រដ្ឋាភិបាល​ចាប់ផ្ដើម​លូកដៃ​អន្តរាគមន៍​​អ្នក​ជំពាក់​ធនាគារ​ពេលកូ​វី​ដ​១៩​ ស្ថិត​ក្នុង​ស្ថានភាព​​តានតឹង


រាជធានី​ភ្នំពេញ ៖ ក្នុង​កាលៈទេសៈ​ដែល​ស្ថានភាព​ជំងឺ​កូ​វី​ដ ១៩ នៅ​តែ​បន្ត​រាលដាល​និង​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​កម្ពុជា និង​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​នីមួយ​ៗ បាន​លូកដៃ​កាន់តែ​ច្រើន​ទៅ​ក្នុង​វិស័យ​ឯកជន ដើម្បី​សុំ​អោយ​វិស័យ​ឯកជន ជួយ​បន្ធូ​បន្ថយ​និង​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ ជាក់ស្ដែង ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ រដ្ឋាភិបាល​កម្ពុជា បាន​លូកដៃ​ចូល​អន្តរាគមន៍​ស្នើ​សុំ​អោយ​គ្រឹះស្ថាន​ទាំងនេះ ជួយ​បន្ធូរបន្ថយ​កម្រិត​ណាមួយ​ដើម្បី​ជួយ​ពលរដ្ឋ​ក្នុង​គ្រា​ដែល​ពលរដ្ឋ​កំពុង​ជួប​ទុក្ខ​លំបាក​បាត់បង់​ចំណូល​កាន់តែ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ មីនា ២០២០ បាន​តម្រូវ​អោយ​គ្រឹះស្ថាន​យកចិត្តទុកដាក់​ជាមួយ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ជាក់ស្ដែង និង​អនុញ្ញាត​ឱ្យ​រៀបចំ​ឥណទាន​ឡើង​វិញ ចំពោះ​វិស័យ​អាទិភាព ដូច​ជាវិស័យ​ទេសចរណ៍ រួម​មាន​សណ្ឋាគារ ផ្ទះសំណាក់​និង​ភោជនីយដ្ឋាន ដោយ​រាប់​បញ្ចូល​ទាំង​ចំណីអាហារ ភេសជ្ជៈ និង​សេវាកម្ម​គាំទ្រ​ផ្សេង​ៗ វិស័យ​កាត់ដេរ ដោយ​បញ្ចូល​ទាំង​កម្មករនិយោជិត វិស័យ​សំណង់​គឺ​ចំពោះតែ​ឥណទាន​សាងសង់​ផ្ទះ​ឬ​ហាង​ដំបូង និង​ឥណទាន​ទិញ​ផ្ទះ​ដំបូង និង​វិស័យ​ដឹក​ជញ្ជូន ដោយ​រាប់​បញ្ចូល​ទាំង​អ្នកបើកបរ​តាក់ស៊ី និង​រ៉ឺ​ម៉ក​កង់​បី​ជាដើម ។

បើ​តាម​លោក​ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​មួយ​រូប​បាន​និយាយ​ថា​លោក​គាំទ្រ​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​ចេញ​សារាចរ​ណែនាំ​អោយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បន្ធូរបន្ថយ​លក្ខខណ្ឌ​កម្ចី និង​ការ​សង​ត្រលប់ ។ យ៉ាងណា​សារាចរ​នេះ​មិន​ទាន់​មាន​លក្ខណៈ​បរិ​យា​ប​ន្ន័ គ្របដណ្តប់​គ្រប់​វិស័យ​នៅឡើយ ពោល​គឺ​មាន​វិសាលភាព​គ្របដណ្តប់​តែ​វិស័យ​អាទិភាព​បួន​ប៉ុណ្ណោះ រួម​មាន (​ទេសចរណ៍ សំណង់ កាត់ដេរ និង​ការ​ដឹក​ជញ្ជូន​)​។​លោក​បាន​បន្ត​ថា ក្នុង​កាលៈទេសៈ​នេះ ធនាគារជាតិ​គប្បី​ពង្រីក​វិសាលភាព​នៃ​សារាចរ​នេះ​អោយ​គ្របដណ្តប់​វិស័យ​ដទៃ​ទៀត​ត្បិត​អី​ផល​ប៉ៈ​ពាល់​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩​នេះ​មាន​ផល​អវិជ្ជមាន​ស្ទើរ​គ្រប់​វិស័យ​ទាំងអស់ ។

​លោក​ង៉ែត ជូ បាន​បន្ត​ថា « ខ្ញុំ​ជឿជាក់​ថា​ប្រសិនបើ​ស្ថានភាព​រីក​រាលដាល​នៃ​កូ​វី​ដ​១៩​នៅ​តែ​បន្ត រដ្ឋាភិបាល​ប្រហែលជា​ត្រូវ​លូកដៃ​អោយ​ជ្រៅ​ជាង​នេះ ។ ឧទាហរណ៍ ដូច​ជា​ការ​ទិញ​ផ្ទះ​បង់​រំលស់​ជាមួយ​បុរី ត្បិត​វិសាលភាព​នៃ​សារាចរ​ខាងលើ​មិន​មានការ​គ្របដណ្តប់​លើ​ផ្នែក​នេះ​ទេ » ។​ពាក់ព័ន្ធ​បញ្ហា​ដែល​កំពុង​ប្រឈម ពី​ឥទ្ធិពល​នៃ​ជំងឺ​កូ​វី​ដ ១៩​នេះ​ដែរ សហជីព​កម្ពុជា​ជា​ច្រើន​បាន​ស្នើ​អោយ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ផង​ដែរ ទៅ​ដល់​កម្មករ​កម្មការិនី រោងចក្រ​ដែល​កំពុង​រង​ផល​ប៉ះពាល់ ពី​ការ​អត់​ការងារ និង​បាត់បង់​ចំណូល​ទាំងស្រុង ។

បើ​តាម​លោក​ប៉ាវ ស៊ី​ណា ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា បានអោយ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​កម្មករ​ប្រមាណ ៣​ម៉ឺន​នាក់​ហើយ​ដែល​បាត់បង់​ការងារ និង​ចំណូល ហើយ​បន្តបន្ទាប់ បើសិនជា​ស្ថានភាព​កាន់តែ​អាក្រក់​ទៀត​នោះ នៅ​ខែ​ក្រោយ​ៗ​នេះ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​នឹង​កាន់តែ​ច្រើន​ៗ​ឡើង ទី​១ ស្ថានភាព​ជំងឺ​កាន់តែ​រាលដាល ធ្វើ​អោយ​រោងចក្រ​ត្រូវ បិទទ្វារ ដើម្បី​ការពារ ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ។ មួយទៀត​នោះ​បណ្ដា​អ្នកបញ្ជា​ទិញ​សំខាន់​ៗ​ដូច​ជា​សហរដ្ឋអាមេរិក និង​ទីផ្សារ​សហភាព​អឺរ៉ុប​ក៏​បាន​ស្នើ​អោយ​ផ្អាក​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​ប្រទេស​ទាំងនោះ​មួយ​រយៈ ដោយសារ​តែ ប្រទេស​ទាំងនោះ ក៏​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វី​ដ ១៩​នេះ​ដែរ ។

គួរ​បញ្ជាក់​គិត​ត្រឹម​ថ្ងៃ​ទី ២៩ មីនា ២០២០ កម្ពុជា​រក​ឃើញ​ករណី​អ្នក​ផ្ទុក​កូ​វី​ដ ១៩ ទូ​ទាំង​ប្រទេស​ចំនួន ១០៣​នាក់​ក្នុង​នោះ មាន​អ្នកជា​សរុប​២១ បូក​ទាំង​ជនជាតិ​ចិន​ម្នាក់​នៅ​កំពង់សោម ។​ចំណែក​ស្ថានភាព​នៅ​លើ​ពិភពលោក​វិញ ឃើញ​ថា​ប្រទេស​សហរដ្ឋអាមេរិក​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​នេះ ច្រើន​ជាងគេ​រហូត​ដល់​ជាង​១២​ម៉ឺន​នាក់​តែ​ប្រទេស​អ៊ី​តា​លី ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ច្រើន​ជាង​រហូត​ដល់​ជាង​១​ម៉ឺន​នាក់ ខណៈ​លើ​ពិភពលោក​មាន​អ្នក​ស្លាប់​សរុប​ចំនួន ជាង​៣​ម៉ឺន​នាក់ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ