នាយករដ្ឋមន្ត្រីអីុស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ ថ្លែងកាលពីថ្ងៃទី២៩ កញ្ញា ថា ប្រទេសអីុរ៉ង់ មានអាវុធនុយក្លេអែ៊រ នឹងជាការគំរាមកំហែងមួយខ្លាំងចំពោះពិភពលោកជាងការគំរាមកំហែងរបស់ពួកជីហាដនៃក្រុមរដ្ឋអ៊ិស្លាម ដែលដណ្តើមកាន់កាប់ដែនដីមួយផ្នែកធំនៅអីុរា៉ក់ និងនៅស៊ីរីទៅទៀត ។
នៅលើវេទិកាមហាសន្និបាត អ.ស.ប នាយករដ្ឋមន្ត្រីអីុស្រាអែល អះអាងថា ក្រុមរដ្ឋអ៊ិស្លាមត្រូវតែកម្ទេច ក៏ប៉ុន្តែការយកឈ្នះលើអង្គការរដ្ឋអ៊ិស្លាម ហើយទុកឱ្យអីុរ៉ង់ក្លាយជាមហាអំណាចនុយក្លេអែ៊រមួយ នោះគ្រាន់តែជាការឈ្នះការប្រយុទ្ធ តែជាការចាញ់សង្គ្រាម ។ លោកបន្តថា សមត្ថភាពនុយក្លេអែ៊រយោធារបស់អីុរ៉ង់ត្រូវតែកម្ទេចទាំងស្រុង ។
លោក បេនចាមីន នេតាន់យ៉ាហ៊ូ យល់ថា យុទ្ធនាការទាក់ទាញនាពេលថ្មីៗនេះរបស់អីុរ៉ង់ ចំពោះបណ្តាប្រទេសលោកខាងលិចគឺសំដៅឱ្យសម្រេចបានការលុបចោលបណ្តាទណ្ឌកម្មអន្តរជាតិប្រឆាំងខ្លួន និងលុបបំបាត់ចោលបណ្តាឧបសគ្គនៅតាមផ្លូវដើររបស់អីុរ៉ង់ឆ្ពោះទៅរកគ្រាប់បែកនុយក្លេអែ៊រ ។ អ្នកទទួលខុសត្រូវអីុរ៉ង់ជាច្រើននាពេលថ្មីៗនេះ ថ្លែងប្រាប់រ៉យទ័រថា អីុរ៉ង់ត្រៀមរួមសហការជាមួយសហរដ្ឋអាមេរិក និងបណ្តាសម្ព័ន្ធមិត្តក្នុងការតស៊ូប្រឆាំងក្រុមរដ្ឋអ៊ិស្លាម ក៏ប៉ុន្តែទាមទារឱ្យមានការបន្ទន់ឥរិយាបថកាន់តែខ្លាំងមួយពីសំណាក់ប្រទេសទាំងនោះ ទាក់ទិនដល់កម្មវិធីនុយក្លេអែ៊ររបស់ខ្លួន ៕
ចែករំលែកព័តមាននេះ