រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការធ្វើដំណើរជិតដល់ផ្ទះទៅហើយ ស្រាប់តែត្រូវជនសង្ស័យចំនួន២នាក់ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពយកដំបងវាយប្លន់ បណ្តាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់ ចំណែកជនសង្ស័យយកម៉ូតូជិះគេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវបេតុងជាប់ជាមួយផ្លូវរថភ្លើង ទល់មុខវត្តតាំងកសាង ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ស៊ិន ម៉ៃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាអ្នកបើករថយន្ដ រស់នៅភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម៉ូតូមួយគ្រឿងដែលជនសង្ស័យប្លន់យកទៅបាត់ ម៉ាកស៊ុយហ្សុ៊យគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១ID-៣០៨៦ ។
តាមប្រភពព័ត៌មានពីម្ដាយរបស់ជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ កូនរបស់គាត់បានជិះម៉ូតូមួយគ្រឿងចេញពីកន្លែងធ្វើការនៅឯខណ្ឌសែនសុខ ក្នុងគោលបំណងត្រឡប់មកផ្ទះវិញនៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពដដែលបានបន្តថា លុះមកដល់កន្លែងកើតហេតុ ជិតដល់ផ្ទះទៅហើយ ក៏ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធ្វើសកម្មភាពប្លន់ ដោយជនសង្ស័យម្នាក់ជិះពីក្រោយបានយកដំបងមកវាយចំកណ្តាលខ្នងជនរងគ្រោះ បណ្តាលឲ្យដួលម៉ូតូ ភ្លាមៗនោះដោយសារជនរងគ្រោះ ស្ដាយម៉ូតូរបស់ខ្លួនក៏យកដុំថ្មគប់ទៅជនសង្ស័យវិញ បន្ទាប់មកជនសង្ស័យក៏យកដំបងគប់បន្ថែមទៀត ហើយលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលតែម្ដង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលកាកាបទី១ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះរួចហើយ សមត្ថកិច្ចប៉ុស្តិ៍កាកាបទី១ស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យខាងលើដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ