ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីបុគ្គលិកកាស៊ីណូចំនួន២ទីតាំង ក្នុងក្រុងព្រះសីហនុ ធ្វើការតវ៉ាទាមទារបើកប្រាក់ខែ មុននឹងបិទទ្វារតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជានោះ ។
លោកយ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមានប្រសាសន៍ប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃ១ ខែមេសា ឆ្នាំ២០២០នេះថា បន្ទាប់ពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានជូនដំណឹងស្តីពីការបិទអាជីវកម្មកាស៊ីណូជាបណ្តោះអាសន្ន ដើម្បីប្រឆាំងទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺ Covid-19 កាលពីព្រឹកថ្ងៃទី0១ ខែមេសាគឺមានករណីបុគ្គលិកកាស៊ីណូចំនួន២ទីតាំង គឺកាស៊ីណូយ៉ាឌូលី និងកាស៊ីណូតុងយាន ក្នុងក្រុងព្រះសីហនុ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាសុំឲ្យម្ចាស់ក្រុមហ៊ុនកាស៊ីណូខាងលើ បើកប្រាក់ខែ មុនពេលបិទដំណើរការជាបណ្តោះអាសន្ន។
លោកយ៉ូវ ខេមរា បានបន្តឲ្យដឹងទៀតថា លោកបានឲ្យមន្ត្រីជំនាញមន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ចុះទៅសម្របសម្រួលដោះស្រាយវិវាទការតវ៉ារបស់បុគ្គលិកកាស៊ីណូទាំង២ទីតាំងខាងលើ បានបញ្ចប់ហើយ។ ហើយការដោះស្រាយសម្របសម្រួលរវាងម្ចាស់កាស៊ីណូ និងបុគ្គលិក គឺអាចទទួលយកបានហើយ ក្នុងនោះក្រុមបុគ្គលិកកាស៊ីណូក៏បានគោរព និងថ្លែងអំណរគុណដល់លោកអភិបាលខេត្ត មន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត និងផ្នែកពាក់ព័ន្ធដែលបានជួយដោះស្រាយ។
លោកប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងជាចុងក្រោយថា មុនរាជរដ្ឋាភិបាលប្រកាសបិទអាជីកម្មល្បែងភ្នាល់តាមអ៊ីនធើរណេតអនឡាញ កាស៊ីណូ និងល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធើណេតអនឡាញមានចំនួនប្រមាណជាង៩០ទីតាំង។ ក្រោយពីការប្រកាសបិទល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធើរណេត និងអនឡាញហើយ គឺនៅសល់តែកាស៊ីណូដែលបានបើកដំណើរការនាពេលកន្លងមក គឺមានតែ៣៦ទីតាំងប៉ុណ្ណោះ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ