រដ្ឋបាល​ស្រុក​បើក​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ និង​វិធានការ​ទប់ស្កាត់​ជំងឺ covid19 ដល់​អ្នក​ចំណាកស្រុក និង​អាជីវករ​លក់ដូរ


ខេត្តកំពង់ធំ ៖ រដ្ឋបាល​ស្រុក​សហការ​ជាមួយនឹង​មន្ត្រី​សុខាភិបាល​បើក​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែមីនា​នេះ ទៅ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ ដោយ​សង្កេត​ឃើញ​ថា ករណី​រីក​រាលដាល​នៃ​ជំងឺ covid-19 នៅ​លើ​សកលលោក និង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​តែ​រីក​រាលដាល​ឥត​ឈប់​ឈរ ក៏​ដូច​ជា ការ​អនុវត្ត​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ម្តេច​ក្រលាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្តី​ពី​ការ​ទប់ស្កាត់ និង​វិធានការ​ការពារ ។

លោក ហាក់ ម៉ុង​ហួត អភិបាល និង​ជា​គណ​អភិបាលស្រុក​តាំងគោក​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ និង​អ្នក​ពាក់ព័ន្ធ​ធ្វើ​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ និង​វិធាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​មេរោគ covid-19 បាន​ចាក់​សារ​អប់​រំជា​សំឡេង​តាម​មេក្រូ និង​ចែក​ខិត​បណ្ណ​ស្តី​ពី​ការ​ណែនាំ​ពី​ការ​លាង​សំអាត​ដៃ និង​ការ​ការពារ​ពី​ការ​ឆ្លង​ជំងឺ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​នៅ​ក្នុង​សហគមន៍ ហើយ​មិនតែប៉ុណ្ណោះ​ក៏​មានការ​ចាក់​សារ​ជា​សំឡេង​នៅ​គ្រប់​ភូមិ​ឃុំ និង​គ្រប់​ទី​វត្ត​អារាម​ទាំងអស់​ក្នុងស្រុក​តាំងគោក ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​បងប្អូន​ដែល​ជា​ពលករ​ចំណាកស្រុក​មក​ពី​ប្រទេស​ផ្សេង​ៗ សូម​ធ្វើការ​សហការ​ជាមួយនឹង​អាជ្ញាធរ​ដើម្បី​ទៅ​ពិនិត្យ​សុខភាព​រប​មេរោគ covid19 និង​ការ​រស់នៅ​ដាច់​ដោយឡែក​រយៈពេល 14 ថ្ងៃ ដើម្បី​បង្ការ និង​ចៀសវាង​ការ​ឆ្លង​នៃ​ការ​រីក​រាលដាល​ជម្ងឺ Covid 19 ។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្តកំពង់ធំ​បាន​លើក​ឡើង​ថា ដំណាក់កាល​នេះ អាជ្ញាធរ​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​មិន​អាច​បណ្ដែតបណ្ដោយ ឬ​មិន​ត្រូវ​ទុក​ប្រជាពលរដ្ឋ​ចោល​ដោយ​គ្មាន​ការ​សួរនាំ​តាមដាន​អំពី​សុខភាព​របស់​ពួក​គាត់​នោះ​ឡើយ ពោល គឺ​ត្រូវ​ចេញ​ធ្វើការ​នៅ​តាម​មូលដ្ឋាន​ប្រជាពលរដ្ឋ ពិសេស​ត្រូវ​ជួយ​អន្តរាគមន៍​ភ្លាម ប្រសិនបើ​មាន​ពលរដ្ឋ​ណា​ម្នាក់​មាន​អាការ​ក្ដៅខ្លួន ឬ​សង្ស័យ​អំពី​ជំងឺ Covid-19 ។

លោក​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជា​ពលករ​មក​ពី​ប្រទេស​ថៃ ត្រូវ​ណែនាំ​ឱ្យ​អាជ្ញាធរ​ស្រុក មេឃុំ មេ​ភូមិ ប្រជា​ការពារ យុវជន​តាម​ភូមិ ត្រូវ​រួម​គ្នា​ចុះ​ទៅ​ណែនាំ​ឱ្យ​ពួក​គាត់​អនុវត្ត​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល ដែល​តម្រូវ​ឱ្យ​ពួក​គេ​ទាំងនោះ​ស្នាក់​នៅ​ដាច់​ដោយឡែក​ពី​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​ដទៃ​ចំនួន ១៤​ថ្ងៃ ដើម្បី​តាមដាន​ពី​អាការ​សុខភាព​របស់​សាមីខ្លួន ហើយ​ប្រការ​នេះ​មិនមែន​បិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ គឺ​ដើម្បី​សុខភាព សុវត្ថិភាព និង​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​មូលដ្ឋាន​ផង​ដែរ ។

លោក ថោ​ង ខុន បាន​ណែនាំ​ឱ្យ​បន្ថែម​មេក្រូ​ម៉ូតូ​ចល័ត​ឱ្យ​បាន​ផុសផុល​បន្ថែម​ទៀត ដើម្បី​បញ្ជ្រាប​ពី​ព័ត៌មាន និង​វិធានការ​នានា​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិដ្ឋាន​ឆ្ងាយ​ៗ​បន្ថែម​ទៀត ។ នៅ​ក្នុង​ផ្សារ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ទូទៅ​ឱ្យ​បាន​ត្រឹមត្រូវ ពិសេស​អាជីវករ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស មានទឹក​អាកុល​លាងដៃ​ឱ្យ​បានជា​ប្រចាំ​។ មួយវិញទៀត នៅ​ពេល​ប្រាស្រ័យ​ទាក់ទង​គ្នា​ត្រូវ​ឈរ​នៅ​គម្លាត​ប្រមាណ​ពី ២-៣​ម៉ែត្រ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ