បុរស​ម្នាក់​ខ្លាច​ជ្រូក​ម្រាមជើង​5 នាំ​ចង្រៃ ក៏​យក​ដាក់​វត្ត (​វី​ដេ​អូ​)


ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជ្រូក​មេ​មួយ​ក្បាលមាន​ម្រាមជើង​៥ ទម្ងន់​83​គីឡូ ត្រូវ​បាន​បុរស​ម្នាក់​ភូមិ​ដើម​ចំរៀក ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស បាន​យក​មក​ដាក់​នៅ​ក្នុង​វត្ត​ដំណាក់​ត្រ​យឹ​ង រហូត​មក​ដល់​បច្ចុប្បន្ន​ថ្ងៃ​ទី​22 ខែមីនា ឆ្នាំ​2020​នេះ គឺ​៣​ឆ្នាំ​មក​ហើយ ហើយ​ជ្រូក​នេះ​មាន​ទម្ងន់​២២០​គីឡូក្រាម ព្រោះតែ​មានការ​ជួយ​ជ្រោមជ្រែង​ពី​ដូនជី និង​ព្រះសង្ឃ​ក្នុង​វត្ត​ដំណាក់​ត្រ​យឹ​ង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស​។

បើ​តាម​ព្រះសង្ឃ​មួយ​អង្គ​មាន​ព្រះ​នាម អៀន ម៉ា​ប់ ព្រះ​ជន្ម​29​ឆ្នាំ ជា​ចៅអធិការ​វត្ត​ដំណាក់​ត្រ​យឹ​ង មាន​សង្ឃដីកា​ថា ជ្រូក​មួយ​ក្បាល​ដែល​គេ​យក​មក​ដាក់​ក្នុង​វត្ត​នេះ គឺ​មាន​ដូនជី​ជា​អ្នក​ថែ​មើល និង​ដាក់​បាយ​ឱ្យ​វា​ស៊ី​។ ហើយ​ជ្រូក​នេះ បើ​គិត​តាំងពី​គេ​យក​មក​ដាក់​ចោល​ក្នុង​វត្ត​រហូត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​3​ឆ្នាំទៅ​ហើយ ហើយ​មក​ដល់​ពេល​នេះ​វា​មាន​ទម្ងន់​រហូត​ដល់​ទៅ​220​គីឡូក្រាម​ឯណោះ​។

ព្រះ​អង្គ​មាន​សង្ឃដីកា​បន្ត​ថា ពលរដ្ឋ​គាត់​មាន​ជំនឿ​ថា ជ្រូក​ម្រាមជើង​5 នាំ​ចង្រៃ រកស៊ី​មិន​បាន ទើប​ពួក​គាត់​ភ័យ​ខ្លាច ក៏​នាំ​គ្នា​យក​ជ្រូក​ដែល​គ្រាន់តែ​ដុះ​ក្ដៀង​ជើង​5 យក​ទៅ​ដាក់​វត្ត​។ បន្ទាប់​ពី​យក​ជ្រូក​មក​ដាក់​វត្ត ព្រះសង្ឃ​ក្នុង​វត្ត​សុខ​ស​ប្យា​យ​គ្រប់ពេលវេលា ហើយ​បើ​តាម​ពិត​ទៅ​ជ្រូក​នេះ​មិន​ចង្រៃ​នោះ​ទេ មក​ពី​មនុស្ស​ជា​ផ្ដើម​ចេញ​ឱ្យ​មានរឿង​ប៉ុណ្ណោះ​។

រីឯ​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ ខុ​ម បញ្ញា អាយុ​31​ឆ្នាំ នៅ​ភូមិ​ដើម​ចំរៀក ឃុំ​ស្ដេច​គង់​ខាងលិច ជា​អ្នក​ដើរ​ទិញ​ជ្រូក​កាប់ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​25 ខែមីនា​នេះ​ថា ជ្រូក​មេ​មួយ​ក្បាល​ដែល​ខ្លួន​យក​ទៅ​ដាក់​ក្នុង​វត្ត​នេះ គឺ​មាន​ទម្ងន់​83​គឺ​ឡូ​ក្រាម​។ ហើយ​មុន​ពេល​លោក​យក​ជ្រូក​ទៅ​ដាក់​វត្ត គឺ​លោក​បាន​ទិញ​បន្ត​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ដែរ​។

បុរស​រូប​នេះ​បន្ត​ថា ទាល់តែ​ទិញ​ហើយ ទើប​ពិនិត្យ​មើលឃើញ​ថា ជ្រូក​មាន​ដុះ​ម្រាមជើង​5 ទើប​ភ្ញាក់ផ្អើល ហើយ​ភ្លាម​ៗ​នោះ​ក៏​បាន​ដឹក​យក​ទៅ​ដាក់​ក្នុង​វត្ត​តែ​ម្តង​។ បុរស​រូប​នេះ​បញ្ជាក់​ថា ខ្លាច​ហើយ​រឿង​ជ្រូក​ម្រាមជើង​5 បើ​ហ៊ាន​តែ​កាប់​នោះ អាច​នឹង​មានរឿង​រ៉ាវ និង​ខាតបង់​អ្វីមួយ​មិន​ខាន​។ បន្ទាប់​ពី​យក​ជ្រូក​នោះ​ទៅ​ដាក់​ក្នុង​វត្ត​រួច រូប​គាត់​ក៏​បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត ដើម្បី​រំដោះ​គ្រោះ​​ទៀត​ផង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ