រាជធានីភ្នំពេញ ៖ ប្រជាជនទូទាំងប្រទេសកម្ពុជា ដែលបានស្គាល់កីឡាការិនី រាងខ្ពស់ស្រឡះ ហើយជាអតីតតារាម៉ូដែល ស៊ន សៀវម៉ី និងត្រូវបានប្រសិទ្ធនាមឈ្មោះឱ្យថា ជាវីរៈនារីដែលធ្វើឱ្យកម្ពុជាល្បីលើឆាកអន្តរជាតិនោះ មួយចំនួនប្រាកដជាមិនទាន់បានដឹងពីជីវប្រវត្តិផ្ទាល់ខ្លួនរបស់កីឡាការិនីដ៏ស្រស់សោភានេះនៅឡើយទេ។ ពេលនេះកោះសនិ្តភាពសូមនាំអារម្មណ៍អ្នកគាំទ្រទាំងអស់ឱ្យបានស្គាល់ពីស្ថានភាពបច្ចុប្បន្នរបស់នាងថា តើមូលហេតុអ្វីបានជាកីឡាការិនីរូបនេះ ពេញចិត្ត និងស្រឡាញ់វិស័យកីឡានេះ?
ស្ថិតនៅក្នុងវ័យ១៩ឆ្នាំ ស៊ន សៀវម៉ី កើតនៅថ្ងៃទី១៤ កញ្ញា ១៩៩៥ ក្នុងរាជធានីភ្នំពេញ ដែលមានម្តាយឈ្មោះសួន ចាន់ធី អាយុ៥៩ឆ្នាំ និងឪពុកឈ្មោះស៊ន ម៉េហ៊ាង តែបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងមានបងប្អូនបង្កើតចំនួន៦នាក់ ស្រី៣នាក់ ប្រុស៣នាក់ ហើយនាងគឺជាកូនស្រីពៅក្នុងគ្រួសារ។
ស៊ន សៀវម៉ី នាងបានចូលប្រឡូកក្នុងវិស័យកីឡាតាំងពីឆ្នាំ២០១០ មកម្ល៉េះ កាលណោះគ្រាន់តែចូលទៅលេងក្នុងក្លិបហ្វឹកហាត់ធម្មតាប៉ុណ្ណោះ ដោយរូបគេមានបងប្រុសស៊ន អេលីត និងបងស្រី ស៊នដាវីន កំពុងតែជាកីឡាករ និងកីឡាការិនីនៅទីនោះស្រាប់។ ក្រោយមកទៀត គ្រូបង្វឹកជាជនជាតិកូរ៉េ ដែលបានជួយជ្រោមជ្រែងនាងឱ្យទទួលបានមេដាយមាសបន្តបន្ទាប់ក្នុងបច្ចុប្បន្ននេះ បានឃើញរូបនាងមានរាងកាយ និងកម្ពស់សាកសមទៅនឹងប្រភេទកីឡានេះ ជាពិសេសការតស៊ូប្រឹងប្រែង ទើបធ្វើឱ្យគ្រូបង្វឹក ឆយ យ៉ុងសុក សម្រេចចិត្តជ្រើសរើសរូបគេឱ្យចូលក្លាយជាអ្នកកីឡាអាជីពតែម្តង។
នៅឆ្នាំដដែល ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍នោះ គ្រូបង្វឹកកូរ៉េខាងត្បូង ឆយ យ៉ុងសុក មិនបានដាក់ឈ្មោះឱ្យកីឡាការិនីរូបនេះចូលរួមប្រកួតឡើយ ដោយហេតុថា គេទើបប្រឡូកចូលវិស័យកីឡា ហើយមួយទៀតរូបនាង គឺស្ថិតនៅវ័យក្មេងខ្ចីនៅឡើយ ។
ប៉ុន្តែស្របពេលនោះ មានគ្រូជនជាតិខ្មែរមួយរូបបានដាក់រូបនាងឱ្យចូលរួមប្រកួត ដើម្បីដកស្រង់បទពិសោធន៍ ដោយកាលនោះរូបគេប្រកួតជាមួយកីឡាការិនីមកពីប្រទេសហ្វីលីពីន ដែលគេជាកីឡាការិនីអាជីព មានភាពល្អប្រសើរច្រើនជាង សៀវម៉ី តែបើទោះបីជាលើកជើងប្រកួតមិនបាន ក៏នាងនៅតែដើរសម្រុកចូលទៅរកដៃគូប្រកួតរបស់នាងរហូត ។ ដោយឃើញពីភាពអំណត់របស់នាងបែបនេះទើបធ្វើឱ្យខាងសហព័ន្ធជ្រើសរើសរូបនាង (សៀវម៉ី ) ឱ្យចូលរួមប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិជាបន្តបន្ទាប់ចាប់ពីពេលនោះមក។
ក្រោយមកក្នុងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសឥណ្ឌូណេស៊ី កីឡាការិនី ស៊ន សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីម៉ាឡេស៊ី និងដណ្តើមបានមេដាយចាប់ពីពេលនោះរួចមក និងដណ្តើមបានមេដាយជាបន្តបន្ទាប់ជាច្រើនក្នុងព្រឹត្តិការណ៍អន្តរជាតិនានាបន្ថែមទៀត ទើបធ្វើឱ្យនាងក្លាយជាកីឡាការិនីដ៏ឆ្នើមសម្រាប់ប្រទេសជាតិតែម្តង។ ជាពិសេសមេដាយមាសដែល ស៊ន សៀវម៉ី ដណ្តើមបានចំនួន៣គ្រឿង ក្នុងព្រឹត្តិការណ៍ថ្នាក់អន្តរជាតិផ្សេងៗនោះ គឺបានធ្វើឱ្យកីឡាការិនីរូបនេះ ក្លាយជាវីរៈនារីដ៏ក្លាហានសម្រាប់ប្រទេសកម្ពុជាទាំងមូល ដោយបានលើកមុខមាត់ប្រទេសជាតិក្រោយខកខានអស់ជាង៤០ឆ្នាំ ក្នុងព្រឹត្តិការណ៍ថ្នាក់អាស៊ីដែលទើបបញ្ចប់កាលពីថ្ងៃទី៤ តុលា នេះ និង២ព្រឹត្តការណ៍ទៀត ដែលរូបនាងធ្លាប់ដណ្តើមបានដូចជា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា និងនៅប្រទេសកូរ៉េ ក្នុងព្រឹត្តិការណ៍ Korean Open ដែលទើបបញ្ចប់កាលពីប៉ុន្មានខែកន្លងទៅនេះ ៕
ចែករំលែកព័តមាននេះ