ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោកម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បញ្ជាឲ្យមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងសហការជាមួយគោលដៅនគរបាលចរាចរណ៍ផ្លូវគោកចំនួន៣គោលដៅក្នុងខេត្តស្ទឹងត្រែង ដើម្បីត្រួតពិនិត្យនិងណែនាំប្រជាពលរដ្ឋធ្វើដំណើរតាមរថយន្ត ឱ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមករណីសង្ស័យឆ្លងជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើងជាសកល បន្ទាប់ពីក្រសួងសុខាភិបាលបានអះអាងថានៅកម្ពុជាមានអ្នកផ្ទុកជំងឺប្រភេទនេះចំនួន៨៧ករណីហើយ។
លោកវេជ្ជបណ្ឌិតទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល និងប្រធានអន្តរាគមន៍ផ្នែកជំងឺឆ្លងបានទទួលស្គាល់ថា មកទល់នឹងថ្ងៃនេះករណីសង្ស័យឆ្លងជំងឺកូវីដ-១៩នេះបានរកឃើញនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែលតម្រូវឱ្យប្រជាពលរដ្ឋរួមគ្នាបង្កើនការប្រុងប្រយ័ត្នបន្ថែម។
លោកវេជ្ជបណ្ឌិតអំពាវនាវឱ្យបងប្អូនយកចិត្តទុកដាក់ធ្វើអនាម័យជាពិសេសក្នុងគ្រួសារ បើមានសមាជិកណាមួយមានការអាការៈក្តៅខ្លួន សួមកុំអល់អែកត្រូវរួសរាន់ទៅរកសេវាសុខាភិបាលជាបន្ទាន់ ជាពិសេសអ្នកមានបងប្អូនដែលធ្វើដំណើរមកពីបណ្តាប្រទេសនានាដូចជាថៃ និងម៉ាឡេស៊ីជាដើម។
លោក កែវ ខេម រិន្ទ មន្ត្រីសុខាភិបាលបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមរថយន្តក្តី តាមម៉ូតូក្តី យើងសង្កេតឃើញថា ពួកគាត់មានការប្រុងប្រយ័ត្នច្រើន ព្រោះពួកគាត់មានពាក់មាស់គ្រប់គ្នា ហើយមន្ត្រីយើងបានប្រើឧបករណ៍វាស់កម្តៅ មានស្ថានភាពធម្មតា។
លោកបានពន្យល់បន្ថែមថា បើបងប្អូនមានញាតិមិត្ត ឬក្រុមគ្រួសារមកពីប្រទេសថៃឬប្រទេសម៉ាឡេស៊ី សូមកុំមានភាពស្នីទស្នាលជាមួយគ្នា ត្រូវមកជួបជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពិនិត្យ ឬវាស់កម្តៅ ឬក៏ត្រូឱ្យនៅដាច់ដោយឡែកពីគ្នាចំនួន១៤ថ្ងៃសិន។
លោកបន្តថា បើបងប្អូនមានអការៈដូចជា ក្តៅខ្លួន, ក្រហមមុខមាត់, ភ្នែកមមី, ក្អក, កណ្តាស់, ហៀរសំបោរ, ឈឺក្បាល, ក្តៅខ្លួន និងឈឺបំពង់ក ត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យឱ្យបានឆាប់បំផុត។
លោក មាន សាន បានបន្តថា ប្រជាពលរដ្ឋមកពីភូមិកា៥ ស្រុកស្នួល ខេត្តក្រចេះបានគាំទ្រចំពោះការត្រួតពិនិត្យរបស់មន្ត្រីសុខាភិបាល ព្រោះនេះជាវិធានការមួយ ដែលយើងបានរួមគ្នាការពារប្រសើរជាងការព្យាបាលនូវជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ បង្កឡើងដោយវីរុសកូវីដ-១៩ ដូច្នេះបងប្អូនប្រជាពលរដ្ឋបានលើកកំពស់ប្រុងប្រយ័ត្នហើយ ។
សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែងមន្ត្រីសុខាភិបាលបានរៀបចំគោលដៅត្រួតពិនិត្យចំនួន៣កន្លែងផ្សេងគ្នាគឺ ទី១-នៅចំណុចអូរពងមាន់ តាមផ្លូវជាតិលេខ៧ ទី២-នៅចំណុចវាលរំពេរផ្លូវជាតិលេខ៧៨ និងទី៣-នៅចំណុចឃុំសំអាងផ្លូវជាតិលេខ០៩ ក្នុងស្រុកថាឡាបរិវ៉ាត់៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ