លោក ម៉ាធ្យូ ឡេព្រ (Matthew Lepre) ដែលជាមហាសេដ្ឋីជនជាតិអូស្ត្រាលី និងជាស្ថាបនិករបស់វិទ្យាស្ថាន Ecom Warrior Academy កំពុងចង់ឲ្យការងារជាជំនួយការផ្ទាល់ខ្លួនអនឡាញដល់មនុស្សម្នាក់ដែលជាជនជាតិអូស្ត្រាលីគ្មានការងារធ្វើ ។ ជំនួយការរូបនេះនឹងទទួលបានប្រាក់ ៥២,០០០ដុល្លារក្នុងមួយឆ្នាំ ហើយអាចធ្វើការនៅផ្ទះបានយ៉ាងងាយស្រួល ។
បន្ទាប់ពីប្រទះឃើញជនជាតិអូស្ត្រាលីជាច្រើនរូបបាតបង់ការងារព្រោះតែការផ្ទុះនៃវីរុសកូវីដ ១៩ លោកមហាសេដ្ឋីខាងលើចាប់ផ្តើមានចិត្តជួយតាមសមត្ថភាពរបស់ខ្លួន ។

លោកបាននិយាយក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានក្នុងស្រុកថា «ខ្ញុំធំដឹងក្តីឡើងនៅតំបន់ជាយក្រុងនៅប៉ែកខាងលិចនៃទីក្រុងសីឌនីខណៈដែលពឹងផ្អែកលើអាហារដែលត្រូវបានបរិច្ចាគដោយកងយោធា Salvation Army ព្រោះម្តាយមេម៉ាយរបស់ខ្ញុំមិនមានសមត្ថភាពក្នុងការទិញម្ហូប ដូច្នេះខ្ញុំពិតជាយល់ពីស្ថានការរបស់មនុស្សជាច្រើនដែលពួកគេកំពុងតែប្រឈមមុខ» ។ «អ្វីដែលខ្ញុំអាចធ្វើបានគឺផ្តល់ការងារមួយទៅឲ្យមនុស្សម្នាក់ដែលបានបាត់បង់ការងារក្នុងកំឡុងពេលនេះ និងចាប់អារម្មណ៍ចង់ធ្វើការពីផ្ទះ» ។
លក្ខខណ្ឌសម្រាប់បេក្ខជនដែលចាប់អារម្មណ៍រួមមាន ត្រូវតែមានកុំព្យូទ័រផ្ទាល់ខ្លួន អ៊ីនធើណេត និងអាចធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្របាន ប៉ុន្តែពួកគេមិនចាំបាច់ត្រូវចាកចេញពីផ្ទះទេ ។
លោកបានបន្តទៀតថា «ខណៈដែលខ្ញុំភាគច្រើនធ្វើការនៅអូស្ត្រាលីព្រោះតែបច្ចេកវិទ្យា មនុស្សជាច្រើនអាចធ្វើការពីកន្លែងណាក៏បានដែរក្នុងពេលបច្ចុប្បន្ននេះ» ។
កិច្ចការងាររបស់ជំនួយការរបស់លោករួមមាន ទទួលទូរស័ព្ទជំនួសលោក សរសេរអត្ថបទសម្រាប់ចែករំលែកលើអ៊ីនធើណែត ធ្វើការលើ Excel និង Word សរសេរ និងផ្ញើអ៊ីមែល ព្រមទាំងជួយដល់សិស្សរបស់លោកជាដើម ។ កាលពីដើមឆ្នាំនេះ លោកធ្លាប់បានប្រកាសជាសាធារណៈរកជំនួយការផ្ទាល់ខ្លួនដែលនឹងត្រូវធ្វើដំណើរជាមួយលោកជុំវិញពិភពលោកដែរ ដោយឲ្យប្រាក់ខែចាប់ពី ៥២,០០០ដុល្លារក្នុងមួយឆ្នាំដូចគ្នា ។
លោកទទួលបានអ្នកដាក់ពាក្យប្រមាណដល់ទៅ ៧ម៉ឺននាក់មុននឹងសម្រេចចិត្តជ្រើសយកអតីតនិស្សិតសិក្សាផ្នែកច្នៃម៉ូដដែលមានឈ្មោះថា ធីអាន់ណា ឌឺ អាស៊ីស (Tyanna De Assis) ដែលធ្លាប់មានបទពិសោធន៍ធ្វើការឲ្យនាយកប្រតិបត្តិ និងអគ្គនាយកដទៃ ព្រមទាំងមានចំណេះដឹងច្រើនផ្នែកប្រព័ន្ធសង្គមផងដែរ ៕
ចែករំលែកព័តមាននេះ