ប្រសិនបើឪពុកម្តាយមិនបង្រៀនកូនៗពីមេរៀនសំខាន់ៗក្នុងការកាន់កាប់លុយតាំងពីនៅក្មេងៗទេនោះ ពួកគេអាចនឹងមានភាគរយកច្រើនក្នុងការប្រព្រឹត្តកំហុសឆ្គងពេលដែលពួកគេធំដឹងក្តីឡើង ។ លោកមហាសេដ្ឋី មៃខល យ៉ាដនី (Michael Yardney) ដែលមានអាយុ៦៧ឆ្នាំ បានចែករំលែកមកថា កំហុសឆ្គងធំជាងគេក្នុងនាមជាអាណាព្យាបាល គឺលោកមិនបានបង្រៀនកូនពីមេរៀនលុយសំខាន់ៗដែលលោកមានបទពិសោធន៍ ។ មេរៀនទាំងនោះមានដូចជា ៖
១. មនុស្សត្រូវតែរងចាំសិនមុននឹងទិញអ្វីដែលពួកគេចង់បាន ៖
កូនៗត្រូវតែដឹងថា ប្រសិនបើពួកគេពិតជាចង់បានអ្វីមួយពិតមែន ពួកគេត្រូវរងចាំរហូតពួកគេសន្សំលុយបានគ្រប់សិន ដើម្បីទិញវា ។ ប៉ុន្តែអាណាព្យាបាលតែងតែចង់បានរបស់ល្អៗឲ្យទៅកូនៗប្រើ តែការធ្វើដូច្នេះមានតែបង្រៀនឲ្យកូនឆាប់ឆេវឆាវ និងខ្ជះខ្ជាយនៅថ្ងៃអនាគតប៉ុននោះ។
២. មនុស្សដែលទទួលមរណៈភាពដោយមានសម្ភារៈច្រើនជាងគេមិនមែនជាមនុស្សជោគជ័យទេ ៖
មនុស្សតែងតែចង់បានសម្ភារៈ ហើយវាជាឧបសគ្គក្នុងការសន្សំលុយ ។ ប៉ុន្តែសម្ភារៈមិនអាចធ្វើឲ្យជីវិតរបស់មនុស្សម្នាក់ពោរពេញទៅដោយសុភមង្គលទេ ។ ឪពុកម្តាយគួរតែបង្រៀនកូនឲ្យដឹងថា ទ្រព្យសម្បត្តិពិតប្រាកដមិនឆ្លុះបញ្ចាំងដោយសម្ភារៈមនុស្សម្នាក់មានទេ តែជាអ្វីដែលមនុស្សម្នាក់នៅសល់ពេលដែលពួកគេបាត់បង់លុយ និងសម្ភារៈទាំងអស់ទៅវិញ ។
៣. ផ្តោតស្មារតីលើប្រភពចំណូលអកម្ម ៖
ប្រភពចំណូលមួយចំនួនមានភាពអកម្មដែលខុសពីចំណូលដែលអ្នករកបានពីការងាររបស់អ្នក។ ជាក់ស្តែង អ្នកអាចធ្វើការរាប់ម៉ោងក្នុងមួយថ្ងៃ និងរងចាំប្រាក់ខែ ប៉ុន្តែវាមិនជួយឲ្យអ្នកបង្កើនទ្រព្យសម្បត្តិលឿនទេ ។
ប្រភពចំណូលអកម្មជាអ្វីដែលអ្នកធ្វើការម្តងហើយវានឹងបន្តផ្តល់ចំណូលឲ្យអ្នកម្តងហើយម្តងទៀតរហូត ឧទាហរណ៍ដូចជាការសន្សំលុយទិញផ្ទះ ឬដី មុននឹងជួលវាឲ្យអ្នកដទៃជាដើម ៕ ដកស្រង់ចេញពីវេបសាយ ៖ cnbc (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ