តុល្យការចុងក្រោយរបស់អង្គការសុខភាពពិភពលោក WHO ចេញផ្សាយកាលពីថ្ងៃទី២៧ កញ្ញា លាតត្រដាងថា វីរុសអេបូឡាបានសម្លាប់មនុស្សដល់លើសពី៣.០០០នាក់ហើយ គឺជិតពាក់កណ្តាលនៃអ្នកឆ្លងវីរុសនេះចំនួនប្រមាណជា៦.៥០០នាក់ ។
យោងតាមតុល្យការនេះគិតត្រឹមថ្ងៃទី២៣ កញ្ញាថា សរុបមនុស្ស៣.០៩៣នាក់ស្លាប់ក្នុងចំណោមអ្នកជំងឺអេបូឡា៦.៥៧៤នាក់ ដែលជំរឿនឃើញក្នុងប្រទេសអាហ្វ្រិកខាងលិច៥។ តុល្យការលើកមុនចុះកាលបរិច្ឆេទថ្ងៃទី២១ កញ្ញា រៀបរាប់ពីមនុស្សស្លាប់២.៩១៧នាក់ក្នុងចំណោមអ្នកឆ្លងវីរុសអេបូឡា៦.២៦៣នាក់ ។ ជំងឺនេះមានអត្រាអ្នកស្លាប់ប្រមាណជា៧០% ។
ការចេញផ្សាយតុល្យការថ្មីនេះធ្វើឡើងខណៈប្រទេសសេណាហ្គាល់បានបើកច្រកអាកាសមនុស្សធម៌មួយសម្រាប់ការបញ្ជូនជំនួយមកកាន់ប្រទេស៣ ដែលរងការប៉ះពាល់ខ្លាំងជាងគេក្រោយពីបិទព្រំដែនរបស់ខ្លួនកាលពីថ្ងៃទី២១ សីហា ។
កាលពីថ្ងៃទី១ កញ្ញា ប្រទេសកូតឌីវ័រដែលពុំទាន់រងការប៉ះពាល់ដោយវីរុសអេបូឡានោះធ្លាប់ប្រកាសពីការបើកច្រកមនុស្សធម៌ជាមួយប្រទេសហ្គីណេ និងលីបេរីយ៉ា តែដោយនៅរក្សាទុកការបិទព្រំដែនជាមួយប្រទេសទាំងពីរនេះ ៕
ចែករំលែកព័តមាននេះ