូវ​ចូលរួម​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់ បរិស្ថាន​អនាម័យ​ជុំវិញ​ផ្សារ បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ចូល​ទិញ​ទំនិញ​ផ្សេង​ៗ ។

លោក អភិបាលខេត្ត សូម​ឱ្យ​អាជ្ញាធរ​ក្រុង និង​អ្នក​ពាក់ព័ន្ធ ត្រូវ​រួម​សហការ​រៀបចំ​ទីតាំង​លក់ដូរ​ឱ្យ​មាន​របៀបរាបរយ សណ្តាប់ធ្នាប់​ល្អ​ទៅ​តាម​ទីតាំង​បាន​កំណត់ កុំ​បណ្តែតបណ្តោយ​ឱ្យ​មានការ​ដាក់​លក់ទំនិញ​លើ​ផ្លូវ​តាម​បែប​អណាធិបតេយ្យ​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ ជា​ពិសេស​អ្នក​ចូល​ទិញ​ទំនិញ ។ ចំពោះ​សមត្ថកិច្ច​មូលដ្ឋាន គណៈកម្មការ​ផ្សារ និង​សន្តិសុខ​ត្រូវ​ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ​សន្តិសុខ​សុវត្ថិភាព នៅ​ក្នុង​និង​ជុំវិញ​ផ្សារ ព្រមទាំង​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង​រាល់​សំរាម កាក​សំណល់​រឹង រាវ និង​ប្រព័ន្ធ​បង្ហូរទឹក​ជុំវិញ​ផ្សារ​ជា​ពិសេស​បរិវេណ​មុខ​ផ្សារ​ឱ្យ​បាន​ស្អាត់​ល្អ និង​មាន​សោ​ភ័​ណ្ឌ​ភាព​។

លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ផ្សារ​ថ្មី​ពោធិ៍សាត់​រហូត​មក​ដល់​ពេល​នេះ ពិនិត្យ​ឃើញ​ថា មិន​ទាន់​មាន​សណ្តាប់ធ្នាប់​ល្អ​ប្រសើរ​នៅឡើយ​ទេ គឺ​អាជីវករ​មួយ​ចំនួន​បាន​សាងសង់​សំ​យ៉ាប​លក់ដូរ និង​អ្នក​យក​ភាស៊ី​ម៉ូតូ​រំលោភ​លើ​ចំណី​ផ្លូវ​សាធារណ បង្ក​ការ​កកស្ទះ​នៅ​តាម​ដងផ្លូវ​ទាំងនេះ ទាមទា​ឱ្យ​មានការ​រៀបចំ​របៀបរាបរយ​ឡើង​វិញ​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ផ្សារ​ថ្មី​ពោធិ៍សាត់​កាន់តែ​មាន​សោ​ភណ្ឌ​ភាព​អនាម័យ​បរិស្ថាន ។

លោក ជំរុញ​ឱ្យ​អាជ្ញាធរ​ក្រុង ត្រូវ​បន្ត​ពន្យល់​ណែនាំ​បងប្អូន​អាជីវករ​ឱ្យ​ពួក​គាត់​ចូលរួម​សហការ ធ្វើ​យ៉ាងណា​ឱ្យ ផ្សារ​ថ្មី​ពោធិ៍សាត់​មួយ​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​ពី​គ្រប់​មជ្ឈដ្ឋាន ។ តែ​ទោះជា​យ៉ាងនេះ​ក៏​ដោយ​សូម​ឱ្យ​អាជ្ញាធរ​ក្រុង គណកម្មការ​ផ្សារ​ត្រូវ​ពិនិត្យ​តាមដាន​ជាប់​ជា​ប្រចាំ ដើម្បី​ក្តាប់​បាន​នូវ​រាល់​បញ្ហា​ប្រឈម នានា​ដែល​កើត​មាន ជៀសវាង​បង្ក​ការ​ថ្នាំងថ្នាក់​ពី​សំណាក់​បងប្អូន​អាជីវករ​ក្នុង​ការ​ប្រកប​របប​ចិញ្ចឹមជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ