ចុះមនុស្សវិញទៅជាយ៉ាងណា! បើឡានខ្ទេចខ្ទីបែបនេះ​


ខេត្តព្រះសីហនុ ៖​ ​កាលពី​​វេលា​ម៉ោង​៩និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មី​នា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែ​ត្រ​លេខ​១៤៩-១៥០ ​ស្ថិត​ក្នុង​ភូមិ​ស្ទឹង​ឆាយ​ខាងជើង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​រវាងរថយន្ត​​ប្រភេទបែន​កង់១០មួយគ្រឿងធ្វើដំណើរ​​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ បាន​​បុកគ្នា​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាកមីតស៊ុយប៊ីស៊ី ក្នុងទិស​ដៅបញ្ច្រាសគ្នា បណ្តាល​ឱ្យ​រថយន្តទាំង២គ្រឿងរងការ​ខូចខាតយ៉ាង​ដំណំ ​និង​​របួសធ្ងន់២នាក់ ​ស្រាល​២នាក់ ។​

ភាគី​​ខាង​រថយន្ត​ប្រភេទ​បែន​កង់​១០មួយគ្រឿង​ ពណ៌​ត្រី​អុី​ ​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 05-3-1968 បើកបរដោយ​​ឈ្មោះ ភួ​ន ភិន ភេទប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ខ្ចាយ ឃុំ​តាំង​ខ្ចា​រ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ​បាន​​រង​របួសធ្ងន់​ និង​ប្រពន្ធ​ឈ្មោះ​ញ៉ែ​ម សា​វ៉ាង អាយុ​៤៥​ឆ្នាំ ​រង​របួសស្រាល​ ។ ចំណែក​ភាកី​ខាង​រថយន្ត​​មួយគ្រឿង​ទៀត​ម៉ាក​មី​ត​ស៊ុ​យ​ប៊ី​សុ​ី ​ព​ណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-២២១៩ ​បើកបរ​ដោយ​​ឈ្មោះ អាន លី​ហៀ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភ្នំពេញ ​រង​របួសស្រាល​ ​និង​អ្នក​រួម​ដំណើរ ​ម្នាក់​ឈ្មោះ ចាន់ ថា​ខឹ​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ប៉ោ​តា​សេក ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ​រង​របួសធ្ងន់​ ។

ក្រោយពេលកើតហេតុ កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២ សហការ​ជាមួយ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា​ចុះទៅ​​ពិនិត្យ​​កន្លែង​ហេតុ និង​ជួយ​សំរួល​សណ្តាប់ធ្នាប់ ហើយ​បាន​​បញ្ជូន​​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល ។ រីឯ​រថយន្ត​ទាំង​២គ្រឿង​ខាងលើត្រូវបាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា​បន្ត​តាម​នីតិ​វិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

ចរាចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ