ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​វិបត្តិ និង​ការ​ប្រកាស​ស្ថាន​ភាព​​អាសន្ន

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​ជា​ច្រើន​បាន​សម្រេចចិត្ត​រួច​ហើយ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ដើម្បី​ទប់​ទល់​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​។ កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ធ្វើ​ច្បាប់ ហើយ​​ការ​សម្រេចចិត្ត​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន ឬ​ក៏​អត់​នោះ នឹង​អាស្រ័យ​ថា តើ​ស្ថាន​ភាព​កូ​វី​ដ​១៩​នៅ​កម្ពុជា នឹង​មានការ​ប្រែប្រួល​យ៉ាងដូចម្តេច​នៅ​ក្នុង​រយៈពេល​ទៅ​មុខ​ទៀត​នេះ​។ សម្តេច​តេ​ជោ ហ៊ុន សែន…

ប្រទេស​ជា​ច្រើន​បាន​សម្រេចចិត្ត​រួច​ហើយ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ដើម្បី​ទប់​ទល់​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​។ កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ធ្វើ​ច្បាប់ ហើយ​​ការ​សម្រេចចិត្ត​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន ឬ​ក៏​អត់​នោះ នឹង​អាស្រ័យ​ថា តើ​ស្ថាន​ភាព​កូ​វី​ដ​១៩​នៅ​កម្ពុជា នឹង​មានការ​ប្រែប្រួល​យ៉ាងដូចម្តេច​នៅ​ក្នុង​រយៈពេល​ទៅ​មុខ​ទៀត​នេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ហើយ​ថា ការ​ប្រកា​សភាព​អាសន្ន​នឹង​ត្រូវធ្វើ​ឡើង តែ​ក្នុង​ស្ថានភាព​ចាំបាច់​បំផុត​ប៉ុណ្ណោះ ហើយ​ស្ថានភាព​បច្ចុប្បន្ន គឺ​មិន​ទាន់​ដល់​ពេល​ទេ​។

នៅ​មិន​ឆ្ងាយ​ពី​កម្ពុជា គឺ​ប្រទេស​ថៃ​បាន​ប្រកាស​រួច​ហើយ​ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​។ ចំណែក​លោក​ត្រាំ​ក៏​ប្រកាស​ដាក់​អា​មេ​រិ​ក​អោយ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាសន្ន​ផង​ដែរ កាលពី​ថ្ងៃ​ទី​១៣ ខែមីនា​។ ចំណែក​រដ្ឋ​៤៨​នៅ​ក្នុង​ចំណោម​រដ្ឋ​ទាំង​៥០​នៅ​អា​មេ​រិ​ក បា ប្រកា​សភាព​អាសន្ន​ផង​ដែរ ដើម្បី​បង្កើន​កិច្ច​ប្រឹងប្រែង​ទប់ទល់​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩​។

ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ជា​ទូទៅ​គេ​កម្រ​នឹង​ធ្វើ​ណាស់ ហើយ​នេះ​ជា​លើក​ទី​មួយ​ដែល​កម្ពុជា​កំពុង​ពិចារណា​ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​។

ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​មាន​បំណង​បើក​អោយ​រដ្ឋាភិបាល​មាន​អំណាច​កាន់តែ​ច្រើន​ជាង​មុន​នៅ​ក្នុង​ការ​សម្រេចចិត្ត ដើម្បី​មាន​វិធានការ​ចាំបាច់​ស្តា​ស្ថានភាព​ប្រទេស​ដែល​កំពុង​មាន​វិបត្តិ ដោយ​ដាក់​ចេញ​វិធានការ និង​គោលនយោបាយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

ស្ថានភាព​មួយ​ចំនួន​ដែល​អាច​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថាន​ភាព​អាសន្ន រួម​មាន ការ​មាន​សង្គ្រាម ជម្លោះ​ប្រដាប់​អាវុធ ភាព​វឹកវរ​សង្គម ការ​រាតត្បាត​ជំងឺ ជា​ដើម​។

ឥឡូវ​ពិភពលោក​បាន​ប្រកាស​អំពី​ការ​រាតត្បាត​ជាស​កល​នៃ​មេរោគ​កូ​វី​ដ​១៩ ខណៈ​ដែល​មេរោគ​នេះ បាន​ឆ្លង​ដល់​ប្រជាជន​នៅ​ក្នុង​ប្រទេស​១៩០​ទៅ​ហើយ​ក្នុង​ពិភពលោក​។ មនុស្ស​ជាង​៨៥​ម៉ឺ​នាក់ នៅ​ក្នុង​ពិភពលោក​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ហើយ​វា​ក៏​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​៤​ម៉ឺន​នាក់​ផង​ដែរ​។

ស្ថានភាព​ធ្ងន់ធ្ងរ​ជាងគេ​នៅ​ប្រទេស អា​មេ​រិ​ក អ៊ី​តា​លី អេ​ស្ប៉ា​ញ បារាំង និង​ចិន​។ ចំណែក​នៅ​ក្នុង​តំបន់​អាស៊ាន​វិញ ឥណ្ឌូ​នេ​ស៊ី​មាន​អ្នក​ស្លាប់​ច្រើន​ជាងគេ​ដោយ​មេរោគ​កូ​វី​ដ​១៩​។

ដូច្នេះ ការ​ប្រកា​សភាព​អាសន្ន​របស់​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​នៅ​ពេល​នេះ គឺ​ដោយ​សារ​តែ​ការ​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​១៩ ហើយ​គោលបំណង​នៃ​ការ​ប្រកាស​អាសន្ន គឺ​ដើម្បី​សុខ​ភាព និង​ជីវិត​មនុស្ស ព្រមទាំង​បន្ថយ​ផល​ប៉ះពាល់​ផ្សេង​ទៀត​ដែល​មេរោគ​នេះ​អាច​បង្ក​ឡើង​ទៅ​លើ​សេដ្ឋកិច្ច និង​សង្គម​។

ប្រទេស​កម្ពុជា​គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែមេសា បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ចំនួន​១០៩​នាក់ ហើយ​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​នេះ​ចំនួន​២៧ និង​មិន​មាន​នរណា​ម្នាក់​ស្លាប់​ដោយសារ​មេរោគ​កូ​វី​ដ​១៩​នេះ​ទេ​។

អ្វី​ដែល​ជា​រឿង​ល្អ​មួយ​នោះ គឺ​នៅ​ថ្ងៃ​ទី​០១ ខែមេសា កម្ពុជា​មិន​បាន​រក​ឃើញ​នរណា​ម្នាក់​ឆ្លង​មេ​រោគ​កូ​វី​ដ ១៩​ទេ​។ ដូច្នេះ​បើ​ស្ថានភាព​នៃ​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ នឹង​មានការ​ថយ​ចុះ​នោះ ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​នឹង​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដូច​បាន​ពន្យល់​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពីដើម​ស​ប្តា​ហ៍​។

ផ្ទុយ​មក​វិញ បើសិនជា​ការ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ កាន់តែ​ធ្ងន់ធ្ងរ​ទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ វា​ប្រហែលជា​ផ្តល់​ភាព​ចាំបាច់​ដល់​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រិ​ត្យ​មួយ​ប្រកា​សភាព​អាសន្ន បន្ទាប់​ពី​កម្ពុជា​មានច្បាប់​មួយ​ស្តី​ពី​ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​។ គណៈរដ្ឋមន្ត្រី​ត្រូវ​គេ​រំពឹង​ថា នឹង​ពិភាក្សា​ទៅ​លើ​សេចក្តីព្រាងច្បាប់​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​។

ច្បាប់​នោះ​នឹង​ក្លាយជា​មូលដ្ឋាន​ផ្នែក​ច្បាប់​សម្រាប់​ការ​ដាក់​ប្រទេស​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាសន្ន ដើម្បី​ទប់ទល់​នឹង​ការ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ និង​ដើម្បី​ជួយ​សុខភាព​និង​ជីវិត​ប្រជាជន​កម្ពុជា​។

ជា​ទូទៅ​ការ​ដាក់​ប្រទេស​អោយ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាសន្ន​នឹង​ផ្តល់​អោយ​រដ្ឋាភិបាល​មាន​សិ​ទ្ឋិ​ក្នុង​ការ​កម្រិត ឬ​ហាមឃាត​ដល់​ការ​ធ្វើ​ដំណើរ ការ​ជួបជុំ ការ​ហាមឃាត់​មិន​អោយ​ប្រជាជន​ចេញ​ពីផ្ទះ​ជាដើម​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ វា​ជា​វិធានការ​ចាំបាច់​ដើម្បី​អោយ​យុទ្ធនាការ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ កាន់តែ​មាន​ប្រសិទ្ធភាព និង​ទទួល​ជោគជ័យ​។

វា​ក៏​មិនមែន​ជា​អ្វី​ដែល​គួរ​អោយ​ភ្ញាក់ផ្អើល​ដែរ នៅ​ក្នុង​ស្ថានភាព​ពិភពលោក​បច្ចុប្បន្ន ពីព្រោះ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក ជា​ពិសេស​អា​មេ​រិ​ក​ក៏​បាន​ប្រកា​សភាព​អាសន្ន​ដែរ ដើម្បី​ប្រយុទ្ធ​នឹង​មេរោគ​កូ​វី​ដ​១៩​។

ខណៈ​ដែល​យើង​មិន​ចង់​ឃើញ​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ នៅ​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ​ហើយ​ក៏​មិន​ចង់​ឃើញ​ការ​ប្រកា​សភាព​អាសន្ន​នៅ​កម្ពុជា​ដែរ​នោះ យើង​គ្រាន់តែ​សង្ឃឹមថា ស្ថានភាព​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​នឹង​ងាក​មក​រក​ភាពល្អ​ប្រសើរ​។

ទន្ទឹម​នឹង​នោះ យើង​ម្នាក់​ៗ​ត្រូវ​ព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល កន្លង​មក​ដូច​ជា ការ​លាងដៃ​អោយ​បាន​ញឹកញាប់​ជាមួយ​ទឹក និង​សាប៊ូ ឬ​ក៏​អាលកុល ឬ​ក៏​ជែ​ល​សម្លាប់​មេរោគ ពាក់​ម៉ាស​មុខ មិន​ធ្វើ​ដំណើរ​ទៅ​ក្រៅ ឬ​ក៏​កន្លែង​មាន​មនុស្ស​ច្រើន ហើយ​ក្នុង​ករណី​ដែល​សង្ស័យ​ថា ខ្លួន​អាច​ឆ្លង​កូ​វី​ដ​១៩ ដោយ​មានការ​លេច​សញ្ញា​ក្តៅខ្លួន ក្អក ពិបាក​ដកដង្ហើម និង​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​ក្រៅប្រទេស ឬ​នៅ​ជិត​អ្នកជំងឺ​កូ​វី​ដ​១៩​នោះ យើង​ត្រូវ​ដាក់​ខ្លួនឯង​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ឬ​ក៏​ទាក់ទង​១១៥ ដើម្បី​រក​ជំនួយ​ផ្នែក​ពេទ្យ​។

បើសិនជា​រដ្ឋាភិបាល និង​ប្រជាជន​បាន​រួម​គ្នា​ដោយ​ជោគជ័យ​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ពេល​នោះ​ច្បាប់​នៃ​ការ​ដាក់​ប្រទេស​នៅ​ក្នុង​ស្ថានភាព​អាសន្ន​នឹង​មិន​ត្រូវ​យក​មក​ប្រើ​ឡើយ​។

ប៉ុន្តែ​បើសិនជា​ស្ថានភាព​កូ​វី​ដ​១៩ កាន់តែ​អាក្រក់ ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ដូច​ប្រទេស​ផ្សេង​ៗ ប្រហែលជា​រឿង​ចាំបាច់​ត្រូវធ្វើ ហើយ​ប្រជាជន​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្តន៍ ដើម្បី​អោយ​ការ​ប្រយុទ្ធ​នឹង​កូ​វី​ដ​១៩ អាច​ទទួល​បាន​ជោគជ័យ​។

យើង​នឹង​បន្ត​តាមដាន និង​ត្រៀមខ្លួន​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា​រាល់​វិធានការ និង​គោលនយោ​បាយ​ប្រឆាំង​កូ​វី​ដ​១៩ និង​ដើម្បី​សុខភាព និង​ជីវិត​ប្រជាជន​ទាំង​១៦​លាន​នាក់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ