ទោះ​បិទ​ព្រំដែន​ តែ​ពលករ​វិល​ត្រឡប់​ពី​ថៃ​ជា​បន្តបន្ទាប់


ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បើ​ទោះបី​ជា​បន្ទាត់​ព្រំដែន​ខេត្ត​ស្រះ​កែវ​ថៃ​ជាប់​ខេត្តបន្ទាយមានជ័យ​កម្ពុជា​ត្រូវ​ភាគី​ថៃ​បិទ​ស្ទើរតែ​ទាំងស្រុងក្តី ​ប៉ុន្តែ​ពលករ​វិល​ត្រឡប់​ពី​ថៃ​តាម​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​កើត​មាន​ជា​បន្តបន្ទាប់​ ព្រោះ​បារ​ម្ភ​ឆ្លង​​មេរោគកូវីដ១៩ ម្យ៉ាងទៀត​​ខ្លាច​ថៃ​បិទ​ព្រំដែនរយៈពេល​​យូរ​។

គេសង្កេតឃើញថា ​កា​រ​វិល​ត្រឡប់​របស់​ពលករ​​កើត​មាន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ផង​ ច្រក​តំបន់​ផង​ និង​របៀង​ផង​ សរុប​រាប់រយ​នាក់​ចាប់តាំងពី​ភាគី​ថៃ​បិទ​ព្រំដែន​កាលពី​ថ្ងៃ​ទី​២៣​ មី​នា ឆ្នាំ​​២០២០​។

​លោ​កសេម​ មក​រា​ ប្រធាន​សេនាធិការ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ចំនួន​ពលករ​វិល​ត្រឡប់​ពី​ថៃ​ដែល​ជាប់​គាំង​លើ​ដី​ថៃ​ ហើយ​សមត្ថកិច្ច​ថៃ​សហ​ការល្អ​ប្រគល់​ពលករ​ឲ្យ​ភាគី​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ចាប់តាំងពី​ថ្ងៃ​ទី​២៣ ​មក​ទល់​ថ្ងៃ​ទី​៣០ ​មីនា ឆ្នាំ​​២០២០​នេះ​មាន​ចំនួន​១៣៩៨​នាក់​ ក្នុងនោះ​ស្ត្រី​៦៧៦​នាក់​ និង​កុមា​៤៥​នាក់​។​

លោក​បញ្ជាក់​ថា ​ក្នុង​ចំណោម​ពលករ​ទាំងនេះ​ មាន​ពលករ​ម្នាក់​ជា​អ្នកទោស​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​ភាគី​ថៃ​ទើប​ដោះ​លែង​ ។​ ដោយឡែក​បន្ទាត់​ព្រំដែន​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ​ក្នុងស្រុក​ម៉ា​ឡៃ ​ត្រូវ​បាន​មន្ត្រី​សមត្ថកិច្ច​ជួរ​មុខ​ប្រាប់​តាម​ទូរស័ព្ទ​ថា​ មាន​ពលករ​វិល​ត្រឡប់​ពី​ថៃ​តិចតួច ​តាម​ច្រករបៀង​ និង​តំបន់​ម៉ា​ឡៃ​ជួន​១​ថ្ងៃ​១០​នាក់​ ជួន​១​ថ្ងៃ​មាន​តែ​៣​ទៅ​៤​នាក់​តែ​ប៉ុណ្ណោះ​។

លោកបាន​បញ្ជាក់​បន្ត​ថា ​ចំណែក​បន្ទាត់​ព្រំដែន​ខាងជើង​ផ្លូវជាតិ​លេខ​៥​ ចាប់ពី​ក្រុង​ប៉ោយ​ប៉ែ​ត ​រហូត​ដល់​ស្រុក​ថ្មពួក​ ច្រករបៀង​ចំកា​រ​គរ​ ស្ថិត​ក្នុងស្រុក​ស្វាយចេក​ មាន​ពលករ​វិល​ត្រឡប់​ពី​ថៃ​ច្រើន​ជាងគេ​ ខ​ណៈច្រក​តំបន់​បឹង​ត្រកួន ​ត្រូវ​មន្ត្រី​ជួរ​មុខ​ប្រាប់​ថា​ចាប់តាំងពី​ភាគី​ថៃ​បិទ​ច្រកព្រំដែន​ថ្ងៃ​ទី​២៣​ មី​នា ​មក​ដល់​ថ្ងៃ​ទី​៣០​ មី​នា​ នេះ គេ​ប្រគល់​ពលករ​ត្រឡប់មកវិញ​ចំនួន​​៣៥​នាក់​។​

លោកបានបញ្ជាក់​បន្ត​ទៀត​ថា បើ​ទោះជា​ថ្នាក់​ដឹក​នាំ​ជួរ​មុខ​ក៏​​ដូច​ជា​ប្រធាន​មណ្ឌល​សំចត​របស់​ក្រសួង​សង្គមកិច្ច​ដែល​មា​នទី​តាំងនៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មិន​ប្រាប់​ពី​ទិន្ន័យ​ពិតប្រាកដ​ តែ​កា​រ​វិល​ត្រឡប់​របស់​ក្រុម​ពលករ​ពី​ប្រទេស​ថៃ​ត្រូវ​មន្ត្រី​ជួរ​មុខ​ប្រាប់​ថា ​ពលករ​ទាំងអស់​ក្រោយ​ឆ្លង​ព្រំដែន​ដល់​កម្ពុជា​នឹង​ត្រូវ​មន្ត្រី​ជំនាញ​និ ង​គ្រូពេទ្យ​ធ្វើកា​ពិនិត្យ​កំ​ដៅ​ និង​តាមដាន​សុខភាព​ បន្ទាប់​មក​ដឹក​ទៅ​មណ្ឌលសំចត​របស់​ក្រសួង​សង្គមកិច្ច​ដើម្បី​ពិនិត្យ​សុខភាព ​និង​តាមដាន​កំ​ដៅ​ ពិសេស​ស្រង់​សាវតា​រ​របស់​ពលករ​ទាំងអស់​ផង​ដែរ​មុន​ឲ្យ​បន្តដំណើរ​ទៅ​លំនៅ​ដ្ឋា​ន​វិញ​រៀងៗខ្លួនវិញ​​។

​លោក​ឧត្តមសេនីយ៍ត្រី​ឃួ​ន ​ជឿន ​មេ​បញ្ចា​ការ​យោធា​កងការពារ​ព្រំដែន​លេខ​៥០៣​ប្រាប់​តាម​ទូរស័ព្ទ​ថា​ច្រករបៀង​ចំកា​គរ​ក្នុងស្រុក​ស្វាយចេក​មាន​ពលករ​វិល​ត្រឡប់​ពី​ថៃ​ជា​រៀងរាល់ថ្ងៃ​ ក្រោយពី​​ភាគី​ថៃ​បិទ​ព្រំដែន ​ប៉ុន្តែ​លោក​ថា​ ថ្ងៃ​ខ្លះ​តិច ​ថ្ងៃ​ខ្លះ​ច្រើន​រហូត​ដល់​រយ​នាក់​ ហើយ​កម្លាំង​ជួរ​មុខ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ឈុ​ន​ ម៉ៅ​ មេបញ្ជាការ​រង​យោធភូមិ​ភាគ​៥​ និង​ជា​មេបញ្ជាការ​ទិស​ទី​បន្ទាយ​មាន​ជ័យ​បាន​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ទទួល​ពលករ​ពី​ភាគី​ថៃ​ ដោយ​ការពារ​សុ​ត្ថិ​ភាព​ពួក​គេ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។

តាម​​ប្រភព​ព័ត៌មានខ្លះ​ថា ​មាន​ពលករ​វិល​ត្រឡប់​ពី​ថៃ​តាម​ច្រករបៀង​ខាងលើ​ជាង​១០០​នាក់​គិត​ត្រឹម​ម៉ោង​ជិត​៣​រសៀល​ថ្ងៃ​ទី​៣០​ មីនា​ ឆ្នាំ​២០២០​នេះ​។​ ស្ថានភាព​ក្រោយ​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​ថ្មី​កូ​វីត​១៩ ​ក្រោយ​ស្ថាប័ន​ជំនាញ​រក​ឃើញ​អ្នកមាន​មេរោគ​ថ្មី​កូ​វីដ១៩​ ចំនួន​២​នាក់​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ដែល​ម្នាក់​ជា​ស្ត្រី​បំរើ​ការងារ​នៅ​ខារ៉ាអូខេ​ និង​ម្នាក់ទៀត​​ជា​បុ​គ្គ​លិក​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​អ្នកស្រុក​ហាក់​មានកា​រ​បារ​ម្ភ​អំពី​​ជំងឺ​ឆ្លង​នេះ​កាន់តែ​ខ្លាំង ​ហើយ​ពួក​គាត់​ក៏​កាន់តែ​ពង្រឹង​កា​រ​ប្រុង​ប្រយ័ត្ន​តាម​គ្រួសា​ផង​ដែរ​។​

ជាមួយ​គ្នា​នេះ​ប្រភព​ព័ត៌មានខ្លះទៀត​ថា ​មាន​អ្នក​សង្ស័យ​២២​នាក់​ដែល​២០​នាក់​ជា​បុ​គ្គ​លិក​កាស៊ីណូ​កំពុង​គេ​ដាក់​នៅ​ដោយឡែក​ដើម្បី​តាមដាន​សុខភាព​។​ ចំណែក​​ទិដ្ឋភាព​ទឹកដី​កាស៊ីណូ​ ក្រោយ​ភាគី​ថៃ​បិទ​ច្រក​ថ្មើ​ជើង​លើ​ស្ពាន​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​ ហើយ​បើក​ឲ្យ​ដំណើរកា​តែ​ទ្វារធំ​លើ​ស្ពាន​ព្រំដែនដើម្បី​​ឲ្យ​រថយន្ត​ខ្លួន​ឆ្លង​ទៅ​មក​ដឹក​ទំនិញ ទិដ្ឋភាព​កាស៊ីណូ​ជា​ច្រើន​នៅ​ជាយ​ដែន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ហាក់​ស្ងប់ស្ងាត់​ ព្រោះ​គ្មាន​ភ្ញៀវ​ចូល​លេង​ ។

តាម​​ប្រភព​ពី​បុ​គ្គ​លិក​កា​ស៊ី​ណូ​មួយ​ចំនួន​និយាយ​ថា​ ក្រោយ​ពី​ភាគី​ថៃ​បិទ​អ្នកដំណើរ​ថ្មើ​ជើង​មិន​ឲ្យ​ឆ្លង​ព្រំដែន​ស្ទើរ​គ្រប់​កាស៊ីណូ​បាន​ឲ្យ​បុ​គ្គ​លិ​ក​ផ្អាក​ការងារ​បណ្តោះអាសន្ន​ដូច​គ្នា ​ធ្វើ​ឲ្យ​ពួក​គេ​​ព្រួយ​បារ​ម្ភ​ពី​​បញ្ហា​ជីវិភាព​ផង​ដែរ​ បើ​ស្ថានភាព​​ជំងឺកូវីដ១៩នេះ​​មិន​ថមថយ​ ជា​ពិសេស​ព្រំដែន​នៅ​តែ​បន្ត​ជាប់​គាំង ​ខ​ណៈ​ប្រភព​ខ្លះ​បារ​ម្ភ​​ខ្លាច​ឆ្លង​ជំងឺ បើសិន​កាស៊ីណូ​នៅ​បើក​ដំណើរកា​រ​ ។​ សាកសួរ​តាម​ទូរស័ព្ទ​ពី​ចំនួន​កាស៊ីណូ​នៅ​ជាយ​ដែន​ក្រុង​ប៉ោយ​ប៉ែ​ត ​មន្ត្រី​ជំនាញ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​ពី​មុន​លោក​ដឹង​ត្រឹមតែ​១១​កាស៊ីណូ​ទេ​ ​៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ