ជញ្ជីង​យុត្តិធម៌​នឹង​រលាយ​ភ្លាម​បើ​តុលាការ​ប្រព្រឹត្ត​ធម៌​៤


ព្រះពុទ្ធ​ត្រាស់​ថា ធម៌​ទាំង​បួន​ជា​ធម៌​លម្អៀង បើ​ធម៌​នេះ​ណាមួយ​ស្ថិត​នៅ​ក្នុង​ចិត្ត​បុគ្គល​ពិសេស​អ្នកដឹកនាំ​ប្រាកដ​ហើយ មនុស្ស​ដែល​នៅ​ក្រោម​ឱវាទ​ច្បាស់​ជា​ខូច​សាមគ្គីភាព​ជាក់​ជា​មិន​ខាន ។ លើស​ពី​នេះ​ទៀត​បើ​ធម៌​នេះ​កើត​មាននៅ​ក្នុង​ស្ថាប័ន​តុលាការ​វិញ វា​កាន់តែ​ធ្ងន់ធ្ងរ​បំផុត​នឹង​ធ្វើ​ឱ្យ​ជញ្ជីង​អង្គការ​មួយ​នេះ​គ្មាន​យុត្តិធម៌​ជា​ដាច់ខាត ។

តើ​ធម៌​លម្អៀង​នោះ​មាន​សេចក្តី​យ៉ាងណា ? ហេតុ​អ្វី​បានជា​មាន​ឥទ្ធិពល​ដល់​ម្ល៉ឹង ? ខាងក្រោម​នេះ​ជា​ការ​បង្ហាញ​ពី​លក្ខណៈ​របស់​អគតិ​៤​យ៉ាង ៖

១-​ឆន្ទាគតិ លម្អៀង​ព្រោះ​ស្រលាញ់ ដោយសារ​តែ​ការ​ស្រលាញ់​បើ​ទោះជា​ទ​ង្វើ​ខុសឆ្គង​យ៉ាងណា ការងារ​ធ្វើ​មិន​ត្រូវ​យ៉ាងណា មិន​លុះ​ក្នុង​ការ​អប់រំ​យ៉ាងណា​ក៏​នៅ​តែ​ល្អ នៅ​តែ​ស្រលាញ់​ពេញចិត្ត​រហូត ។

២-​ទោសាគតិ លម្អៀង​ព្រោះ​ស្អប់ បើ​ទោះជា​បុគ្គល​នោះ​ប្រឹងប្រែង​ធ្វើការ​យ៉ាងណា ព្យាយាម​ស៊ូទ្រាំ​នឹង​សម្ពាធ​ផ្សេង​ៗ​កម្រិត​ណា​ក៏​គ្មាន​ន័យ​អ្វី​ដែរ ព្រោះ​ចិត្ត​ដែល​ត្រាំ​ដោយ​ការ​សម្អប់​នៅ​តែ​ស្អប់​ដដែល ។

៣-​មោហាគតិ លម្អៀង​ព្រោះ​ល្ងង់ ដោយសារ​តែ​មិនសូវ​យល់​ការ ក៏​ចេះ​តែ​យល់ព្រម ចេះ​តែ​អូ​ខេ​ដោយ​មិន​ខ្វល់​ពី​ការ​កើត​មាន​វិបត្តិ​នៅ​ពេល​ក្រោយ​ឡើយ ។

៤-​ភយាគតិ លម្អៀង​ព្រោះ​ខ្លាច គឺ​ខ្លាច​ចំពោះ​រឿង​ដែល​មិន​គួរ​ខ្លាច​ដូច​ជា ខ្លាច​បុគ្គល​នោះ​ជា​កូនចៅ​អ្នកធំ បុគ្គល​នេះ​ជា​អ្នកមាន​ទ្រព្យ បើ​ទោះជា​ធ្វើ​ក្តី មិន​ធ្វើ​ក្តី ច្រឡើសបើស​ក្តី​ពុំ​ហ៊ាន​ស្តីបន្ទោស​ឱ្យ​ទេ​ចេះ​តែ​ទ្រាំ​ទៅ .

បើ​បុគ្គល​អ្នក​ប្រព្រឹត្ត​យក​ការ​ស្រឡាញ់​, ស្អប់​, ល្ងង់​, ខ្លាច មក​ជា​ត្រីមុខ​យ៉ាងនេះ​ហើយ រមែង​ខូច​យុត្តិធម៌ ជា​ការ​មិនល្អ​ឡើយ ហេតុនេះ​គួរ​លះបង់​ចោល​មិន​គប្បី​ប្រព្រឹត្ត​ជា​ដាច់ខាត ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ