ខេត្តកំពង់ចាម ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គ្រោះអគ្គិភ័យបានឆាបឆេះចេញជាអណ្ដាតភ្លើងក្រហមយ៉ាងច្រើនទៅលើអាកាស បណ្តាលឱ្យរោងចក្រផលិតក្តារបន្ទះមួយកន្លែងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យរងការខូចខាតប្រមាណជាង២ម៉ឺនដុល្លារឯណោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច កាលពីម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៨ មីនា ២០២០ ស្ថិតក្នុងភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿងចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើពេលអស់ជាង៣ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។
បើតាមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ក្រោយពីរូបលោកទទួលព័ត៌មានពីកម្លាំងមូលដ្ឋានមកថា អគ្គិភ័យបានឆាបឆេះរោងចក្រក្តារបន្ទះ ភ្លាមៗនោះលោកបានឲ្យរថយន្តពន្លត់អគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកកំពង់សៀម និងស្នងការដ្ឋាននគរបាលខេត្ត ចេញទៅបាញ់ទឹកពន្លត់មុនគេ ដើម្បីកុំឲ្យភ្លើងឆាបឆេះរាលដាលបង្កជាមហន្តរាយធំ។
លោកស្នងការនគរបាលខេត្ត បានឲ្យដឹងបន្តថា ប្រតិបត្តិការនេះ គឺរូបលោកបានចុះបញ្ជាដោយផ្ទាល់តែម្ដង ហើយក៏ឲ្យរថយន្តនៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្ត ចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្តបន្ទាប់ ។ សរុបរថយន្តដែលប្រើប្រាស់ក្នុងប្រតិបត្តិការនេះគឺមានចំនួន១១គ្រឿង ប្រើប្រាស់ទឹកអស់៣១សឺទែន និងប្រើប្រាស់កម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងផែនសណ្ដាប់ធ្នាប់, អគ្គិភ័យ, កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម សរុបរួម១៥០នាក់ ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ចបានខិតខំពុះពារប្រឹងប្រែងពន្លត់ភ្លើងដោយធ្វើឲ្យយើងគ្រប់គ្រងបាននៅអគ្គិភ័យនេះទាំងស្រុងនៅម៉ោង១និ៣៥នាទីយប់រំលងអធ្រាតឈានចូលព្រឹកថ្ងៃទី៣០ ខែមីនានេះ គឺចំណាយអស់រយៈពេលជាង៣ម៉ោង ។
តាមការសាកសួរព័ត៌មានពីអ្នកបម្រើការងារក្នុងរោងចក្រដើមហេតុនៃអគី្គភ័យ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីត្រង់ចំណុចកន្លែងធ្វើពូកផ្នែកកណ្ដាលនៃផ្ទៃរោងចក្រនោះ ។ ក្រោយពេលបញ្ចប់កិច្ចប្រតិបត្តិការនេះ រូបលោកបានឧបត្ថម្ភជាថវិកា ទឹកសុទ្ធ និងអាហារដល់កងកម្លាំងទាំងអស់ ដែលខិតខំប្រឹងបំពេញភារកិច្ចនេះសរុបចំនួន៤លាន៥សែនរៀលដើម្បីលើកទឹកចិត្តដល់សមត្ថកិច្ចដែលបានពុះពារក្នុងទឹកអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ។ នៅក្នុងហេតុការណ៍នោះមិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។
បើតាមលោកវរសេនីយ៍ឯក ប៉ាន ដន បានឱ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែមីនានេះ ត្រូវបានតំណាងរោងចក្របានបញ្ជាក់ពីទំហំនៃការខូចខាតដោយគ្រោះអគ្គីភ័យខាងលើនេះ មានទំហំប្រមាណជាង២ម៉ឺនដុល្លារឯណោះ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ