ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរខេត្តបានសម្រេចយកទីតាំងចំនួន២កន្លែងបន្ថែមទៀត សម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ សរុបទាំងអស់មានទីតាំងចំនួន៣កន្លែង ដោយមន្ទីរសុខាភិបាលខេត្តរើសយក ទីតាំងទី១-អគារមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តស្ទឹងត្រែង មានចំនួន៣០បន្ទប់, ទីតាំងទី២-សណ្ឋាគាសេកុង ស្តា មានចំនួន៣៣បន្ទប់ និងទីតាំងទី៣-សាលាពេទ្យភូមិភាគខេត្តស្ទឹងត្រែងមានចំនួន១២បន្ទប់ ។
![Picture]()
លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថា ទីតាំងទាំងអស់ខាងលើកំពុងតែបំពាក់បរិក្ខារពេទ្យឱ្យរួចរាល់ និងបានឆាប់បំផុត ព្រោះស្ថិតិពលករត្រឡប់មកពីបរទេសមានចំនួនជាង២០នាក់ហើយគិតត្រឹមថ្ងៃទី២៤ ខែមិនា ហើយបាននាំមកពិនិត្យសុខភាពនៅមន្ទីរពេទ្យចំនួន៥នាក់។
![Picture]()
លោក ម៉ុម សារឿន អភិបាលខេត្តបានបញ្ជាក់ថា ក្នុងករណីសង្ស័យ គឺមិនឱ្យយកអ្នកសង្ស័យទៅមន្ទីរពេទ្យឡើយ ដោយឱ្យពួកគាត់មកសំរាកពិនិត្យនៅទីតាំងទាំង៣ ដាច់ដោយឡែក ដើម្បីចៀសវាងកុំឱ្យមានការចម្លងដល់អ្នកជំងឺទូទៅនៅឯមន្ទីរពេទ្យបង្អែកខេត្ត។
![Picture]()
លោកអភិបាលនៃគណៈអភិបាលខេត្តបន្ថែមថា ខណៈពេលមានករណីសង្ស័យ ត្រូវដឹកបញ្ជូនមកទីតាំងទាំង៣ ហើយត្រូវមាននគរបាល ឬកងរាជអាវុធហត្ថការពារជុំវិញបរិវេណនៃទីតាំងទាំង៣ ដើម្បីកុំឱ្យអ្នកមកសំរាកពិនិត្យសុខភាពចេញចូល ងាយចម្លងដល់អ្នកដទៃ ខណៈចេញពីបរិវេណទីតាំងពិនិត្យ ថែទាំ និងព្យាបាលជំងឺ។
![Picture]()
គូរបញ្ជាក់ថា រហូតមកដល់ម៉ោង១០យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ សរុបចំនួន៣នាក់បន្ថែមទៀត (ពេលព្រឹក២ករណី និងយប់១ករណី) សរុបអ្នកផ្ទុកវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៨៧នាក់ហើយ ៕ (កែសម្រួលដោយ ៖ ធីតា)
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ