រាជធានីភ្នំពេញ ៖ ទំនាស់ដីធ្លីទំហំជាង៦ហិកតា រវាងប្រជាពលរដ្ឋ១២០គ្រួសារ ជាមួយនឹងគ្រួសារអ្នកស្រី ហួត សារុំ បានអូសបន្លាយពេលជាង១០ឆ្នាំមកហើយ ដែលកាលពីសប្តាហ៍មុន កម្លាំងសមត្ថកិច្ចចម្រុះ១ក្រុមរបស់ខណ្ឌពោធិ៍សែនជ័យចុះអនុវត្ត (ស.ជ.ណ) ប៉ុន្តែមិនបានសម្រេចទេ ។ ពេលនេះកម្លាំងសមត្ថកិច្ចចម្រុះខាងលើ បានចុះទៅអនុវត្តជាថ្មីម្ដងទៀត និងចាត់ទុកថាជាលើកចុងក្រោយ ដោយអនុវត្តបានសម្រេចជោគជ័យ តាមខ្លឹមសារលិខិត (ស.ជ.ណ) បើទោះបីជាមាន មានការប្រឈមមុខគ្នាយ៉ាងតឹងតែងរវាងភាគីទំនាស់ទាំង២ រហូតមានការវាយតប់គ្នាកើតឡើងក្ដី ។
ប៉ុន្តែត្រូវសមត្ថកិច្ចទប់ស្កាត់បាន មិនឱ្យមានហិង្សាដាក់គ្នាបន្ត ព្រមទាំងបានអនុវត្តរហូតដល់ចប់សព្វគ្រប់ ។ ការចុះអនុវត្ត (ស.ជ.ណ) នោះធ្វើឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៨ កញ្ញា ដែលដីទំនាស់ដ៏រ៉ាំរ៉ៃនេះ មានទីតាំងនៅក្នុងភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ អាជ្ញាធរបានឱ្យដឹងថា ដីទំនាស់នេះមានទំហំជាង៦ហិកតា ជាប្រភេទដីស្រែ ។ ទំនាស់បានកើតឡើងដោយអូសបន្លាយជាង១០ឆ្នាំមកហើយ រវាងគ្រួសារអ្នកស្រី ហួត សារុំ ជាមួយប្រជាពលរដ្ឋចំនួន១២០គ្រួសារ ដែលគូទំនាស់ទាំង២ភាគី នោះគឺជាអ្នករស់នៅក្នុងភូមិជាមួយគ្នា ។ ពេលនេះកម្លាំងសមត្ថកិច្ចចម្រុះ បានចុះអនុវត្តលិខិតជូនដំណឹង លេខ៥៦២ (ស.ជ.ណ) ចុះថ្ងៃទី២៨ មីនា ឆ្នាំ២០១៣ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដោយសម្រេចកាត់ដី ១ហិកតាក្នុងចំណោមដីទាំង៦ហិកតានោះទៅឱ្យអ្នកស្រីហួត សារុំ ។ ចំណែកដីនៅសល់ពីនេះ ចំនួនជាង៥ហិកតាទៀត គឺជាកម្មសិទ្ធិរួមរបស់ប្រជាពលរដ្ឋទាំង១២០គ្រួសារ ។
ប្រភពដដែលបានបន្តថា ខណៈនោះកម្លាំងបាននាំគ្រឿងចក្រ និងសម្ភារមួយចំនួនទៅជាមួយ ដូចជាបង្គោលឈើ និងដែកឆ្អឹងសសរសម្រាប់ចាក់បេតុងបោះបង្គោលព្រំដីដែលបានបែងចែកនៅក្នុងខ្លឹមសារលិខិត (ស.ជ.ណ) នោះ ។ ពេលនោះ គេសង្កេតឃើញអ្នកស្រី ហួត សារុំ និងក្រុមគ្រួសាររបស់គាត់ បានជំទាស់មិនឱ្យវាស់វែង និងបោះបង្គោលព្រំដីឡើយ និងបានរើសម្ភារមួយចំនួនដែលសមត្ថកិច្ចដឹកទៅនោះបោះចោលទៀតផង ។ ដោយសារតែបែបនេះ ទើបបង្កឱ្យមានការប៉ះទង្គិចគ្នាជាមួយប្រជា ពលរដ្ឋទាំង១២០គ្រួសារ រហូតមានការវាយតប់គ្នាកើតឡើង ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចម្រុះទប់ស្កាត់ ឱ្យស្ងប់ស្ងាត់ទៅវិញ ។ មិនតែប៉ុណ្ណោះមេធាវីម្នាក់របស់អ្នកស្រី ហួត សារុំ ក៏ស្ពឹកមុខដែរ ដោយសារប្រជាពលរដ្ឋព្រួតគ្នាជេរ ព្រោះខឹងមេធាវីម្នាក់នោះដៀលពលរដ្ឋទាំង១២០គ្រួសារថា ពុករលួយ ។
ប្រភពដដែលបន្តថា ខណៈនោះអ្នកស្រី ហួត សារុំ និងក្រុមគ្រួសារ បានប្រមូលសម្បកកង់រថយន្ត និងកង់ម៉ូតូចាស់ៗពេញមួយរថយន្ត ត្រៀមដុតប្រឆាំងការអនុវត្តលិខិត (ស.ជ.ណ) ដូចលើកមុនទៀត ប៉ុន្តែដុតបានតែបន្តិចប៉ុណ្ណោះ ក៏ត្រូវកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ប្រមូលទម្លាក់ចូលទៅក្នុងទឹករណ្ដៅមួយ និងពន្លត់ភ្លើងដែលបានដុតនោះ ។ ដោយឡែក ក្រុមមន្ត្រីយោធាដែលធ្លាប់ទៅរំខានការអនុវត្តកាលពីសប្ដាហ៍មុននោះ ក៏មិនឃើញមកទៀតដែរ ហើយការអនុវត្តលើកនេះ ទោះបីជាមានការរារាំងពីអ្នកស្រី ហួត សារុំ និងក្រុមគ្រួសារយ៉ាងណាក្ដី ក៏នៅតែធ្វើរហូតដល់ចប់សព្វគ្រប់ ដោយមិនមានការចាប់ខ្លួនបុគ្គលណាម្នាក់ឡើយ ។
គួរបញ្ជាក់ដែរថា ដីទំនាស់ខាងលើត្រូវបានប្រជាពលរដ្ឋទាំង១២០គ្រួសារ និយាយថា ជាដីរួមរបស់ក្រុមសាមគ្គី សម្រាប់ពួកគាត់ទាំងអស់គ្នា រាប់ទាំងអ្នកស្រី ហួត សារុំ ដែរ ប៉ុន្តែមុនពេលទំនាស់កើតឡើង អ្នកស្រី ហួត សារុំ បានខ្ចីដីនេះបង្កបង្កើនផលមួយរយៈប៉ុណ្ណោះ ។ លុះក្រោយមក ស្រាប់តែថាជាកម្មសិទ្ធិរបស់ខ្លួនទាំងអស់ ដែលមានចំនួនជាង៦ហិកតា ដោយមិនប្រគល់មកដាក់រួមវិញទេ ទើបមានទំនាស់រហូតប្តឹងផ្តល់គ្នាមកដល់សព្វថ្ងៃ ៕







ចែករំលែកព័តមាននេះ