ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​​​ផ្សារ​ទីរួមខេត្ត​កំពត ត្អួ​ញ​ត្អែរ​​​គ្រប់​ៗ​​គ្នា ពុំ​មិនសូវ​មាន​អ្នកទិញ​ដូច​មុន

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ទិដ្ឋភាព​របស់​បងប្អូន​អាជីវករ​លក់ដូរ​គ្រឿង​ឧបភោគ បរិភោគ បន្លែ ត្រី សាច់ គ្រប់​ប្រ​ភ​ទ និង​គ្រឿង​សមុទ្រ​ផង​ដែរ នៅ​ក្នុង​ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត…

ខេត្តកំពត ៖ ទិដ្ឋភាព​របស់​បងប្អូន​អាជីវករ​លក់ដូរ​គ្រឿង​ឧបភោគ បរិភោគ បន្លែ ត្រី សាច់ គ្រប់​ប្រ​ភ​ទ និង​គ្រឿង​សមុទ្រ​ផង​ដែរ នៅ​ក្នុង​ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត បើ​តាម​បងប្អូន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ ២០២០​នេះ​ថា ប្រហែល​ជាង​កន្លះ​ខែ​កន្លង​មកនេះ តាំងពី​មានការ​ផ្សព្វផ្សាយ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​មានការ​ប្រុង​ប្រយ័ត្ន​ការ​ឆ្លង​រីក​រាលដាល​វីរុស​កូ​វី​ដ​១៩ នោះ​មក គេ​ឃើញ​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុកស្រែ​ចំការ ពុំ​សូវ​ចូល​ផ្សារ​ច្រើន​ដូច​មុន​នោះ​ទេ ។

បើ​តាម​ប្រភព​ពី​លោក​ប៉ែន សត្យា អ្នកគ្រប់គ្រង​ផ្សារ​ទីរួមខេត្ត​កំពត បាន​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​១ មេ​សា​នេះ​ថា បើ​តាម​ការ​ពិនិត្យ​ពី​ទិដ្ឋភាព​ជាក់ស្តែង បងប្អូន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី​ខាងលើ គឺ​នៅ​តែ​មក​លក់ដូរ​ដូច​ធម្មតា ប៉ុន្តែ​សំរាប់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ចូល​មក​ទិញ​ម្ហូបអាហារ បន្លែ បង្ការ ត្រី​សាច់​នៅ​ក្នុង​ផ្សារ​ហាក់ដូចជា​មានការ​ថយ​ចុះ គឺ​ដូច​ជា​ពី​មុន​ចំនួន​១០០% ឥឡូវ​ថយ​នៅ​តែ​៧០%​ប៉ុណ្ណោះ ។ បើ​ពេល​ព្រឹក​ចាប់ពី​ម៉ោង​៧​និង​៣០​ដល់​ម៉ោង​១០​ព្រឹក គេ​ឃើញ​មាន​ប្រជា​ពលរដ្ឋ​ចូល​ទិញ​ជា​មធ្យម តែបើ​ចាប់ពី​ម៉ោង​១០​ដល់​ម៉ោង​៥​ល្ងាច គឺ​ពុំ​សូវ​មាន​អ្នក​ចូល​ផ្សារ​ទេ គឺ​មាន​តែ​អ្នកលក់​ច្រើន​ជាង​អ្នកទិញ ។

ចំណែក​អាជីវករ​លក់​សាច់​ជ្រូក​ម្នាក់​បាន​ឲ្យ​ដឹង​ថា សាច់​ជ្រូក​ក៏​ពិបាក​លក់ដូរ​ដែរ ជាង​កន្លះ​ខែ​កន្លង​មកនេះ ដោយសារ​ពុំ​មាន​អ្នក​ចូល​ផ្សារ​ច្រើន​ដូច​មុន តាំងពី​មានការ​ផ្សព្វផ្សាយ​ពី​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ របស់​អាជ្ញាធរ និង​ក្រសួងសុខាភិបាល​មក ។ ដោយ​ពី​មុន​ការ​លក់ដូរ​សាច់​ជ្រូក​ធ្លាប់​លក់​១​ថ្ងៃ​អស់​ជ្រូក​១​ក្បាល​ដែល​មាន​ទម្ងន់​១០០​គីឡូក្រាម តែ​មក​ដល់​ប៉ុន្មាន​ថ្ងៃនេះ​ជ្រូក​មួយ​ក្បាល​១​រយ​គីឡូក្រាម ត្រូវ​ចែក​ជា​២​តូប ហើយ​លក់​មិន​អស់​ទៀត​។

រីឯ​ស្ត្រី​ម្នាក់​ដែល​លក់​ត្រី​ឆ្លាម​ធ្លាប់​មាន​ម៉ូយ​នៅ​តាម​ហាង ពេល​នេះ​បាន​ត្អូញត្អែរ​ថា ត្រី​ឆ្លាម​ពី​មុន​មាន​១​រយ​គីឡូក្រាម​ក៏​លក់​អស់​ដែរ ដោយសារ​គាត់​មាន​ម៉ូយ​តាម​ភោជនីយដ្ឋាន និង​តាម​ហាង តែ​ឥឡូវ​គេ​បិទ​ហាង គាត់​ក៏​ដាច់​ម៉ូយ ។ ហើយ​គាត់​ទទួល​ពី​គេ​មក​១​រយ​គីឡូក្រាម​លក់​ចេញ​វិញ​អស់​តែ​១​គីឡូក្រាម ហើយ​គាត់​ត្រូវ​នៅ​សល់ លក់​មិន​អស់ ធ្វើ​ឱ្យ​គាត់​ត្រូវ​ខាតដើម​យ៉ាងច្រើន ។ រីឯ​អ្នកលក់​សាច់​មាន់ និង​សាច់​ទា ដែល​ធ្វើ​ហើយ​ដាក់​តាំង​លក់​ក៏​និយាយ​ប្រហាក់ប្រហែល​និង​អ្នកលក់​ត្រី សាច់ និង​ម្ហូបអាហារ​ដទៃ​ទៀត​ដែរ ពី​បញ្ហា​លក់​មិន​ដាច់​។

ចំណែក​អ្នក​ធ្វើ​អាជីវកម្ម​ផ្ញើ​ម៉ូតូ​វិញ​បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ក្នុង​ស​ប្តា​ហ៍​មុន​​នេះ ឥត​មាន​ភ្ញៀវ​មក​ផ្ញើ​ម៉ូតូ​ទេ ទើបតែ​ពីរ​ថ្ងៃនេះ​ទេ មាន​ភ្ញៀវ​មក​ផ្ញើ​ម៉ូតូ ប៉ុន្តែ​ក៏​មិន​បាន​ច្រើន​ដូច​មុន​នោះ​ដែរ គឺ​មានការ​ថយ​ចុះ​ប្រហែលជា​៦០​ទៅ​៧០%​ទៅ​ហើយ ដោយសារ​ពលរដ្ឋ​យើង​ពុំ​សូវ​ហ៊ាន​ចេញដំណើរ​មក​ទីប្រជុំ ដោយ​តែ​ខ្លាច​ការ​ឆ្លង​វីរុស្ស​ថ្មី​កូ​វី​ដ​១៩ នេះ​។ ដោយឡែក​ដែល​ឃើញ​ម៉ូតូ​ផ្ញើ​នេះ គឺ​ភាគច្រើន​ម៉ូតូ​ក្រុម​អាជីវករ​ទេ មិនមែន​ម៉ូតូ​ភ្ញៀវ​ដែល​ធ្លាប់​ផ្ញើ ហើយ​ចូល​ទិញ​ឥ​វ៉ា​ន់​ដូច​ពី​មុន​នោះ​ទេ​។

គួរ​រំលឹក​ដែរ​ថា ទំនិញ​គ្រប់មុខ​ក្នុង​ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត រាប់​ទាំង​បន្លែបង្ការ ត្រី​សាច់ គ្រឿង​សមុទ្រ​គ្រប់មុខ ទោះបី​មិនសូវ​មាន​ភ្ញៀវ​ចូល​ទិញ​ច្រើន​ដូច​មុន​ក្តី ក៏​គេ​នៅ​សង្កេត​ឃើញ​ថា តម្លៃ​គឺ​នៅ​តែ​ដដែល​ដូច​កាលពីមុន​មក​អីចឹង គឺ​ឥត​ប្រែប្រួល​នោះ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ