ក្មេងស្រីនៅភូមិភាគអាស៊ីខាងត្បូង ប្រហែល៤៦%រៀបការមុនអាយុ១៨ឆ្នាំ ធ្វើឱ្យភូមិភាគនេះក្លាយជាតំបន់មាន «ក្មេងស្រី» ក្នុងអត្រាខ្ពស់នៅលើពិភពលោកដែលរៀបការមុនអាយុ ផ្ទុយនឹងច្បាប់អន្តរជាតិដែលកំណត់ឱ្យរៀបការក្នុងអាយុចាប់ពី១៨ឆ្នាំឡើង ។របាយការណ៍របស់មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បញ្ជាក់ថា ប្រហែល៤៦% ឬជិតពាក់កណ្តាលនៃក្មេងស្រីនៅភូមិភាគអាស៊ីខាងត្បូង ត្រូវបង្ខំឱ្យរៀបការមុនអាយុ១៨ឆ្នាំ ខណៈពេល១៨% ឬប្រហែល១ភាគ៥នៃកុមារីបានរៀបការមុនអាយុ១៥ឆ្នាំ ។
លោកស្រី Karin Hulshof នាយករបស់ UNICEF ប្រចាំភូមិភាគអាស៊ីខាងត្បូង បញ្ជាក់ថា ក្មេងស្រីរៀបការមុនអាយុនៅអាស៊ីខាងត្បូងមានឫសគល់ពីការពេញនិយមប្រតិបត្តិក្នុងសង្គម រួមទាំងកត្តា ផ្សេងៗទៀតដូចជាភាពក្រីក្រ និងមិនទទួលបានការសិក្សាអប់រំ ។ មូលហេតុមួយទៀតគឺទំនៀមទម្លាប់ឥណ្ឌានៅតំបន់ដាច់ស្រយាល បានលើកតម្កើងបុរសជាងស្ត្រី។ ហេតុដូច្នេះហើយ ទើបមិនមែនជារឿងចម្លែកដែលគ្រួសារឥណ្ឌាភាគច្រើននៅមានជំនឿថា ការសិក្សា និងការអភិវឌ្ឍលើក្មេងស្រីគឺជា «ការវិនិយោគឥតប្រយោជន៍ និងការជំរុញឱ្យក្មេងស្រីចេញពីគ្រួសារដោយ «រៀបការ» ចាត់ទុកថាជាទំនៀមទម្លាប់ដ៏ត្រឹមត្រូវ ។
នៅក្នុងរបាយការណ៍របស់ UNICEF បញ្ជាក់ថា ក្រៅពីឥណ្ឌា ប្រទេសដែលមានក្មេងស្រីរងការបង្ខិតបង្ខំឱ្យរៀបការអាយុក្រោម១៨ឆ្នាំ ក្នុងអត្រាខ្ពស់បន្ទាប់ពីឥណ្ឌា រួមមានប្រទេសនីហ្សេ ឆាដ មា៉លី បង់ក្លាដែស ហ្គីណេ និងអាហ្វ្រិកកណ្តាល ។ ខណៈពេលប្រទេសនីហ្សេ ឆាដ បង់ក្លាដែស ម៉ាលី និងអេត្យូពី ស្ថិតក្នុងចំណាត់ថ្នាក់ប្រទេស ដែលក្មេងស្រីរៀបការក្នុងអាយុក្រោម១៥ឆ្នាំ ខ្ពស់បំផុតនៅលើពិភពលោក ៕
ចែករំលែកព័តមាននេះ