រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតបត្តិការជាមួយកម្ពុជាជាច្រើនបន្ថែមទៀតតាមរយៈការផ្លាស់ប្តូររវាង ប្រជាជន និងប្រជាជនលើវិស័អប់រំជំនាញវិជ្ជាជីវៈ សំដៅគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ការគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ឯកឧត្តម WANG WENBINទូតចិន ធ្វើឡើងនាឱកាសអញ្ជើញចូលរួមពីក្នុងពិធីបិទការប្រកួតប្រជែងសមត្ថភាពជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ាន ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ។
ឯកអគ្គរដ្ឋទូតបានបន្ដថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញអភិវឌ្ឍន៍ ជំនាញវិជ្ជាជីវៈ ដោយបាននិងកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាច្រើនទូទាំងពិភពលោកតាមរយៈការរៀបចំការប្រកួតប្រជែងជាលក្ខណៈអន្តរ ជាតិយ៉ាងសម្បូរបែបដែលក្នុងនេះរួមមាន «ការប្រកួតប្រជែងសមត្ថភាពជំនាញមហាវិទ្យាល័យវិជ្ជាជីវៈ ពិភពលោកឆ្នាំ២០២៥ ប្រចាំតំបន់អាស៊ាន» ដែលស្តែងឱ្យឃើញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការរវាងកម្ពុជា-ចិនលើវិស័យអភិវឌ្ឍន៍ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយបានទាក់ទាញសិស្សនិស្សិតជាច្រើនមកពីបណ្តាប្រទេសក្នុងតំបន់ចូលរួមប្រកួតប្រជែង ។

ក្នុងឱកាសនេះដែរ ឯកឧត្តមហង់ ជួនណារ៉ុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំក៏ បានបញ្ជាក់ពីសារសំខាន់នៃការប្រកួតប្រជែងជំនាញវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៥ ជាព្រឹត្តិ ការណ៍មួយដែលពិភពលោកកំពុងយកចិត្តទុកដាក់និងចាប់អារម្មណ៍ ។ វេទិកានេះ មិនត្រឹមតែជាការប្រកួតសមត្ថភាព និងជំនាញប៉ុណ្ណោះទេ ថែមទាំងជាការផ្លាស់ប្ដូរគំនិត ការរួមបញ្ចូលគ្នានៃវប្បធម៌ និងការភ្ជាប់ទំនាក់ទំនងរវាងគ្នា និងគ្នាថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា វេទិកានេះបានបង្កើតឱកាសដល់យុវជន និងគ្រូបង្រៀនអប់រំវិជ្ជាជីវៈរាប់ពាន់នាក់រួចមកហើយអាចបញ្ចេញសមត្ថភាព និងទេពកោសល្យ ជាពិសេស ការបំពេញសេចក្តីស្រមៃរបស់ខ្លួនបង្កើតកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន ការពង្រឹង គុណភាពគ្រូ និងការបង្កើតវេទិកាល្អៗ។
សូមជម្រាបថា កម្មវិធីប្រកួតនេះក្រោមប្រធានបទ«ជំនាញផ្លាស់ប្ដូរជោគវាសនាជំនាញបង្កើតអនាគត» ពិតជាឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់យុវជន និងក្តីសុបិន្តរួមគ្នា ដើម្បីធានាគុណភាពការបណ្តុះបណ្តាលជំនាញ និងទេពកោសល្យជូនដល់យុវជនជំនាន់ថ្មី ជាពិសេស យុវជនកម្ពុជាអាចបង្ហាញសមត្ថភាពទំនុកចិត្ត ភាពក្លាហាន និងទេពកោសល្យរបស់ខ្លួននៅលើឆាកអន្តរជាតិ ៕
ចែករំលែកព័តមាននេះ