ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ត្រៀម​បញ្ចេញ​ទុន​ប្រមាណ ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​ឱ្យ​ធនាគារ​ឯកទេស​ខ្ចី ​ក្នុង​អត្រា​ការ​ប្រាក់​ទាប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​ការ​លៈ​ទេសៈ​សេដ្ឋកិច្ច និង​អាជីវកម្ម​តូច និង​ធំ​នៅ​ក្នុងស្រុក ទទួល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ នេះ ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​ពិនិត្យ​លទ្ធភាព បញ្ចេញ​ទុនបម្រុង​របស់​ខ្លួន​ប្រមាណ ៥០០…

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​ការ​លៈ​ទេសៈ​សេដ្ឋកិច្ច និង​អាជីវកម្ម​តូច និង​ធំ​នៅ​ក្នុងស្រុក ទទួល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ នេះ ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​ពិនិត្យ​លទ្ធភាព បញ្ចេញ​ទុនបម្រុង​របស់​ខ្លួន​ប្រមាណ ៥០០ ឬ ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ផ្តល់​ជូន​ធនា ការ​ឯកទេស​ខ្ចី​សម្រាប់​ផ្តល់​ជា​កម្ចី​ទៅ​ឱ្យ​អតិថិជន​ក្នុង​អត្រា​ការ​ប្រាក់​ទាប ពោល​ក្នុង​ន័យ ឱ្យ​ម្ចាស់​អាជីវកម្ម​មានឱកាស ឬ​មាន​ដើមទុន​ស្តារ​អាជីវកម្ម​របស់​ខ្លួន​ឡើង​វិញ​តាម​ភាព​ជាក់ ស្តែង​នៅ​ចំពោះ​មុខ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​វិមាន​រដ្ឋសភា​កាលពី​ថ្ងៃ​ទី ៣០​ខែមីនា​នេះ ថា «​យើង​កំពុង​ពិនិត្យ​លទ្ធភាព​បញ្ចេញ​ទុន​របស់​រដ្ឋាភិបាល​ប្រមាណ ៥០០ ឬ ៦០០​លាន ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ឱ្យ​ធនាគារ​ឯកទេស​ខ្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប ហើយ​ធន​គារ​ឯកទេស ទាំងនោះ​នឹង​យក​ទៅ​ឱ្យ​អ្នក​ធ្វើ​អាជីវកម្ម​មាន​អត្រា​ការ​ប្រាក់​ទាប​ដែរ​» ។

សម្តេច​សង្កត់ធ្ងន់​ដូច្នេះ​ថា «​យើង​កំពុង​ពិនិត្យ​លើ​បញ្ហា​នេះ​តែ​មិន​ឈាន​ដល់​ទេ តែ​យើង នឹង​ឈាន​ដល់​នូវ​ជុំ​ទី​ពីរ ឬ​ជុំ​ទី​បី​អំពី​លទ្ធភាព​នៃ​ការ​បញ្ចេញ​ទុនបម្រុង​របស់​រដ្ឋ (​ប្រាក់​សន្សំ របស់​រដ្ឋ​) ប្រមាណ ៥០០ ឬ ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ឱ្យ​ធនាគារឯកជន សហគ្រាស ឯកជន ព្រោះ​រដ្ឋ​មិន​អាច​ឱ្យ​វិស័យ​ឯកជន​មក​ខ្ចី​ផ្ទាល់​ទេ រដ្ឋ​មាន​សិទ្ធិ​ត្រឹមតែ​ឱ្យ​ធនាគារ ឯកជន​មក​ខ្ចី​ដោយ​អត្រា​ការ​ប្រាក់​ទាប រួច​ហើយ​ប្រើ​កម្ចី​នេះ​ទៅ​ឱ្យ​អ្នក​ខ្ចី​ដែល​មាន​អត្រា​ការ ប្រាក់​ទាប​ត​គ្នា​» ។
សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ទៀត​ថា ទាំងនេះ​គ្រាន់តែ​ជា ការ​អំពាវនាវ​ដើម្បី​ជា​ការ​បន្ធូរបន្ថយ​វិស័យ​ឯក​ជ និង​ថ្លៃ​ឈ្នួល​នានា ព្រោះតែ​ឥឡូវ​រកតែ លុយ​បង់ថ្លៃ​បុគ្គលិក​មិន​បាន​ផង ។ ភោ​ជ​ណី​យ​ដ្ឋា​ន​មួយ​ធ្លាប់​មាន​មនុស្ស​ចូល​ហូប ហើយ តម្លៃ​អគារ​នៅ​ថ្លៃ ៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​ដដែល​ក្នុង​មួយ​ខែ ក្នុង​ពេល​ដែល​គ្នា​រក​ចំណូល​បាន ២​ពាន់​ដុល្លារ​អា​មេ​រិ​ក​មិន​គ្រប់ បូក​និង​ថ្លៃ​ទឹក ភ្លើង​ដូច្នេះ​គ្នា​ជួប​ការ​លំបាក​សូម​ឱ្យ​មានការ យោគយល់​គ្នា​ក្នុង​ការ​លៈ​ទេសៈ​ដ៏​លំបាក​នេះ ។

ទន្ទឹម​នឹង​ប្រមុខ​រាជរដ្ឋាភិបាល​ត្រៀម​បញ្ចេញ​ទុនបម្រុង ៥០០ ឬ ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​ដល់​ធនាគារ​ឯកទេស​នៅ​គ្រា​ខាង​មុខ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ទៅ ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មានការ​យោគយល់​ចំពោះ​ការ​ពន្យា​ពេល​សង​ត្រឡប់ របស់​ប្រជាពលរដ្ឋ ឬ​អតិថិជន​នៅ​ក្នុង​គ្រា​លំបាក​នេះ​បន្ទាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា ទម្លាក់ ទុនបម្រុង​កាតព្វកិច្ច​ពី ១២% មក​នៅ​ត្រឹម ៧% ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា រដ្ឋ​អំពាវនាវ​ដល់​វិស័យ​ឯក ជន​ផ្តល់​នៅ​ការ​យោគយល់​គ្នា​រាប់​ទាំង​វិស័យ​ធនាគារ​យោគយល់​ចំពោះ​ការ​ពន្យា​ពេល​សង​ឱ្យ​គ្នា​ដល់​ដំណាក់កាល​សង​បញ្ចប់ ។ គ្នា​មានការ​លំបាក​ដូច្នេះ​មិន​គួរ​ប្រើប្រាស់​ពេលវេលា នេះ​រឹបអូស​យក​ផ្ទះ​គ្នា​ទេ ។ សម្តេច​បន្ត​ថា «​ការ​ពន្យារ ឬ​បន្ថយ​ការ​ប្រាក់ ព្រោះ​រដ្ឋ​តាម​រយៈ​ធនាគារជាតិ​មាន​វិធានការ ច្រើន​ហើយ​ចំពោះ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដូច​ជា​ទុនបម្រុង​កាតព្វកិច្ច ដោយ​មុន​នេះ​ទុន នេះ​ទាំង​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ទុន​កាតព្វកិច្ច​មាន​ជាង ១២% ឥឡូវនេះ​ទុន បម្រុង​កាតព្វកិច្ច​ធ្លាប់​មក​នូវ​ត្រឹម ៧% ដែល​អនុញ្ញាត​ឱ្យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំង អស់​មាន​ទុន​ប្រមា​ន​ជាង ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ដោះស្រាយ​ជាមួយ​និង​កូន បំណុល បន្ធូរបន្ថយ​ជាមួយនឹង​កូនបំណុល​» ។

យោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា​ថ្មី​ៗ​បង្ហាញ​ថា ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ចេញ​នូវ វិធានការ​គាំទ្រ​ចំនួន ៥ ដើម្បី​ផ្តល់​សន្ទនីយ​ភាព​បន្ថែម​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ សំដៅ​រួមចំណែក​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ មក​លើ​សេដ្ឋកិច្ច​ស្រប​តាម​គោល នយោបាយ​របស់​រាជរដ្ឋាភិបាល ។

ធនាគារជាតិ​បញ្ជាក់​ថា​វិធានការ​ទាំង ៥ មាន​៖ ១- ពន្យារពេល​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង
ហិរញ្ញវត្ថុ​រក្សា​កម្រិត​ទ្រនាប់​ដើមទុន​ខន​ស៊ី​វេ​សិន​ត្រឹម​៥ ០% ។ ២-​កាត់​បន្ថយ​អត្រា​ការ ប្រាក់​អប្បបរមា​នៃ​ប្រតិបត្តិការ​ផ្តល់​សន្ទនីយ​ភាព​ដោយ​មានការ​ធានា​ចំនួន ០,៥% ចំពោះ គ្រប់​ឥណទាន​ប្រ​តិ​ទាន ។ ៣-​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​លើ​មូល​ប​ត្រ​អាច​ជួញដូរ​បាន​ចារឹក ជា​រៀល និង​ជា​ដុល្លារ​អា​មេ​រិ​ក​ក្នុង​កម្រិត​សមរម្យ ។ ៤- កាត់​បន្ថយ​អត្រា​ប្រាក់​បម្រុង​កាត​ព្វ កិច្ច​ពី ៨% ចំពោះ​ប្រាក់​រៀល​និង ១២,៥% ចំពោះ​រូបិយប័ណ្ណ​មក​ត្រឹម ៧% ទាំង​ចំពោះ​ប្រាក់ រៀល និង​រូបិយប័ណ្ណ​ក្នុង​រយៈពេល ៦​ខែ​ចាប់ពី​ខែមេសា ឆ្នាំ ២០២០ និង ៥-​កាត់​បន្ថយ កម្រិត​អនុ​បាត​ក្របខ័ណ្ឌ​សន្ទនីយ​ភាព​ក្នុង «​កម្រិត​សម​ស្រប​តាម​ការ​ចាំបាច់ ។

បើ​តាម​ធនាគារជាតិ​នៃ​កម្ពុជា នឹង​បន្ត​តាមដាន​យ៉ាង​ប្រុង​ប្រយ័ត្ន​លើ​ស្ថានភាព​វឌ្ឍនភាព វិស័យ​ធនាគារ​បញ្ហា​ប្រឈម និង​ហានិភ័យ​នានា​ដែល​អាច​កើតឡើង​ជាយថាហេតុ​ក្នុង គោលដៅ​រក្សា​និរន្តរភាព និង​ស្ថិរភាព​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​រួមចំណែក​គាំ ទ្រ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ